តើសម្ដេចតេជោ គូសបញ្ជាក់ពីជម្រើសអ្វីខ្លះក្នុងការរំដោះប្រទេសកម្ពុជាពីរបបប៉ុល ពត ដើម្បីស្វែងរកសន្ដិភាពជូនជាតិ?

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា បានគូសបញ្ជាក់ពីជម្រើស ៤យ៉ាង នៅក្នុងពេលដែលកម្ពុជាមានរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

គឺ៖ ១, ប្រើកងទ័ពដែលនៅក្រោមបញ្ជាររបស់សម្ដេចជាង ២០០០នាក់ ដើម្បីវាយកាន់កាប់តំបន់មួយចំនួន។
ទី២, ដកខ្លួនចេញទៅប្រទេសវៀតណាម ដើម្បីស្នើឱ្យជួយរំដោះប្រទេស។
ទី៣, មិនធ្វើអ្វីទាំងអស់ ទុកឱ្យពួកខ្មែរក្រហមចាប់យកទៅសម្លាប់។
និងជម្រើសទី៤ គឺធ្វើអត្ដឃាតខ្លួនឯងតែម្ដង។

ក្នុងឱកាសថ្លែងបាឋកថា ក្នុងសិក្ខាសាលាស្ដីពី«ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» ពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជម្រើសទាំងបួនថា ១, ប្រសិនបើសម្ដេចប្រើកងទ័ពដែលនៅក្រោមបញ្ជាររបស់សម្ដេចជាង ២០០០នាក់ ដើម្បីវាយកាន់កាប់តំបន់មួយចំនួន គឺជាជម្រើសគ្រោះថ្នាក់បំផុត ព្រោះថាកងទ័ពជាង ២០០០នាក់ ទៅជល់ជាមួយកងទ័ពប៉ុល ពត ១៨ម៉ឺននាក់ ប៉ុន្ដែជម្រើសនេះ ក្នុងកាលៈទេសៈដំបូង យើងអាចវាយកាន់កាប់តំបន់មួយចំនួន និងស្រុកមួយចំនួន។ សម្ដេចបញ្ជាក់ថា ជម្រើសនេះ បន្ទាប់ទៅ យើងនឹងធ្លាក់ទៅក្នុងថ្លុកឈាមនៃការបង្រ្កាបរបស់ពួកប៉ុល ពត។

សម្ដេចតេជោ បានបន្ដថា ជម្រើសទី២ គឺការដកខ្លួនចេញទៅប្រទេសវៀតណាម ដើម្បីស្នើឱ្យជួយរំដោះប្រទេស។ ជម្រើសនេះ មិនមែនជាជម្រើសថ្មីរបស់កម្ពុជានោះទេ សម្ដេចព្រះនរោត្ដម សីហនុ ក្រោយរដ្ឋប្រហារទម្លាក់ព្រះអង្គពីសំណាក់ លន់ នល់ សម្ដេចក៏បានទៅពឹងវៀតណាមចូលទៅជួយនៅឆ្នាំ១៩៧០ ដល់១៧៥៧ ផងដែរ ដែលនេះមិនមែនជាជម្រើសអាក្រក់នោះទេ។

សម្ដេចតេជោ បន្ថែមថា ជម្រើសទី៣ គឺមិនធ្វើអ្វីទាំងអស់ ទុកឱ្យពួកខ្មែរចាប់យកទៅសម្លាប់។ និងជម្រើសទី៤ គឺធ្វើអត្ដឃាតខ្លួនឯងតែម្ដង។ ដែលជម្រើសចុងក្រោយនេះ មិនមែនជាជម្រើសល្អនោះទេ។

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ទាំងអួលដើមកថា ទោះបីជាសម្ដេចត្រូវប្ដូរឋានៈពីអ្នកដែលផ្សងព្រេងដើម្បីការរស់មានជីវិតរបស់ប្រជាជនកម្ពុជា ជិត ៥០ឆ្នាំ ទៅហើយក្ដី ក៏ភាពកម្សត់របស់សម្ដេចនៅតែតាមលងជានិច្ចកាល។ ដោយសារតែរឿងនេះហើយ ទើបសម្ដេចប្ដូរផ្ដាច់ដាច់ខាតមិនឱ្យនរណាមួយមកបំផ្លាញសន្ដិភាពនៅកម្ពុជាបាននោះទេ ព្រោះប្រជាជនកម្ពុជាឆ្អែតឆ្អន់ហើយជាង ៥០០ឆ្នាំក្នុងប្រវត្ដិសាស្រ្ដ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print