សម្តេចតេជោ ហ៊ុន សែន លើកពីរឿងរ៉ាវល្អៗកាលពីអតីតកាល និង ទស្សនៈវិស័យប្រកបដោយសុទិដ្ឋិនិយមរបស់អាស៊ាន នាពេល អនាគត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានបទ “កម្ពុជា និង អាស៊ាន, អាស៊ាន និង ពិភពលោក បានធ្វើបាឋកថា ដោយលើកឡើងថា ៖ ថ្ងៃនេះ ខ្ញុំពិតជាក្តីសោមនស្សរីករាយក្រៃលែង ដែលបានមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និង ធ្វើបាឋកថាទាក់ទងនឹងអាស៊ាន ក្នុងនាមជាអតីតប្រមុខរាជរដ្ឋាភិបាលនៃ ប្រទេសសមាជិកអាស៊ានមួយរូប ដែលបានធ្វើជាប្រធានប្តូរវេនអាស៊ាន រហូតដល់ទៅ ៣ លើកនៅ ក្នុងអាជីពនយោបាយរបស់ខ្ញុំ ។ ខ្ញុំពិតជាមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ជាមួយអាស៊ាន ហើយ ខ្ញុំសូមឆ្លៀតយកឱកាសនេះ នៅទីកន្លែងនេះ ដើម្បីសម្តែងការគោរពដល់បណ្តាស្ថាបនិកដ៏ឧត្តុង្គឧត្តមរបស់អាស៊ាន ព្រមទាំងអតីតមេដឹកនាំអាស៊ានទាំងឡាយ ដែលបានបូជាកម្លាំងកាយ និង ស្មារតី, និង ចូលរួមចំណែកជាបញ្ញាញាណ ប្រកបដោយគតិបណ្ឌិត នៅក្នុងការកសាង, រៀបចំ រចនាសម្ព័ន្ធស្ថាប័ន, និង និម្មាបនកម្មតំបន់ ដែលយកសន្តិភាព និង ប្រជាជន ជាស្នូល ។

ជាមួយនឹងភាពចម្រុះដ៏សម្បូរបែបរបស់អាស៊ាន ទាំងលើទិដ្ឋភាពនយោបាយ, សេដ្ឋកិច្ច, និង វប្បធម៌, ខ្ញុំពិតជាមិនអាចនិយាយជំនួសឱ្យប្រទេសអាស៊ានទាំងអស់នោះឡើយ តែខ្ញុំអាច ចែករំលែកបានពីជ្រុងមួយ នៃទស្សនៈរបស់ប្រទេសសមាជិក ដែលចូលក្រោយគេ ប៉ុន្តែ មិនមែន សមាជិកកូនពៅ ដោយសារថា យើងនឹងមានបន្ថែមប្រទេសទីម័រឡេស្តេ ជាសមាជិកថ្មី ក្នុងពេលដ៏ ឆាប់ខាងមុខ ។ ដោយហេតុថា អាស៊ាន តែងតែបានទាក់ទាញការចាប់អារម្មណ៍ច្រើន ពីសំណាក់ អ្នកស្រាវជ្រាវ និង អ្នកតាមដាន នយោបាយអន្តរជាតិ, ដូច្នេះ ខ្ញុំនឹងមិនរ៉ាយរ៉ាប់ច្រើនអំពីបញ្ហា ប្រឈមជាទូទៅដែលអាស៊ាន បាននិងកំពុងជួបប្រទះនោះទេ ។ ខ្ញុំចង់យកឱកាសនេះ ផ្តោតលើ រឿងរ៉ាវល្អៗកាលពីអតីតកាល និង ទស្សនៈវិស័យប្រកបដោយសុទិដ្ឋិនិយមរបស់អាស៊ាន នាពេល អនាគត ។ ខ្ញុំនឹងបែងចែកបទបង្ហាញរបស់ខ្ញុំ ជា ២ ផ្នែកធំៗ ។ សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ សម្រាប់រឿងរ៉ាវពីអតីតកាល ខ្ញុំចង់ ផ្តោតលើទំនាក់ទំនង “កម្ពុជា និង អាស៊ាន”, ហើយសម្រាប់រឿងរ៉ាវអនាគត ខ្ញុំចង់ផ្តោតលើទំនាក់ ទំនង “អាស៊ាន និង ពិភពលោក” ហើយតាមរយៈនេះ ខ្ញុំសូមស្នើឱ្យទស្សនិកជនទាំងឡាយ ទាញ សេចក្តីសន្និដ្ឋានដោយខ្លួនឯងពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់អាស៊ាន ដែលខ្ញុំគិតថា មិន មានចម្លើយដាច់ណាត់នោះឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print