ភ្នំពេញ ៖ ចំពោះផ្នែកទី ២ “អាស៊ាន និង ពិភពលោក”សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានបទ “កម្ពុជា និង អាស៊ាន, អាស៊ាន និង ពិភពលោក ។សម្តេចបានលើកពី “អាស៊ាន និង ពិភពលោក” ថា ៖ ឥឡូវ, ខ្ញុំសូមចូលដល់ផ្នែកទី ២ ។ លើប្រធានបទនេះ ខ្ញុំចង់គូសរំលេចថា អាស៊ាន លែង ជាតួអង្គស្ថាប័ន (regional actor) តំបន់ទៀតហើយ, អាស៊ាន បាននិងកំពុងក្លាយជាតួអង្គ សកល (global actor) ដែលមានភាពសកម្ម រស់រវើក ព្រមទាំងមានការទទួលស្គាល់ពីតួអង្គ សកលផ្សេងៗទៀតផងដែរ ។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ខ្ញុំនឹងមិនលើកពីបញ្ហាប្រឈម ឬ ឧបសគ្គ ដែលអាស៊ាន និង ពិភពលោក កំពុងជួបប្រទះនោះទេ ព្រោះប្រធានបទនេះ មានការវែក ញែកទូលំទូលាយរួចទៅហើយ ។ នៅក្នុងវេទិកានេះ ខ្ញុំចង់គូសរំលេចពីអនាគតនៃតួនាទីរបស់អា ស៊ាន នៅក្នុងនិម្មាបនកម្មអភិបាលកិច្ច កម្រិតពិភពលោក ព្រោះថា ខ្ញុំមើលឃើញអនាគតអាស៊ាន ដែលនឹងអាចក្លាយជា “ប៉ូលនយោបាយសេដ្ឋកិច្ច” មួយនៅក្នុងពិភពលោក ។ ជាមួយនឹងប្រជាជន ជាង ៦៧០ លាននាក់ ដែលជាទំហំធំបំផុតទី ៣ នៅលើពិភពលោក, និង ទំហំសេដ្ឋកិច្ចធំបំផុតទី ៥ នៅលើពិភពលោក, តួនាទីរបស់អាស៊ាននៅក្នុងការកំណត់របៀបវារៈអភិបាលកិច្ចសកល ពិត ជាមិនអាចមើលរំលងបានឡើយ ។ សណ្តាប់ធ្នាប់ពិភពលោក កំពុងតែវិវត្តឈានទៅរក “ពហុប៉ូល” ដែលមានតួអង្គកាន់តែច្រើនឡើង ដែលបានបង្កើនទាំងទំហំសេដ្ឋកិច្ច អំណាចការទូត និង យោធា ដែលធ្វើឱ្យតួអង្គទាំងនោះ ខិតខំទាមទារប្រព័ន្ធអភិបាលកិច្ច ដែលមានអនុលោមភាព ទៅនឹងតថភាពថ្មីនៃស្ថានភាពតុល្យភាពអំណាចនៅលើពិភពលោក ។ តួអង្គដែលលេចឡើងថ្មី ចង់មានតួ នាទីកាន់តែធំឡើង នៅក្នុងការសម្រេចរបៀបវារៈនៃអភិបាលកិច្ចពិភពលោក ដែលមានលក្ខណៈ ប្រជាធិបតេយ្យជាងមុន យុត្តិធម៌ជាងមុន ដូច្នេះ ការប្រទាញប្រទង់អំណាច បានរុញច្រានឱ្យមហា អំណាចមួយចំនួន ដើរប្រាស់ចាកពីវិធាននៃអភិបាលកិច្ចសកល ដែលខ្លួនបានខិតខំបង្កើតឡើង ក្រោយសង្គ្រាមលោកលើកទី ២ ដែលបាននិងកំពុងធ្វើឱ្យសណ្តាប់ធ្នាប់អន្តរជាតិ មានភាពរង្គោះ រង្គើ ជាពិសេស យន្តការពហុភាគីនិយមដែលផ្អែកលើវិធានច្បាប់ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ ក្នុងកាលៈទេសៈបែបនេះ អាស៊ានពិតជាមានតួនាទីសំខាន់របស់ខ្លួន នៅក្នុងការជួយ រៀបចំសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើវិធានច្បាប់ផង និង កាន់តែមានភាពប្រជាធិបតេយ្យ និង យុត្តិធម៌ផង ។ ទៅថ្ងៃអនាគត អាស៊ាន នឹងអាចផ្លាស់ប្តូរតួនាទីពី “ការធ្វើប្រតិកម្មចំពោះពិភព លោក” (reacting to the world) ទៅជាអ្នកដែលអាចមានលទ្ធភាពជួយ “រៀបចំពិភពលោក” (creating the world) វិញ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ៖ នៅក្នុងទិសដៅនេះ, អាស៊ានអាចមានអភិក្រម ២ យ៉ាង ។ ទី១ គឺយើងអាចពង្រឹងសមត្ថ ភាពខ្លួនឯង និង ទី២ គឺការពង្រឹងអន្តរកម្មរបស់អាស៊ាន ជាមួយនឹងស្ថាប័នពហុភាគីដែលមានឥទ្ធិ ពល ។ យើងពង្រឹងខ្លួនឯងតាមរយៈការពង្រឹងប្រសិទ្ធភាពស្ថាប័ន និង ការជំរុញសមាហរណកម្ម កាន់តែស៊ីជម្រៅ ។ ការរៀបចំ “ចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥” ដែលនឹងត្រូវអនុម័ត នៅ ក្នុងកិច្ចប្រជុំកំពូលនាខែ ឧសភា ខាងមុខនេះ គឺជាជំហានមួយ នៅក្នុងទិសដៅដ៏ត្រឹមត្រូវ ។ “ចក្ខុវិ ស័យសហគមន៍អាស៊ាន” មានផែនការយុទ្ធសាស្ត្រ (strategic plans) លើសសរស្តម្ភទាំង ៣ និង ការពង្រឹងភាពតភ្ជាប់ ដែលបានប្រមើលមើល “អាស៊ានដែលមានការអភិវឌ្ឍជឿនលឿន ក្នុង នាមជាមជ្ឈមណ្ឌលនៃកំណើន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” (We envision a developed ASEAN as the epicentre of growth in the Indo-Pacific region)។ ដើម្បីឱ្យពិភពខាងក្រៅ អាចទទួលយកអាស៊ាន និង មានទំនុកចិត្តកាន់តែខ្លាំងក្លាទៅលើអាស៊ានបាន, លុះត្រាតែអាស៊ាន មានសមត្ថភាពរឹងមាំ, អាចជួយពិភពខាងក្រៅបាន តាមសមត្ថភាពរបស់ខ្លួន, និង អាចផ្តល់ផល ប្រយោជន៍ដល់ពិភពលោក និង ដៃគូដែលមានសុឆន្ទៈជាមួយអាស៊ាន ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ វិធីសាស្ត្រទី២ គឺការពង្រឹងអន្តរកម្ម ។ យើងអាចពង្រឹងអន្តរកម្ម ដោយប្រើប្រាស់យន្តការ ដែលដឹកនាំដោយអាស៊ាន ឬ ក៏ប្រើប្រាស់យន្តការពហុភាគីផ្សេងៗទៀត ដែលឆ្លើយតបទៅតាម សម័យកាល ឬ កាលៈទេសៈ ។ ពេលខ្លះ យើងក៏អាចមើលឃើញ “និន្នាការងាកចេញពីអាស៊ាន” របស់ប្រទេសសមាជិកមួយចំនួន