ភ្នំពេញ ៖ បុរសម្នាក់មានវិបត្តិផ្លូវចិត្តបានជិះម៉ូតូម៉ាក PCX មួយគ្រឿងទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាទាំងកណ្ដាលយប់ តែសំណាងល្អត្រូវបានកម្លាំងនគរបាលអង្គភាពការពារគោលដៅទី៣សហការជាមួយជនជាតិអ៊ីស្លាមចេញទូកទៅជួយស្រង់សង្គ្រោះទាន់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៥ នៅចំណុចលើស្ពានជ្រោយចង្វាផ្នែកខាងលិចក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសដែលគិតខ្លីរូបនោះឈ្មោះ យ៉េត សុខរស់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិកេងស្រែ ឃុំល្វា ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរូបនោះជិះម៉ូតូម៉ាក PCX ពាក់ស្លាកលេខភ្នំពេញ១IF-០១៤៩ធ្វើដំណើរឡើងស្ពានជ្រោយចង្វាក្នុងទិសដៅពីលិចទៅកើត។នៅពេលធ្វើដំណើរជិតដល់កណ្ដាលស្ពានក៏បានឈប់និងអង្គុយផឹកស្រាបៀរជិតអស់មួយដប រួចក៏ទុកទូរស័ព្ទកាបូបនិងស្បែកជើង រួចលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនតែម្ដង។ ភ្លាមៗនោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅលើស្ពាន។
តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីមានមនុស្សលោតទឹក កម្លាំងនគរបាលអង្គភាពការពារគោលដៅទី៣ដែលប្រចាំការការពារស្ពានជ្រោយចង្វាក៏បានសហការជាមួយប្រជានេសាទជនជាតិខ្មែរអ៊ិស្លាម ចេញទូកទៅជួយស្រង់សង្គ្រោះទាន់។ ដោយសារតែជនរងគ្រោះមាឌធំបន្ទាប់ពីស្រង់បានសន្លប់ដេកស្ដូកស្តឹង ហើយត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តសាមុយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕ដោយ៖ ភារ៉ា ដង្កោ