ខេត្តបាត់ដំបង ៖ ផ្ទះមួយខ្នងដ៏ធំឆេះក្លាយផេះ,ទ្រព្យសម្បត្តិ ឯកសារគ្រួសារ រួមទាំងឯកសារដីធ្លីជាច្រើនច្បាប់ទៀត ក៏ត្រូវអគ្គិភ័យលេបត្របាក់យកអស់គ្មានសល់ដែរ ដោយសារការទុស្សេខ្សែចរន្តអគ្គិសនី កាលពីវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី០៦ ឧសភា នៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ។ នេះបើយោងតាមសេចក្ដីរាយការណ៏ពីមន្ត្រីមូលដ្ឋាន ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា លំនៅឋានដែលឆេះនោះ មានទំហំ ៥ម៉x៦ម៉ និងមានតសំយ៉ាបចេញសង ខាងថែមទៀតយ៉ាងធំ ដែលមានម្ចាស់វ័យចំណាស់ៗឈ្មោះ នេត នូ អាយុ៧២ឆ្នាំ និងប្រពន្ធឈ្មោះ ហ៊ឹប ហ៊ីង អាយុ៧០ឆ្នាំ រស់នៅចំណុចកើតហេតុ ។ ប្រភពដដែលបានឲ្យដឹងទៀតថា បើតាមការបំភ្លឺនានា នៅកន្លែងកើត ហេតុ រួមទាំងការផ្ដល់ចម្លើយពីម្ចាស់ផ្ទះផង អគ្គិភ័យដ៏សាហាវនេះ ទំនងកើតឡើងដោយសារការ «ទុស្សេខ្សែចរន្តអគ្គិសនី» ទើបឆេះរាលដាលពេញផ្ផ្ទះត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ លំនៅឋានទាំងមូលរួមទាំងទ្រព្យ សម្បត្តិផង ក្លាយជាផេះអស់គ្មានសល់ ។
បើតាមអ្នកភូមិបានឲ្យដឹងដែរថា អគ្គិភ័យខាងលើនេះ មានកម្លាំងខ្លាំង ឆេះលឿនបំផុត សូម្បីអ្នកភូមិក៏ជួយអន្តរាគមន៏មិនទាន់ពេលដែរ ដោយសារតែស្ថិតនៅឆ្ងាយដាច់ពីគេឯង ។ ដោយឡែក កម្លាំងសមត្ថកិច្ចវិញ បានចេញជួយអន្តរាគមន៍ភ្លាមៗដែរ នៅតែមិនអាចជួយសង្គ្រោះបាន ។ បើនិយាយពីទំហំនៃការខូចខាត ម្ចាស់ ផ្ទះបានប្រាប់សមត្ថកិច្ចថា គឺ «អស់ទាំងស្រុងតែម្ដង» ។ របាយការសមត្ថកិច្ច បានស្រង់សមម្ដីជនរងគ្រោះថា ផ្ទះមួយខ្នងត្រូវខូចខាតទាំងស្រុង។
ក្រៅពីអស់ផ្ទះ០១ខ្នង នៅមានទ្រព្យសម្បត្តិជាច្រើនទៀតដូចជា៖ ឯកសារគ្រួសារ ឯកសារដីធ្លី(ប្លង់ដី)ចំនួន០៥ច្បាប់ ប្រាក់ខ្មែរជិត០២លានរៀល ក្រវិលមាស០១ជី ស្រូវពូជ០២តោន ម៉ាស៊ីនភ្លើង០១គ្រឿង គ្រែឈើសម្រាប់សាងសង់ផ្ទះ អង្ករ៥០គីឡូក្រាមកាតគ្រីម៉ូតូចំនួន០២សន្លឹក សម្លៀកបំពាក់ទាំងអស់ ដែលនៅក្នុងផ្ទះ រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
យ៉ាងណាក្ដី ក្រោយពីកើតហេតុ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានចុះទៅកាន់ផ្ទះជនរងគ្រោះ ដើម្បីពិនិត្យសួរនាំជនរងគ្រោះអំពីការខាតបង់ និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីជួយសង្គ្រោះបឋមដល់ក្រុមគ្រួសារវ័យចំណាស់នេះហើយ ៕