ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់យកមនុស្សជាអាទិភាពគន្លឹះទី១ ពោលគឺរាជរដ្ឋាភិបាល យកចិត្តទុកដាក់សុខភាព និងសុខុមាលភាពប្រជាជន។
ក្នុងពិធី បើកការដ្ឋានសាងសង់ «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ» ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃអង្គារទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ សុខភាពគឺជាគោលសំខាន់ បើយើងមានសុខភាពល្អ គឺជាធនធាន ប៉ុន្ដែបើយើងមានជំងឺ សុខភាពមិនល្អ គឺជាបន្ទុកក្នុងគ្រួសារ ដូច្នេះទើបក្នុងរយៈពេលជិត២០ខែ ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានកសាងនូវសមិទ្ធផលសុខាភិបាល និងដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីលើកកម្ពស់សុខុមាលភាព សុខភាពដល់ពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ខេត្តកណ្តាលនាពេលនេះ នឹងអាចផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ប្រជាជន តាមរយៈការកាត់បន្ថយការងារ បរិស្ថានសំដៅចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋផងដែរ។
«បើប្រជាជនមិនមានសុខភាពល្អទេ កម្លាំងនៃការអភិវឌ្ឍប្រទេសនឹងមានការលំបាក»។ នេះជាការលើកឡើង របស់សម្តេច ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ សម្តេច ហ៊ុន ម៉ាណែត លើកឡើហថា ៖ ទោះស្ថានភាពមេឃខ្មៅ មេឃស្រឡះ មេឃភ្លៀង ប៉ុន្តែ រដ្ឋាភិបាលនៅជាមួយ និងការពារពលរដ្ឋគ្រប់បែបយ៉ាង។
មិនត្រូវយោគយល់ឡើយ ចំពោះរោងចក្រ សហគ្រាស ដែលបង្ហូរទឹកកង្វក់ចូលទន្លេ ឬសមុទ្រ។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាឱ្យមន្ត្រីជំនាញយកចិត្តទុកដាក់ និងត្រូវផ្អាកដំណើរការទីតាំងនោះភ្លាម រហូតដល់សាង់សង់អាងប្រព្រឹត្តកម្មទឹកកខ្វក់រួចរាល់ ទើបឱ្យដំណើរការវិញ ៕
ដោយ ៖ សិលា