ដើម្បីចូលរួមជាមួយស្ថាប័នសម័យទំនើបផ្សេងទៀត ដើម្បី បង្កើនឧត្តមភាពនៃប្រទេសរបស់ខ្លួន ។ នេះគឺជាជម្រើសយុទ្ធសាស្ត្រដែលយើងមិនអាចបដិសេធ បានឡើយ ។ ប៉ុន្តែ នៅពេលដែលអាស៊ាន ឬ ប្រទេសសមាជិកចូលរួមនៅក្នុងស្ថាប័នពហុភាគី ណាមួយ ក្រៅពីយន្តការដែលដឹកនាំដោយអាស៊ាន យើងក៏ត្រូវប្រុងប្រយ័ត្នចំពោះភាពលម្អៀងទៅ លើមហាអំណាចណាមួយ ដែលកំពុងប្រកួតប្រជែងគ្នា ដែលធ្វើឱ្យស្ថាប័នពហុភាគីទាំងនោះ លិច ចុះ ឬ លេចឡើង ទៅតាមគោលនយោបាយរបស់មហាអំណាច ឬ ថ្នាក់ដឹកនាំនៃប្រទេសមហា អំណាច ។ ដូច្នេះ ខ្ញុំនៅតែជឿជាក់ថា អាស៊ានគួរផ្តល់ទំងន់ ទៅលើការខិតខំអភិវឌ្ឍនិម្មាបនកម្ម តំបន់ ដែលដឹកនាំដោយអាស៊ានវិញ ព្រោះថា ស្ថាប័នរបស់យើង មានលក្ខណៈជាអព្យាក្រឹត្យជាង ហើយយើងអាចប្រាស្រ័យទាក់ទងជាមួយនឹងដៃគូច្រើនប្រភេទ និង ច្រើនតំបន់ ដោយមិនប្រកាន់ មនោគមវិជ្ជា ។ អ្វីដែលសំខាន់នោះគឺយន្តការរបស់អាស៊ាន មានភាពអចិន្ត្រៃយ៍ និង មានស្ថិរភាព ជាង ទោះបីជាថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ាន ប្រែប្រួលក៏ដោយ ។ ក្នុងន័យនេះ, ខ្ញុំសូមស ម្តែងនូវការកោតសរសើរចំពោះ លេខាធិការដ្ឋាន អាស៊ានដែលបាននិងកំពុងបំពេញតួនាទីយ៉ាង ល្អ នៅក្នុងការធានាភាពអចិន្ត្រៃយ៍ ឬ ចីរភាព នៃយន្តការកិច្ចសហប្រតិបត្តិការ, ការងារសម្រប សម្រួលដ៏ច្រើនលើសលុប, ការរៀបចំចងក្រងកំណត់ត្រាជាលក្ខណៈស្ថាប័ន, និង ការជំរុញការ គិតគូរស្រាវជ្រាវ ពីទិសដៅអនាគតសម្រាប់អាស៊ាន ។ ការពង្រឹងសមត្ថភាពនៃលេខាធិការដ្ឋានអា ស៊ាន នៅពេលដែលអាស៊ាន ក្លាយជា “ប៉ូលមួយនៃពិភពលោក” គឺជាកត្តាពុំអាចខ្វះបាន ប៉ុន្តែ អ្វី ដែលសំខាន់គឺយើងត្រូវធានាថា លេខាធិការដ្ឋានអាស៊ាន នឹងមិនដើរតួជំនួសឱ្យប្រទេសសមាជិក ឬ ដើរលើសបន្ទាត់អធិបតេយ្យនៃប្រទេសសមាជិកនោះឡើយ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ៖ ក្នុងនាមជា “ប៉ូលមួយនៃពិភពលោក” អាស៊ាន មានតួនាទីសំខាន់ ក្នុងការលើកស្ទួយសន្តិ ភាព ។ ពិតណាស់ថា ការប្រកួតប្រជែងដណ្ដើមអនុត្តរភាពរបស់ប្រទេសមហាអំណាច មិនស្ថិត នៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់អាស៊ាន នោះឡើយ ។ ប៉ុន្តែ អាស៊ាន អាចគ្រប់គ្រងស្ថានការណ៍ នៅក្នុងតំបន់របស់ខ្លួនបាន, អាចជំនះការខិតខំចូលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងតំបន់អាស៊ាន បាន, អាចបង្ការកុំឱ្យមានសង្គ្រាមដោយតួអង្គតំណាង (proxy wars) របស់ប្រទេសមហា អំណាចនៅក្នុងតំបន់របស់យើងបាន ។ អាស៊ានក៏អាចបញ្ចេញឥទ្ធិពលរបស់ខ្លួន លើសន្តិភាព លើសពីកម្រិតតំបន់ផងដែរ ។
ការពង្រឹងសមត្ថភាពរបស់អាស៊ាន ក៏ពឹងផ្អែកលើការសម្របសម្រួល និង ទំនាក់ទំនងដ៏ ជិតស្និទ្ធរបស់បណ្តាមេដឹកនាំនៃសមាជិកអាស៊ានដែរ ។ អាស៊ាន មិនអាចក្លាយជា “ប៉ូលមួយនៃ ពិភពលោក” បានទេ ប្រសិនបើថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ពុំមានទំនាក់ទំនងជិតស្និទ្ធ និង យល់ពីគ្នាទៅវិញទៅមក, មានស្មារតីជាសហគមន៍ ជាគ្រួសារអាស៊ាន, និង ពុំមានទំនាក់ទំនង លើសពីកម្រិតការងារផ្លូវការ ។ ពេលខ្លះយើងមានការងារច្រើនពេក, យើងយកចិត្តទុកដាក់ បារម្ភ ទៅលើរបៀបវារៈរបស់ប្រទេសមហាអំណាចខ្លាំងពេក, យើងភ្លេចគិតពីប្រទេសជិតខាង, ភ្លេច បារម្ភពីសមាជិកគ្រួសារក្នុងតំបន់អាស៊ានរបស់យើង ។ ខ្ញុំពិតជាចង់លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំអា ស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហ ប្រតិបត្តិការ និង បង្កើនភាពសុខដុមនៅក្នុងតំបន់ ។
សម្រាប់អនាគតខាងមុខ, យើងនៅតែអាចរៀនសូត្រពីប្រវត្តិសាស្ត្រ ហើយប្រវត្តិសាស្ត្រ បានបង្រៀនយើងយ៉ាងច្បាស់ថា គោលការណ៍របស់អាស៊ាន ពិតជារូបមន្តដ៏មានប្រសិទ្ធភាព បំផុត នៅក្នុងការគ្រប់គ្រងស្ថាប័នតំបន់ ដែលមានភាពចម្រុះ ។ អាស៊ានត្រូវតែឈរឱ្យបានរឹងមាំ នៅក្នុងការការពារ និង រក្សាគោលការណ៍ របស់ខ្លួន ទោះបីជាពេលខ្លះយើងទទួលការរិះគន់ក៏ ដោយ ។ ប៉ុន្តែ ចុងក្រោយ ប្រវត្តិសាស្ត្រគឺជាចៅក្រមដាក់ពិន្ទុលើសមិទ្ធផលរបស់យើង ហើយយើង មិនត្រូវវិនិច្ឆ័យអាស៊ាន ត្រឹមតែមួយឆ្នាំ ឬ ពីរឆ្នាំនោះទេ, យើងត្រូវមើលសមិទ្ធផលមួយទសវត្សរ៍ ពីរទសវត្សរ៍ ឬ ច្រើនជាងនេះ ដើម្បីឱ្យដឹងថា តើអាស៊ានដើរលើផ្លូវត្រូវ ឬ យ៉ាងណា? ទោះបីជា មានការរិះគន់ច្រើនក្តី, ស្ថិរភាព និង ចីរភាពរបស់អាស៊ាន និង កំណើននៃកម្លាំងសេដ្ឋកិច្ចដ៏អស្ចារ្យ របស់អាស៊ាន គឺជាសក្ខីភាពជាក់ស្តែងបំផុតថា រូបមន្តរបស់អាស៊ាន គឺមានប្រសិទ្ធភាព