ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៤០ឆ្នាំ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងនៅក្នុងអាណត្តិទី៧ ជិត២០ខែនេះ មិនបានសម្រាកនោះទេ គឺខិតខំប្រឹងប្រែងក្នុងការកសាងនូវសមិទ្ធផលផ្សេងៗ ជាច្រើន។ សម្តេចធិបតី បានថ្លែងដូចនេះ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវបើកកំពង់ផែ ព្រលានយន្តហោះ និងធ្វើពិពិធកម្មទឹកកខ្វក់ បូកជាមួយការដាក់ចេញគោលនយោបាយទាក់ទាញវិនិយោគ បង្កើតឱកាសការងារ និងរៀបចំនូវការពង្រីកខ្សែរចង្វាក់ផលិតកម្មរោងចក្រផ្សេងៗ។ សម្តេចបន្តថា រាជរដ្ឋាភិបាលខិតខំទាក់ទាញពង្រីកបានជូនប្រជាពលរដ្ឋ និងដាក់ចេញគោលនយោបាយសម្រាប់ជួយដល់កសិករ និងជួយដល់ប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហាសុខភាព ជួយដល់ប្រជាពលរដ្ឋក្នុងការអប់រំសុខាភិបាល។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានចោទជាសំណួរថា តើការខិតខំប្រឹងប្រែងធ្វើទាំងអស់នេះដើម្បីអ្វី? គឺដើម្បីជួយកសាងប្រទស តាមរយៈការកសាងសមិទ្ធផលនានាជូនដល់ប្រជាជន និងបង្កើតលក្ខណៈឱ្យប្រជាជនមានសមត្ថភាព ដើម្បីទទួលបាននូវការព្យាបាលសុខាភិបាលសុខភាពកាន់តែរឹងមាំ មានចំណេះដឹងកាន់តែប្រសើររកការងារបាន ដើម្បីចិញ្ចឹមជីវិត នេះហើយគឺជាការកសាងប្រទេសរបស់យើង។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោង នឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែកក្កដា ឆ្នាំ២០២៥ នឹងមានតំបន់សេដ្ឋកិច្ចពិសេសមួយនៅ ក្បែរអាកាសយានដ្ឋាននោះថែមទៀត។ តំបន់សេដ្ឋកិច្ចពិសេសនោះក៏មានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធត ភ្ជាប់ជាមួយនឹងព្រែកជីកហ្វូណនតេជោផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងថា ៖ អ្នកណាធ្វើផ្ការីកអីក៏ធ្វើទៅ សំខាន់រាជរដ្ឋាភិបាល ខិតខំកសាងសមិទ្ធផលឲ្យរីកកាន់តែខ្លាំង ដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ ទាំងមូល។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺចង់មានន័យឌឺដង ឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស៕
ដោយ ៖ សិលា