ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ថ្លែងកោតសរសើរចំពោះវិស័យពុទ្ធិកសិក្សានាពេលបច្ចុប្បន្នមានការរីកចម្រើនគួរឱ្យគត់សម្គាល់ ខណៈកត្តារីកចម្រើននេះមិនអាចកើតឡើងបានទេ បើសិនជាប្រទេសគ្មានសុខសន្ដិភាព។ ហើយកត្តាសុខសន្ដិភាព មិនមែនត្រឹមតែផ្ដល់លទ្ធភាពដល់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្ដែក៏បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋអាចបដិបត្តិសាសនារៀងៗខ្លួនផងដែរ។
-សម្ដេចធិបតី ថ្លែងថា ប្រទេសជាតិមួយអាចកសាងរីកចម្រើនទៅបាន គឺត្រូវមានមូលធនមនុស្សរឹងមាំ ដូច្នេះការកសាងមូលធនមនុស្សនេះ ត្រូវបានចាត់ទុកជាកត្តាដ៏សំខាន់ក្នុងការកំណត់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត។
-សម្ដេចធិបតី ថ្លែងថា មិនថាអ្នកមាន ឬអ្នកក្រ ឪពុកម្ដាយទាំងអស់ គឺចង់ឱ្យកូនបានរៀនសូត្របានខ្ពង់ខ្ពស់ពីព្រោះមានតែចំណេះវិជ្ជាទេដែលអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ។
-សម្ដេចធិបតី ថ្លែងថា ការរៀនសូត្រមិនមែនទទួលត្រឹមចំណេះដឹងនោះទេ ប៉ុន្ដែកត្តាធំបំផុតគឺការជឿជាក់លើខ្លួនឯង។ យើងរៀនជំនាញបច្ចេកទេស គឺជាជំនាញរឹង ប៉ុន្ដែចរិយាធម៌ សីលធម៌ គុណធម៌ គឺជាកត្តាសំខាន់ក្នុងការទទួលបានជំនាញទន់ អាចឱ្យសិស្ស និស្សិតធ្វើការនៅក្នុងសង្គមបានល្អជាមួយអ្នកដទៃ។
-សម្ដេចធិបតី ថ្លែងថា វិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងពីរនេះត្រូវដើរស្របគ្នា មិនអាចខ្វះមួយណាបានទេ ពុទ្ធចក្រ មានតួនាទីអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ ប៉ុន្ដែអាណាចក្រ មានតួនាទីកំណត់ច្បាប់ និងដឹកនាំសង្គម ដើម្បីធានានៅលំនឹងសង្គម និងសុខដុមនីយកម្ម។
-សម្ដេចធិបតី ថ្លែងថា នៅក្នុងសង្គមជាតិ តើយើងត្រូវធ្វើបែបណា ដើម្បីគ្រប់គ្រងការវិវត្តន៍ជឿនលឿននៃប្រព័ន្ធ AI ខណៈប្រព័ន្ធនេះមានជនខិលខូចកំពុងវាយលុកលើបណ្ដាញទូរគមនាគមន៍ និងព័ត៌មាន បង្កើតព័ត៌មានកន្លែងក្លាយ និងការឆបោក។
-សម្ដេចធិបតី ក៏បានលាតត្រដាងថាថ្ងៃមុន សម្ដេចក៏ធ្លាប់បានទទួលសារពីបណ្ដាញតេឡេក្រាមដោយជនអនាមិកបន្លំជាប្អូនជីដូនមួយសម្ដេចផ្ញើសារមកសុំលុយពីសម្ដេចថែមទៀត។
-សម្ដេចធិបតី ថ្លែងថា គ្មានសាសនាណាមួយ ប្រៀនប្រដៅមនុស្សឱ្យកាចសាហាវ ឬកាប់សម្លាប់គ្នាទេ ទាំងពុទ្ធសាសនា អ៊ិស្លាមសាសនា និងគ្រិស្តសាសនា ប៉ុន្ដែគោលដៅធំបំផុតគឺដើម្បីឱ្យមនុស្សធ្វើល្អ ចេះចែករំលែក ចែកផលជាមួយគ្នា។
