បែកធ្លាយ​! រឿង​លោក ហាស់ វិបុល​ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​ ត្រូវ​មន្ត្រី​ក្រោម​ឱវាទ​ចំនួន១៩រូបប្ដឹង​ទៅរដ្ឋមន្រ្តីក្រសួងបរិស្ថាន​ ចំនួន៥​ ចំណុចសំខាន់ៗ​ពាក់ព័ន្ធ​ និងការដឹកនាំរបស់លោក

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី៖​ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​ ដែលត្រូវ​មន្ត្រី​ក្រោម​ឱវាទ​ចំនួន១៩រូប​ ប្ដឹង​ទៅរដ្ឋមន្រ្តីក្រសួងបរិស្ថាន​ មានចំនួន៥​ ចំណុចសំខាន់ៗ​ បន្ទាប់ពី​លោកបាន​បំពេញ​តួនាទី​ការងារ​ ផ្ទុយពី​នីតិវិធី​ច្បាប់សហលក្ខន្ដិក មន្ត្រីរាជការស៊ីវិល​ នៃក្រមបរិស្ថាន។

ជាក់ស្ដែងនៅក្នុងពាក្យបណ្ដឹងបស់​មន្ត្រី​ក្រោម​ឱវាទ​ចំនួន​ ១៩រូប​ ដាក់ទៅកាន់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដេីម្បី​ប្ដឹងលោក​ ហាស់ វិបុល​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​​ មានចំនួន​ ២ទំព័រ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ​ មានដូចខាងក្រោម​៖

*ទី១៖ មានការបែងចែកតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំមន្ទីរ នាំឱ្យមានការថ្នាំងថ្នាក់ពីថ្នាក់ដឹកនាំ ដោយសារតែលោក ឌិន ប៊ុនធឿន​ អនុប្រធានមន្ទីរ ១រូប ត្រូវទទួលបន្ទុកដឹកនាំដែនជម្រកសត្វព្រៃ ចំនួនប្រាំដែន ហើយថែមទាំងដឹកនាំការិយាល័យចំណេះដឹងបន្ថែមទៀត។ ក្រោយពីបានទទួលសិទ្ធិជាអនុប្រធានមន្ទីរ ទទួលបន្ទុកដែនជម្រក រួចមកលោក អនុប្រធានមន្ទីរ បានធ្វើការដោះដូរដាក់មន្ត្រីតាមទំនើងចិត្តដោយមិនមានកិច្ចប្រជុំឆ្លងយោបល់ពី ប្រធានការិយាល័យដែននោះទេ។ ការដឹកនាំបែបនេះ ជាការរំលោភបំពានសិទ្ធិអំណាចរបស់ ការិយាល័យរដ្ឋបាលធនធានមនុស្ស និងហិរញ្ញវត្ថុ។

*ទី២៖ លោកប្រធានមន្ទីរធ្វើសំណើទៅរដ្ឋបាលខេត្តស្នើសុំផ្លាស់ប្ដូរមន្ត្រីពីការិយាល័យមួយទៅ ការិយាល័យមួយទាំងដែលមិនបានប្រជុំវាយតម្លៃពីថ្នាក់ដឹកនាំមន្ទីរ ទាំងដែលគាត់មិនទាន់បានស្គាល់ឈ្មោះ និងស្គាល់មន្ត្រីអស់ផង ដោយមិនស្របតាមនីតិវិធីដែលផ្ទុយពីគោលការវិភាគមុខងាររបស់ ក្រសួងបរិស្ថាន និងក្រសួងមុខងារសាធារណៈ ជាក់ស្ដែងដូចជា ករណីដកលោក ញឹម វណ្ណៈ ពីអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំពេ្រច លំផាត់ ឱ្យមកបម្រើការងារជាអនុប្រធានការិយាល័យគាំពារបរិស្ថានវិញ។

*ទី៣៖ការដឹកនាំបែបចាប់កំហុសមន្ត្រីដូចជា ការចុះទៅតាមដែននីមួយៗលបទៅដោយមិនបានប្រាប់មន្ត្រី ឬ ប្រធានការិយាល័យដែន ដើម្បីឱ្យមានការចូលរួមជាក់ស្ដែងពេលគាត់ចុះ ដែនស្រែពក បានជួបក្រុមហ៊ុនឃុនយ័ន្ត កំពុងសិក្សារុករករ៉ែមាសដែលជាក្រុមហ៊ុនមានច្បាប់។ ប្រធានមន្ទីរប្រើពាក្យថា ចុះពិនិត្យទីតាំងរ៉ែមាស អនាធិបតេយ្យ ដោយមិនបានសួរនាំព័ត៌មានពីមន្ត្រី ការិយាល័យស្រែពកណាមលៀរ ថា ក្រុមហ៊ុននោះមានច្បាប់ ឬអត់ច្បាប់ ការដឹកនាំរបៀបនេះ ហាក់បីដូចជាមន្ត្រីតាមការិយាល័យដែន នីមួយៗមិនចង់សហការជាមួយគាត់។

