ភ្នំពេញ ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ពោលគឺចាប់ពីខែមករា រហូតដល់ខែមីនាកន្លងទៅ សាលាជាតិរដ្ឋបាលមូលដ្ឋានហៅកាត់ថា NASLA បានខិតខំអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ដោយសម្រេចបានលទ្ធផលលើការងារសំខាន់ៗជាច្រើន ទាំងការងារអភិវឌ្ឍន៍ សមត្ថភាព ការងារស្រាវជ្រាវអំពីអភិបាលកិច្ចមូលដ្ឋាន និងការងារគ្រប់គ្រងនិងអភិវឌ្ឍន៍អង្គភាព ក្នុងនោះក៏បូករួមទាំងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ អន្តរជាតិ ក៏ដូចការធ្វើបរិវត្តកម្មឌីជីថលសាលាជាតិរដ្ឋបាលមូលដ្ឋាន។
បើតាម ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ស្នាដៃ និងលទ្ធផលលេចធ្លោដែល NASLA ក្នុងត្រីមាសទី១នេះ សាលាជាតិរដ្ឋបាលមូលដ្ឋានបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៦វគ្គ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២១៨រូប (ស្រី៦៧រូប) ពាក់ព័ន្ធប្រធានបទនានាដូចជាការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការគ្រប់គ្រងផ្អែកលើលទ្ធផល ការតាក់តែងអត្ថបទ ការរៀបចំរបាយការណ៍ ការរៀបចំសុន្ទរកថា បទអន្តរាគមន៍ និងជំនួយស្មារតី និងការងារពិធីការជាដើម។ល។
ឯកឧត្តមនាយក បន្ថែមទៀតថា ក្រៅពីការចុះស្រាវជ្រាវ និងរៀបចំឯកសារស្រាវជ្រាវនានា សាលាជាតិរដ្ឋបាលមូលដ្ឋានក៏បានសហការរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព និងមានភាពធន់ នៅសហគមន៍នេសាទជ្រលង ខេត្តព្រះសីហនុ” ដែលជាវេទិកាដ៏មានសារសំខាន់មួយ ផ្តល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសមាជិកសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ក្នុងការរួមគ្នាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗ ក៏ដូចការរួមគ្នារិះរកនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់ខ្លួនប្រកបដោយចីរភាព និងភាពធន់។
ចំពោះការសាងសង់អគារសិក្សា និងអគារអន្តេវាសិកដ្ឋានរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានវិញ ឯកឧត្តម សូ មុនីរក្សា បង្ហើបឱ្យដឹងថា ការងារនេះ សម្រេចបានវឌ្ឍនភាពប្រមាណ ៨៦%ហើយ ដោយបច្ចុប្បន្ន បាននិងកំពុងរៀបចំបញ្ចប់ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធមេកានិក និងប្រព័ន្ធអគ្គិសនី ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ សាលាជាតិរដ្ឋបាលមូលដ្ឋានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត។
ក្រៅពីនេះសាលាជាតិរដ្ឋបាលមូលដ្ឋាន បាននិងកំពុងរៀបចំ និងកែសម្រួលកម្មវិធីសិក្សា និងឯកសារបណ្តុះបណ្តាល រៀបចំសៀវភៅគោល និងសៀវភៅណែនាំ ស្រាវជ្រាវអំពីអភិបាលកិច្ច និងការអភិវឌ្ឍន៍មូលដ្ឋាន រៀបចំលិខិតបទដ្ឋានគតិយុទ្ធ និងឯកសារគោលនយោបាយ។ ទន្ទឹមនេះសាលាបាននិងកំពុងរៀបចំ ការងារចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយបច្ចុប្បន្ន សាលាជាតិរដ្ឋបាលមូលដ្ឋានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ដៃគូសរុបចំនួន១៤ ក្នុងនោះមានក្រសួងចំនួន១ ស្ថាប័នបណ្តុះបណ្តាលចំនួន៨ (ក្នុងប្រទេសចំនួន៧ និងក្រៅប្រទេសចំនួន១) និងអង្គការសង្គមស៊ីវិលចំនួន៥។
សូមបញ្ជាក់ថា សាលាជាតិរដ្ឋបាលមូលដ្ឋាន មានតួនាទីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រចនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានមានចំនួន៤ រួមមាន ១.នាយកដ្ឋានកិច្ចការទូទៅ ២.នាយកដ្ឋានបណ្ដុះបណ្ដាល ៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ៕
ដោយ ៖ លោក សេង បូលីន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