ភ្នំពេញ ៖ រដ្ឋបាលឃុំកន្ទឺ២ និងឃុំឈើទាល សុទ្ធតែបានដាក់បញ្ជូលនូវការងារគ្រប់គ្រង ថែទាំ គាំពារតំបន់ទេសចរណ៍នៅប្រសាទភ្នំបាណន់ទៅក្នុងផែនការអភិវឌ្ឍឃុំ។ លោកសឿន ម៉ត មេឃុំកន្ទឺ២ និងលោក កោះ សេងហាវ មេឃុំឈើទាល នៃស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានចំណែកសមត្ថកិច្ចគ្រប់គ្រងមូលដ្ឋាននៃរមណីយដ្ឋានភ្នំបាណន់ បានថ្លែងប្រាប់មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថាតំបន់ទេសចរណ៍មួយនេះបានផ្ដល់ផល់ប្រយោជន៍តកូនចៅរាប់ជំនាន់នៃមូលដ្ឋានរបស់លោក តាមរយៈការទទួលបានផលពីភ្ញៀវទេសចរណ៍ជិតឆ្ងាយ។
លោក សឿន ម៉ត មេឃុំកន្ទឺ២ ថ្លែងថា ឃុំរបស់លោកបានគិតគូររៀបចំកន្លែងកម្សាន្តនៅតំបន់ភ្នំបាណន់ តាំងពីឆ្នាំ១៩៨៦មកម្លេះ ដោយបានរៀបចំកាំជណ្ដើរសម្រាប់ឡើងទៅប្រាសាទ ឡូរី កន្លែងដាំកូនឈើ ស្ពានយោល បង់អង្គុយលេង និងប្រឡាយទឹកដែលអាចឱ្យប្រជាពលរដ្ឋមកលេងកម្សាន្តបាន។ បើតាមលោកមេឃុំ រូបលោក ក្រុមការងារ និងអាជ្ញាធរ តែងបានសហការសម្អាត និងរៀបចំបរិស្ថានឱ្យល្អ មានសណ្ដាប់ធ្នាប់ ធានាសុវត្ថិភាព និងអនាម័យនៅតំបន់ប្រាសាទ ជាពិសេសលោកបានណែនាំឱ្យអាជីវករលក់ដូរទាំងអស់ ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ មិនកេងប្រវ័ញ្ច និងលក់ដូរដោយមានតម្លៃសមរម្យដែលអាចឱ្យបងប្អូន ប្រជាពលរដ្ឋ ទាំងក្នុងស្រុក និងក្រៅស្រុកអាចទទួលយកបាន។
លោកបានអះអាងថា «តាមរយៈការចូលរួមសហការពីមន្ត្រី ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងអាជីវករ ដែលបានអនុវត្តវិធានការ ការពារបរិស្ថាន ធនធានធម្មជាតិ ក៏ដូចជាឥរិយាបទក្នុងការទុកដាក់សម្រាមឱ្យមានរបៀបរៀបរយ និងការលក់ដូរមានអនាម័យប្រកបដោយផាសុខភាព បានកៀរគរភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេសខ្ញុំមានគោលបំណងមួយជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកនេះឱ្យក្លាយជាគោលដៅទេសចរណ៍សំខាន់មួយនៅក្នុងតំបន់ផងដែរ»។
ចំណែកលោក កោះ សេងហាវ មេឃុំឈើទាល ក៏បានបង្ហាញពីចំណាប់អារម្មណ៍សប្បាយរីករាយ នៅពេលឃើញភ្ញៀវទេសចរមកលេងកម្សាន្តច្រើនកុះករ ធ្វើឱ្យបងប្អូនអាជីវករលក់ដូររកប្រាក់ចំណូលបានច្រើន។ លោកមានប្រសាសន៍ថា«ប្រជាពលរដ្ឋនៅតាមដងផ្លូវចេះច្នៃផ្លែឈើធម្មជាតិមកលក់ដូរ ជាហេតុធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង មានភាពល្អប្រសើរឡើងគួរឱ្យកត់សម្គាល់»។ បើតាមលោកមេឃុំ ជាយូរឆ្នាំមកហើយ គឺរដ្ឋបាលឃុំរបស់លោកតែងយកចិត្តទុកដាក់ជ្រោមជ្រែងទាក់ទាញភ្ញៀវទេសចរ ពីព្រោះវិស័យនេះ បានរួមចំណែកជំរុញការអភិវឌ្ឍមូលដ្ឋាន។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាឃុំតែងតែមានផែនការអភិវឌ្ឍរបស់ខ្លួនដែលផែនការទាំងអស់នោះនឹងដាក់បញ្ជូលនូវរាល់អ្វីដែលខ្លួនត្រូវធ្វើដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាជននៅមូលដ្ឋាន។ ថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងវិស័យមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញណែនាំឱ្យអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ខិតខំកែច្នៃសក្ដានុពលទេសចរណ៍ដើម្បីស្រូបយកភ្ញៀវទេសចរ និងជំរុញសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