ហើយរូប មន្តនេះ គួរត្រូវបានពង្រីកផ្សព្វផ្សាយបន្ថែមទៀត នៅក្នុងសហគមន៍នៃពិភពលោក ដែលគោរព ភាពចម្រុះ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកថា ៖ សម្រាប់អនាគតខាងមុខ, អាស៊ាន ក្នុងនាមជា “ប៉ូលមួយនៃពិភពលោក” នឹងក្លាយជា និមិត្តរូបនៃនយោបាយនិយមកណ្តាល, គ្មានសាសនាជ្រុលនិយម, គ្មានវប្បធម៌នយោបាយជ្រុល និយម ដែលផ្តោតខ្លាំងទៅលើមនោគមវិជ្ជាណាមួយ ឬ ប្លុកណាមួយ ។ អាស៊ាន នឹងក្លាយជា “ប៉ូ លមួយនៃពិភពលោក” ដែលមានភាពបត់បែនខ្ពស់ និង មានភាពជាក់ស្តែងនិយម, ដែលមិនយក ប្រទេស ឬ តំបន់ណាមួយជាសត្រូវ, ហើយក៏មិនក្លាយជាវេទិកានៃសង្គ្រាមដោយតួអង្គតំណាង នោះដែរ ។ តើយើងអាចបង្កើតក្តីសង្ឃឹមដល់អ្នកជំនាន់ក្រោយរបស់យើងបានប៉ុណ្ណា? បើយើងមិនអាចបង្កើតក្តីសង្ឃឹម ឬ សុបិន សម្រាប់ប្រជាជនអាស៊ាន, ពិភពលោកខាងក្រៅក៏មិនអាច សង្ឃឹមលើអាស៊ានបានដែរ ។ យើងស្រមៃថា អាស៊ាននឹងមានមហាវិទ្យាល័យលំដាប់ពិភពលោក នៅទូទាំងតំបន់; អាស៊ាននឹងមានក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក; ជារោងចក្រ និង ជាទី ផ្សារដ៏ទាក់ទាញរបស់ពិភពលោក; អាស៊ានជាទីតាំងរៀបចំវេទិកាការទូតលំដាប់ពិភពលោក, រៀបចំកីឡាពិភពលោក World Cup; អាស៊ានជាទីប្រមូលផ្តុំដ៏ទាក់ទាញសម្រាប់ប្រជាជន នៅលើ ពិភពលោក ដែលចង់មកធ្វើការ ឬ មករស់នៅ ក្នុងសង្គមស៊ីវីល័យ មានភាពសុខដុម ចម្រុះជាតិ សាសន៍ និង ប្រព័ន្ធសង្គមកិច្ចល្អប្រសើរ ។ ទាំងនេះគឺជាក្តីសុបិន ហើយខ្ញុំជឿជាក់ថា អនាគត ពិភពលោក គឺនៅអាស៊ី, អនាគតពិភពលោក គឺនៅអាស៊ាន ។
សម្តេចបន្តថា ៖ ខ្ញុំសង្ឃឹមថា បទបង្ហាញខាងលើរបស់ខ្ញុំ នឹងចូលរួមចំណែកផ្តល់ជាពុទ្ធិសម្រាប់សាធារណ-ជននៅលើវេទិកាអន្តរជាតិ ដើម្បីឱ្យពួកគេបានស្គាល់ និង យល់កាន់តែច្បាស់ពីអាស៊ាន, និង ពី សមិទ្ធផល ក៏ដូចជាយន្តការការងាររបស់អាស៊ាន ដែលយកសន្តិភាព និង ស្ថិរភាពតំបន់ ធ្វើជា មូលដ្ឋានស្នូល ដើម្បីជំរុញសមាហរណកម្ម និង វិបុលភាពសម្រាប់ប្រជាជនក្នុងតំបន់ ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី សូមទទួលបាននូវសិរី សួស្តី, ជ័យមង្គល, វិបុលសុខមហាប្រសើរ និង ជោគជ័យ នៅក្នុងគ្រប់ភារកិច្ចរបស់ខ្លួន ។ សូមអរគុណ ៕
ដោយ ៖ សិលា