-សម្ដេចធិបតី ថ្លែងថា ការបង្កើតឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក មិនមែនជាការកែប្រែខ្លឹមសារនោះទេ ប៉ុន្ដែដើម្បីប្រមូល និងបកប្រែនៅចំណុចដែលខ្វះខាត ដោយបញ្ញវន្តព្រះពុទ្ធសាសនាជំនាន់ក្រោយនឹងបន្តការងារទាក់ទងនឹងគម្ពីរក្បួនច្បាប់ធម៌អាថ៌ឱ្យបានចម្រើនទៅមុខ។
-សម្ដេចធិបតី ថ្លែងថា ប្រទេសកាន់តែទំនើប កាន់តែរីកចម្រើន តួនាទីសាសនាកាន់តែសំខាន់ក្នុងការចូលរួមអប់រំផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ពីព្រោះកាលណាប្រទេសកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានការងារក៏កាន់តែច្រើនធ្វើឱ្យមនុស្សមានបញ្ហាស្រ្ដេសច្រើនដូចគ្នា ដូច្នេះត្រូវការការអប់រំផ្លូវចិត្តឡើងវិញ។
-សម្ដេចធិបតី ថ្លែងថា កុំរៀន៤ ឆ្នាំ មានតែសញ្ញាបត្រ អ្វីក៏មិនចេះ ធ្វើការមិនកើត មិនចេះទាំងប្រើ Microsoft Word ។
-សម្ដេចធិបតី ថ្លែងដាស់តឿននិស្សិតថា ជ្រុលជារៀន៤ឆ្នាំទៅហើយ ត្រូវរៀនឱ្យចប់ រៀនឱ្យចេះ កុំរៀនចប់មានតែសញ្ញាបត្រ ចូលធ្វើការមិនចេះអី ហើយមិនបាច់រៀនច្រើនជំនាញ ច្រើនភាសាពេកទេ រៀនតែមួយឱ្យចេះខ្លាំងទៅ ពោលបើរៀនវិស្វករ ត្រូវសង់សំណង់កុំឱ្យបាក់ រៀនជំនាញគណនេយ្យ ត្រូវគិតលុយគេកុំឱ្យបាត់។
-សម្ដេចធិបតី ថ្លែងថា ដើម្បី Like, Share លើហ្វេសប៊ុក មនុស្សហ៊ានប្រព្រឹត្តទង្វើប្រាសចាកសីលធម៌ ប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ។ ប៉ុន្តែទន្ទឹមនេះ មានអ្នកផលិតមាតិកាល្អៗដូចគ្នា។ ជុំវិញបញ្ហានេះ សម្ដេចឱ្យផលិតមាតិកា ដើម្បីបំបាត់រឿងអវិជ្ជមាន។
-សម្ដេចធិបតី ថ្លែងឱ្យគ្រឹះស្ថានពីកម្រិតបឋមដល់ឧត្ដមសិក្សា ត្រូវអប់រំផ្នែកសីលធម៌ គុណធម៌ ឥរិយាបថ ជាប់ជាប្រចាំ។
-សម្ដេចធិបតី ថ្លែងថា ឳពុកប្រឹងរត់កង់បី ម្ដាយលាងចាន បោកគកឱ្យគេ តែត្រដរឱ្យកូនរៀន រហូតក្លាយជាសិស្សពូកែ
-សម្ដេចធិបតី ថ្លែងថា មិនថាឳពុកម្ដាយក្រ ឬមាន គឺសុទ្ធតែឱ្យកូនបានចូលរៀនសូត្រមានចំណេះដឹងជ្រៅជ្រះ ព្រោះតែពួកគាត់យល់ថាចំណេះដឹងជាទ្រព្យដែលជាប់នឹងប្រាណ ចាយមិនចេះអស់ ខុសពីលុយដែលចាយឆាប់អស់។
-សម្ដេចធិបតី លើកឡើងពីការមើលឃើញថា៖« ក្មួយម្នាក់ដែលរៀនបានលេខ១ នៅព្រៃវែង ខាងគណិតវិទ្យា គ្រួសារក្រីក្រពិបាក ប៉ុន្តែឳពុកម្ដាយតស៊ូ ឳពុករត់កង់បី ម្ដាយរកស៊ីលាងចាន បោកគក់ឱ្យគេ តែតស៊ូឱ្យកូន(រៀន) ហើយកូនប្រឹងប្រែងប្រឡង។ អ៊ីចឹងមិនប្រាកដថាអ្នកក្ររៀនចាញ់អ្នកមានទេ! ហើយសមត្ថភាពនៅក្នុងការរៀនសូត្រនេះ ក៏វាឆ្លុះបញ្ចាំងពីសមត្ថភាពនៃការខិតខំប្រកួតប្រជែងពេលដែលចេញធ្វើការទៅថ្ងៃអនាគត អត់មានម៉ែឳណាជួយរហូតនោះទេ»៕ដោយ៖ស តារា