ខេត្តក្រចេះ៖ ដើម្បីកុំឲ្យជះដល់ឥទ្ធិពលដ៏អាក្រក់ប៉ះពាល់ដល់ស្ថាប័នអយ្យការ នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ តំណាងអយ្យការបានដឹកនាំកម្លាំងសមត្ថកិច្ចឃាត់ចាប់រថយន្តដឹកឈើរបស់ព្រះរាជអាជ្ញារង និងឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅស្នាកការកងរាជអាវុធហត្ថស្រុកស្នួលដើម្បីបន្តនីតិវិធី។ នេះជាការលើកឡើងរបស់សមត្ថកិច្ចកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។
សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ តំណាងអយ្យការលោក ធុច បញ្ចសន្ដិភាព បានដឹកនាំកម្លាំងសមត្ថកិច្ចឃាត់ចាប់រថយន្តដឹកឈើមួយគ្រឿងសង្ស័យថា លោក សោរ វុទ្ធី ព្រះរាជអាជ្ញារងនៅពីក្រោយខ្នងនៃបទល្មើសនេះ ទើបឃាត់ចាប់ ឈានដល់ឃាត់ខ្លួនអ្នកបើកបរជាមន្ត្រីយោធាមួយរូបនៅចំណុចផ្អាក ស្ថិតក្នុងភូមិ-ឃុំ-ស្រុកស្នួល ខេត្តក្រចេះ ហើយយកទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកស្នួល។ អ្នកបើកបរជាមន្ត្រីយោធាមិនត្រូវបានបញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ។ ចំណែកឯរថយន្តនិងឈើសុក្រំ ដែលសមត្ថកិច្ចបង្ក្រាបចាប់យកដែលមានមុខកាត់ខ្នាត់ធំ ពី៣ទឹក ទៅ ៥ទឹក ប្រវែង៣ម៉ែត្រ និងត្រូវរៀបចំសំណុំបែបបទបញ្ជូនទៅខាងជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តនីតិវិធី។
គេបានបញ្ជាក់ថា ប្រភេទប្រណិតទាំងនេះបានដឹកចេញមកពីចំណុចភូមិ១០៥ថ្មី ស្រុកចិត្របុរី បម្រុងឆ្ពោះទៅប្រទេសវៀតណាមតាមច្រកដេ២ នៅស្រុកស្នួល ខេត្តក្រចេះ។
ក្រៅពីរថយន្តដឹកឈើដែលឃាត់ទុកសង្ស័យព្រះរាជអាជ្ញារង សោរ វុទ្ធី នៅពីក្រោយខ្នងនោះក៏មានរថយន្ដដឹកឈើដ៏ច្រើនផងដែរ កាលពីយប់ថ្ងៃទី២៤នោះ គឺជារថយន្តដឹកឈើរថយន្តឈ្មោះ ពក ដឹកដូចគេហែកឋិន ទាំងយប់ទាំងថ្ងៃក្រោមក្រសែភ្នែកលោក អ៊ុយ ស្រី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រកស្នួល ដែលត្រូវដងត្រូវផ្លែគ្នា បំផ្លាញព្រៃឈើ។
គួររំលឹកថា ព្រះរាជអាជ្ញារង សោរ វុទ្ធី ត្រូវបានគេទម្លាយថា បានជាប់ពាក់ព័ន្ធនៅពីក្រោយបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ តាមរយៈក្រុមឈ្មួញអះអាងថា ជាឈើរបស់គាត់ទើបកន្លងមកសមត្ថកិច្ចខ្លះចេះតែមិនហ៊ានចាប់ មិនហ៊ានយកលុយពីក្បាលឡាន ម្យ៉ាងទៀតតំណាងអយ្យការអាចខ្លាចប៉ះពាល់ដល់ស្ថាប័នអយ្យការ ទើបឈានដល់បង្ក្រាបក្នុងបទល្មើសដឹកឈើប្រណិតជាក់ស្តែង។
លោក ទ្រី សុភ័ក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះពាក់ព័ន្ធនឹងមន្ត្រីរបស់គាត់ច្រើនប្រើតួនាទីភារកិច្ច ចាំរាប់ក្បាលឡានដឹកឈើយកលុយ និងមិនបង្ក្រាប នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ដោយទូរស័ព្ទតាមទូរស័ព្ទលោកបញ្ជាក់ថា កំពុងជាបមានភារកិច្ចមកភ្នំពេញ ហើយបានផ្ទេរការងារទៅឲ្យនាយរងខណ្ឌធ្វើកិច្ចការជំនួស។ លោកបន្តថា បញ្ហាបទល្មើសនេះពិតជាកើតមានហូរហែរ ហើយឈ្មួញហាក់ដូចមិនខ្លាចសមត្ថកិច្ចនិងជំនាញទល់តែសោះ លោកក៏កំពុងយោបល់អភិបាលខេត្តថា តើត្រូវធ្វើយ៉ាងណា ព្រោះកន្លងទៅប្រជាពលរដ្ឋបានលើកគ្នាមករំដោះវត្ថុតាងមធ្យោបាយដឹកបទល្មើសព្រៃឈើពីសមត្ថកិច្ចចំកណ្តាលក្រុងនោះទៀតផង?៕
ដោយ៖ សុខ ខេមរា