ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាឆ្អែតឆ្អន់ខ្លាំងណាស់ដោយសារសង្រ្គាម ការកាប់សម្លាប់គ្នា ពោលគឺកម្ពុជាតែមួយមានតំបន់ត្រួតត្រាច្រើន និងឆ្លងកាត់ការលំបាកច្រើនណាស់ទម្រាំរកបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ ដូចសព្វថ្ងៃនេះ។
ក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលាស្ដីពី «ទស្សនៈនិងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» ពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នៅថ្ងៃអង្គារទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រវត្តិសាស្រ្តរបស់ប្រទេសនីមួយៗ គឺខុសៗគ្នា ប៉ុន្តែនយោបាយឈ្នះ-ឈ្នះ នឹងមានតម្លៃសម្រាប់អ្នកចូលរួមដែលពុំសូវបានស្គាល់ពីកម្ពុជា។ នយោបាយឈ្នះ-ឈ្នះ បានសម្រេចនូវឯកភាពពេញលេញ ឯកភាពទឹកដី ដោយគ្មានការបង្ហូរឈាមខ្មែរ និងខ្មែរ ដែលកម្ពុជាពុំធ្លាប់បានស្គាល់ទាល់តែសោះក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។ នេះមិនមែនជាអំណួត ប៉ុន្តែវាជាការពិត ដែលជាបទពិសោធន៍របស់កម្ពុជាបានហែលឆ្លងកាត់កន្លងមក។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីភាពចាំបាច់នៃការថែរក្សាសុខសន្តិភាព ដោយមិនអនុញ្ញាតឱ្យបុគ្គលណាមួយ ឬក្រុមណាមួយ មកបំផ្លាញសន្តិភាពដែលកម្ពុជារកបានដោយលំបាកបំផុតនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីធានាថា កម្ពុជាយើងមានឱកាសបន្តការអភិវឌ្ឍទៅមុខ៕
ដោយ ៖ សិលា