ស្វែងយល់ពី «ថ្នាក់បណ្ឌិត» និងមកស្គាល់បណ្ឌិតទី១ ទើបបញ្ចប់ការសិក្សាដោយជោគជ័យ នៅបណ្ឌិត្យសភានគរបាលកម្ពុជា!

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត្យសភានគរបាលកម្ពុជា បានប្រែក្លាយពីសាលាភូមិន្ទនគរបាល តាមរយៈអនុក្រឹត្យលេខ ៨៨អនក្រ.បក ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ ដែលមានភារកិច្ចសា្រវជ្រាវវិទ្យាសាស្ត្រនគរបាល ពាក់ព័ន្ធនឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបណ្ដុះបណ្ដាលកងកម្លាំងនគរបាលរហូតដល់កម្រិតបណ្ឌិត។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងការដឹកនាំតម្រង់ទិសជាប្រចាំពីសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានចាប់ផ្ដើមថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ដោយមាននិស្សិតនគរបាលសិក្សាចំនួន១៥រូប។ 

បើតាមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យប្រធាន បន្តមកដល់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមមាគា៌ដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់វាងវៃរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងឆ្នាំ២០២៥នេះ បណ្ឌិត្យសភានគរបាលកម្ពុជា បាននិងកំពុងបណ្ដុះបណ្ដាល ថ្នាក់បណ្ឌិតជំនាន់ទី២ ដោយមាននិស្សិតចំនួន១៣រូបបន្ថែមទៀត។ 

បច្ចុប្បន្ន បណ្ឌិត្យសភានគរបាលកម្ពុជាមានសាស្ត្រាចារ្យបង្រៀនថ្នាក់បណ្ឌិត ទាំងក្នុងនិងក្រៅស្រុកសរុបចំនួន២៥រូប រួមមាន ១. ថ្នាក់ដឹកនាំ និងគ្រូនគរបាលជាតិ មានសញ្ញាបត្របណ្ឌិត បានចូលរួមបង្រៀនចំនួន៧រូប ២.គ្រូបង្រៀនមកពីក្រសួង ស្ថាប័នក្នុងប្រទេស៥រូប ៣.គ្រូបង្រៀនមកពីមហាវិទ្យាល័យនគរបាលទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ចំនួន៣រូប ៤.គ្រូបង្រៀនមកសាកលវិទ្យាល័យហ្គូចារ៉ាត់ និងសាកលវិទ្យាល័យរ៉ាស្ទ្រីយ៉ារ៉ាកហ្សា ប្រទេសឥណ្ឌា ចំនួន១០រូប។ 

ឧត្តមសេនីយ៍ឯក ឡាយ សុបញ្ញា នាយកវិទ្យាស្ថានក្រោយបរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានមានប្រសាសន៍ថា ដើម្បីសិក្សាថ្នាក់បណ្ឌិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា បេក្ខជនត្រូវគោរពតាមកម្មវិធីអប់រំថ្នាក់បណ្ឌិត វិទ្យាសាស្ត្រនគរបាល ដែលបានកំណត់ ក្នុងនោះ លក្ខខណ្ឌមួយចំនួនដែល និស្សិតបណ្ឌិតម្នាក់ៗត្រូវបានសន្មតថាបានជោគជ័យជាស្ថាពរ រួមមាន សិក្សារយៈពេលបី(៣)ឆ្នាំនិងមិនឱ្យលើសប្រាំមួយ(៦)ឆ្នាំ ក្នុងនោះសិក្សាលើមុខវិជ្ជា ការស្រាវជ្រាវ សរសេរ និងការពារនិក្ខេបបទ ទទួលបានមធ្យមភាគនៃពិន្ទុនិទ្ទេស(GPA) ចាប់ពី២,៥០ឡើងទៅ, បញ្ចប់ដោយជោគជ័យលើគ្រប់ផ្នែកសិក្សាឱ្យបានគ្រប់ចំនួនកំណត់សរុប៦០ក្រេឌីត ក្នុងនោះ២៧ក្រេឌីត  សម្រាប់មុខវិជ្ជាសិក្សា និង៣៣ក្រេឌីត សម្រាប់ការស្រាវជ្រាវ សិក្ខាសាលា និងនិក្ខេបបទ, ត្រូវសិក្សាលើមុខវិជ្ជា ចំនួន១១មុខវិជ្ជា ហើយកម្រិតពិន្ទុ៧០% ទើបជាប់តាមមុខវិជ្ជានីមួយៗ, ត្រូវសរសេរនិងការពារសំណើគម្រោងស្រាវជ្រាវឱ្យបានជោគជ័យ ត្រូវការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិយ៉ាងតិចចំនួនពីរឬកម្រិតអន្តរជាតិយ៉ាងតិចចំនួនមួយ ត្រូវធ្វើសិក្ខាសាលាផ្ទាល់ខ្លួនយ៉ាងតិចចំនួនបួន(៤)ដង និងត្រូវស្រាវជ្រាវ សរសេរ និងការពារនិក្ខេបបទសាកល្បង និងបញ្ចប់ដោយជោគជ័យ។ 

