អភិបាលស្រុកបរិបូរណ៌ ចែករំលែកបទពិសោធ និងលទ្ធផលសេវាច្រកចេញចូលតែមួយជូនពលរដ្ឋមូលដ្ឋានដីគោក និងលិចទឹក!

ចែករំលែក៖

ភ្នំពេញ ៖ លោក ចេង ចាន់ដូណា អភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ បានចែករំលែកបទពិសោធនិងការអនុវត្តប្រកបដោយភាពបត់បែនសម្រាប់ការផ្ដល់សេវាច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងមូលដ្ឋានដីគោក និងលិចទឹក។ ថ្លែងប្រាប់មន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកអភិបាលស្រុកបរិបូរណ៌ បញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលស្រុកបានផ្តល់សេវាច្រកចេញចូលតែមួយជូនពលរដ្ឋសរុបចំនួន១៤៧.៦៤៧ សេវា និងទទួលបានចំណូល ៩.៤២៧.០០០រៀល។

បើតាមលោកអភិបាលស្រុក មូលដ្ឋានឃុំដែលស្ថិតក្នុងតំបន់ជនលិចទឹក រួមមានឃុំកំពង់ព្រះគគីរ និងឃុំឆ្នុកទ្រូ និងមូលដ្ឋានឃុំដែលនៅឆ្ងាយៗជាងគេពីសាលាស្រុក គឺលោកបានដាក់គោលការណ៍ណែនាំឱ្យមន្រ្តីអនុវត្តការងារផ្ដល់សេវាប្រកបដោយភាពបត់បែន និងសម្រួលឱ្យបានកាន់តែងាយជូនពលរដ្ឋ។ លោក ចេង ចាន់ដូណា ថ្លែងទៀតថា «សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ឆ្ងាយៗគឺយើងតែងតែស្នើសុំការយោគយល់ពីប្រជាពលរដ្ឋដែលនៅតំបន់ជិតៗ ដោយយើងបានផ្តល់អាទិភាពក្នុងការផ្តល់សេវាឱ្យពលរដ្ឋនៅតំបន់ឆ្ងាយៗមុន ហើយករណីភាគច្រើន យើងក៏ពន្លឿនការផ្ដល់សេវានោះឱ្យបានមុនពេលកំណត់ដែរ ដើម្បីកុំឱ្យពួកគាត់ពិបាកឡើងចុះច្រើនដង»។

នៅតំបន់ឆ្ងាយៗ ឬតំបន់លិចទឹកខ្លះក៏ពិតមែន តែបើតាមលោកអភិបាលស្រុក ពលរដ្ឋក្នុងមូលដ្ឋានលោកកាន់តែច្រើនឡើងៗមានការយល់ដឹងអំពីការងារស្នើសុំ និងផ្ដល់សេវានៅច្រកចេញចូលតែមួយ ទាំងការរៀបចំឯកសារភ្ជាប់ នីតិវិធីនៃការស្នើសុំ និងការទុកដាក់ឯកសារឱ្យបានត្រឹមត្រូវជាដើម ដែលចំណុចវិជ្ជមានទាំងនេះ មានន័យថាពលរដ្ឋក៏បានជួយដល់មន្រ្តីអ្នកផ្ដល់សេវាវិញដែរ។

ពាក់ព័ន្ធនឹងការអនុវត្តការងារបម្រើសេវាជូនពលរដ្ឋនេះដែរ លោកអភិបាលស្រុកបរិបូរណ៌ បានបញ្ជាក់អះអាងថាលោក និងមន្រ្តីគ្រប់ជំនាញ មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តតាមមាគ៌ាដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃកម្ពុជា និងដឹកនាំអនុវត្តរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានការពេញចិត្ត និងទទួលបានអារម្មណ៍កក់ក្ដៅចំពោះការបំពេញភារកិច្ចរបស់មន្រ្តី។

សូមបញ្ជាក់ថាបច្ចុប្បន្ន រដ្ឋបាលស្រុកបរិបូរណ៌ ក៏បានចុះកិច្ចព្រមព្រៀងជាមួយប្រៃសណីយ៍កម្ពុជា ដើម្បីដឹកជញ្ជូនឯកសារសេវាច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋទូទាំងស្រុកបរិបូរណ៌ផងដែរ។ ពលរដ្ឋគ្រាន់តែចំណាយថវិកា៥.០០០រៀលប៉ុណ្ណោះ ប្រៃសណីយ៍កម្ពុជា នឹងរៀបចំដឹកជញ្ជូនឯកសារដល់មុខផ្ទះតែម្ដង៕

...

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print