*ទី៤៖​ ការអនុវត្តច្បាប់មិនស្របតាម ក្រមបរិស្ថាន ជាក់ស្ដែងមានការដោះលែងជនសង្ស័យចំនួន២នាក់ និងរថយន្តសាំយ៉ុងចំនួន១គ្រឿងពាក់ព័ន្ធនឹងការដឹកជញ្ជូនសត្វព្រៃ ( សត្វពង្រូល )។

*ទី៥៖​ ការប្រើប្រាស់មន្ត្រីមិនស្របទៅតាម ច្បាប់សហលក្ខន្ដិក មន្ត្រីរាជការស៊ីវិល ដោយមានបុគ្គលម្នាក់ពាក់ឯកសណ្ឋានមន្ត្រីឧទ្យានុរក្ស ដើរធ្វើការជាមួយមន្ត្រី ឧទ្យានុរក្ស នៅក្នុង ខែត្រមណ្ឌលគិរី ដែលមិនមែនជា មន្ត្រីឧទ្យានុរក្សក្របខណ្ឌ របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

ជុំវិញ​ករណី​ខាងលើ​នេះ​ លោក​ ហាស់ វិបុល​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានប្រាប់អង្គភាព​កាសែតនគរវត្ត​ និងនគរដ្រេហ្គន​ តាមប្រព័ន្ធ​បណ្ដាញសង្គម​តេឡេ​ក្រាម​របស់​លោក​ផ្ទាល់ យ៉ាងដូច្នេះ​ថា៖​ “ប្រសិនបើមន្រ្តីណាមានកំហុសនោះ ក្រសួងនិងចាត់វិធានការទៅតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការ។ យូរថ្ងៃហើយមិនបានឆ្លើយតបទៅនរណាម្នាក់ទេ ទុកជូនថ្នាក់នាំខេត្ត និងក្រសួងពិនិត្យសម្រេច។​ ដោយមានការទទូចស្នើសុំពីលោកប្អូននោះ និងព្យាយាមសរសេរយ៉ាងវែង(លើកទី១) ខ្ញុំបាទសាកល្បងជូនចម្លើយ និងប្រកបដោយវិជ្ជាវៈបន្តិចបន្តួចជូនលោកប្អូន ដូចខាងក្រោម។​ ដោយក្តីគោរាប់អានបំផុត🙏🙏🙏”

ជាមួយគ្នានេះ​ លោក​ ខៃ​ អាទិត្យា​ អ្នកនាំពាក្យក្រសួងបរិស្ថាន នៅរសៀល​ថ្ងៃ​នេះដែរ​ អង្គភាពយើង​ ក៏បានធ្វើការ​ទំនាក់ទំនង​តាមប្រព័ន្ធ​បណ្ដាញសង្គម​តេឡេ​ក្រាម​ផ្ទាល់​ ដេីម្បី​សុំបំភ្លឺជុំវិញ​ករណី​ខាងលើ​នេះ​ “គាត់បានចូលមើល ប៉ុន្តែ​គ្មានការឆ្លើយតប”ដូចគ្នា។

គួររម្លឹកផងដែរថា​ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ​ លោក ហាស់ វិបុល កាលនៅជា អនុប្រធានមន្ទីរ ខេត្តក្រចេះ ត្រូវបានលោក វ៉ា ថន អភិបាល ខេត្តក្រចេះ ធ្វើលិខិតស្នើសុំដកចេញពី នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ ឱ្យមកបម្រើការងារនៅមន្ទីរបរិស្ថានខេត្តក្រចេះវិញ ក៏ព្រោះតែរឿងដឹកជញ្ជូនឈើចេញពីព្រៃឡង់ឥតឈប់ឈរ។

សូមជម្រាបថា​ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទើបឡើងកាន់តំណែងថ្មី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ តាមរយៈអនុក្រឹត្យ លេខ៦២ / អនក្រ. តត។ ប៉ុន្តែការឡើងធ្វើប្រធានមន្ទីរបរិស្ថានថ្មីនេះ ក៏មានប្រតិកម្មប្ដឹងតវ៉ាទៅដល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាសាម៉ីអង្គភាពនោះទំនងជាធ្វើឱ្យខូចផលប្រយោជន៍បុគ្គល៕

...

ដោយ​៖​ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print