ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកងកម្លាំងចម្រុះ រួមជាមួយអាជ្ញាធរដែនដីទៅត្រួតពិនិត្យស្ថានភាពព្រៃឈេីធម្មជាតិដែលបានដុះលូតលាស់ឡើងវិញ ក្រោយពីជនល្មើសលួចកាប់រយៈពេលមួយឆ្នាំកន្លងមក ដែលកងកម្លំាងចម្រុះការពារបានមិនឲ្យមានការដាំដុះ និងបាត់បង់ ក្នុងតំបន់សហគមន៍អូរបញ្ញា ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៤ អស់រយៈពេលមួយឆ្នាំកន្លងទៅ បានដឹកនាំកងកម្លាំងចម្រុះត្រួតពិនិត្យដីព្រៃនៅតំបន់សហគមន៍អូបញ្ញា ក្នុងដែនជម្រកសត្វព្រៃបឹងពែរនេះ មានទំហំជាង ១០ ហិកតា ដែលត្រូវបានជនល្មេីសលួចកាប់ទន្ទ្រានក្នុងចន្លោះចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ មុនពេលកងកម្លាំងចម្រុះចេញប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំចេញប្រតិប្តិការ ដែលកន្លងមកដីព្រៃទាំងនេះ ត្រូវបានជនល្មើសលួចកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ តែនៅថ្ងៃនេះ ដោយសារកងកម្លាំងយើងគ្រប់គ្រងការពារបាន មិនឱ្យមានការដាំដុះនិងយកដីនេះធ្វើជាកម្មសិទ្ធិរបស់បុគ្គលណាមួយបាន ដូច្នេះបានធ្វើឲ្យព្រៃធម្មជាតិ ត្រូវបានដុះលូតលាស់ឡើងវិញ លេីផ្ទៃដីកាប់ទន្ទ្រានរួចមានភាពស្រស់ត្រកាល សម្រាប់កូនចៅយើងនៅជំនាន់ក្រោយ និងសម្រាប់សង្គមជាតិយេីងទាំងមូល។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខុសច្បាប់ មិនឱ្យមានការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ យកដីធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ ហើយនិងខិតខំការពារដីព្រៃ ដែលជនល្មើសបានកាប់ទន្រ្ទានកន្លងទៅ ដើម្បីថែរក្សាឱ្យព្រៃធម្មជាតិ ដុះលោតលាស់ឡើងវិញ ពិសេស ធ្វើឲ្យសម្រស់ធម្មជាតិនិងសត្វព្រៃនៅក្នុងសហគមន៍អូរបញ្ញាក្នុងដែនជម្រកសត្វព្រៃបឹងពែនេះ មានការប្រែប្រួលរីកចម្រើន ក្លាយជាកិច្ចការពារធនធានធម្មជាតិ សម្រាប់យើងទាំងអស់គ្នា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕
ដោយ៖តារា