លោកឧត្តមសេនីយ៍ទោ ប៊ុន ភក្តី ជាធនធាននគរបាលជាតិដំបូងគេបង្អស់ដែលទើបបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅបណ្ឌិតសភានគរបាលកម្ពុជា មានស្រុកកំណើតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងបានចូលរួមប្រឡងប្រជែងដើម្បីបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលជាតិ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។ លោកឧត្តមសេនីយ៍ទោរូបនេះ បានបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅបណ្ឌិត្យសភានគរបាលកម្ពុជា ហើយជាបន្តបន្ទាប់ ក៏ទទួលបានការជឿទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំលើសមត្ថភាពការងារ និងបានចូលរួមចំណែកបង្កើតនូវសមិទ្ធផលការងារជូនអង្គភាពជាច្រើន រហូតទទួលបានការដំឡើងឋានន្តរសក្តិនិងមុខតំណែងជាបន្តបន្ទាប់។   

បច្ចុប្បន្ន លោកឧត្តមសេនីយ៍ទោ ប៊ុន ភក្តី ជានាយកវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ចំពោះការសិក្សាថ្នាក់បណ្ឌិត លោកបានរៀបរាប់ឱ្យដឹងថា« ខ្ញុំបានទទួលអាហារូបករណ៍ពីរាជរដ្ឋាភិបាល និងត្រូវបានចាត់បញ្ជូនដោយក្រសួងមហាផ្ទៃឱ្យចូលសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលជំនាន់ទី១ កាលពីឆ្នាំ២០២០។ ក្នុងពេលសិក្សាខ្ញុំបានយកចិត្តទុកដាក់ខ្ពស់ ខិតខំព្យាយាមសិក្សា គោរពវិន័យ និងគោរពយ៉ាងខ្ជាប់ខ្ជួនតាមលក្ខខណ្ឌសិក្សាថ្នាក់បណ្ឌិត ដោយទទួលបានពិន្ទុខ្ពស់តាមមុខវិជ្ជា បានការពារគម្រោងស្រាវជ្រាវជោគជ័យបានធ្វើសិក្ខាសាលាផ្ទាល់ខ្លួនចំនួន៤លើក បានចុះប្រមូលទិន្នន័យនៅតាមទីតាំងគោលដៅស្រាវជ្រាវចំនួន៦រាជធានីខេត្តរួមមាន រាជធានីភ្នំពេញ សៀមរាប បាត់ដំបង កណ្ដាល ព្រះសីហនុ និងមណ្ឌលគិរី បានបោះពុម្ពផ្សាយអត្តបទស្រាវជ្រាវជាលក្ខណៈអន្តរជាតិ បានការពារនិក្ខេបបទសាកល្បងជោគជ័យ»។

គឺកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ថ្មីៗនេះតែម្ដង ដែលលោកឧត្តមសេនីយ៍ទោ ប៊ុន ភក្តី បានការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលជំនាន់ទី១ ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ លើប្រធានបទ «ការជះឥទ្ធិពលនៃកំណែទម្រង់អប់រំបណ្ដុះបណ្ដាលលើការកសាងទំនុកចិត្ត និងសមត្ថភាពបំពេញការងាររបស់កងកម្លាំងនគរបាលជាតិកម្ពុជា» និងទទួលបានលទ្ធផលជោគជ័យជាស្ថាពរ។ សម្រាប់លោក«នេះក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានបេក្ខជនបណ្ឌិត បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់និងឡើងការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតដំបូងគេដោយជោគជ័យ។ ការការពារនិក្ខេបបទបញ្ចប់នេះ ត្រូវបានវាយតម្លៃនិងតាមដានយ៉ាងយកចិត្តទុកដាក់ពីគណៈកម្មការវាយតម្លៃ ដែលមានឯកឧត្តមឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ បណ្ឌិត វ៉េង សុធី ជាប្រធាននិងមានសមាជិកជាបណ្ឌិតចំនួន៦រូប ព្រមទាំងមានការចូលរួមសង្កេតការណ៍ដោយតំណាងក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។»

 

ការសម្រាំងបានបណ្ឌិតទី១ គឺជាពន្លកសមិទ្ធផលដ៏អស្ចារ្យមួយទៀតរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលនេះ ជាពិសេស មានបេក្ខជនបណ្ឌិត ប៊ុន ភក្តី ទើបបានទទួលជោគជ័យក្នុងការការពារនិក្ខេបបទរបស់ខ្លួនដោយជោគជ័យនេះ រឹតតែបង្ហាញឱ្យកាន់តែច្បាស់ថាបណ្ឌិត្យភានគរបាលកម្ពុជា បានអនុវត្តស្របតាមគោលនយោបាយមូលធនមនុស្សរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ និងធ្វើឱ្យបណ្ឌិត្យសភានគរបាលកម្ពុជាកាន់តែមានឧត្តមភាព កិត្យានុភាព និងភាពជឿទុកចិត្តមួយកម្រិតបន្ថែមទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print