ភ្នំពេញ ៖ ក្រសួង ធម្មការ និង សាសនា តម្រូវឱ្យ «លោកតាសក់សភ្នំត្បែង» គោរពតាមគោលការណ៍ ៣ ចំណុច ៖
-ទី១-ត្រូវសុំច្បាប់ឱ្យបានត្រឹមត្រូវ ពីក្រសួង ធម្មការ និង សាសនា ។
-ទី២-ត្រូវបង្ហាញឱ្យបានច្បាស់លាស់ តើប្រភពចំណូលទាំងអម្បាលមាណ បានមកពីសប្បុរសជនណាខ្លះ បញ្ជាក់ឈ្មោះ និងចំនួនទឹកប្រាក់ ។
-ទី៣-បញ្ឈប់ជាដាច់ខាត នូវសកម្មភាពខុសច្បាប់ លើការផ្សព្វផ្សាយលើបណ្តាញសង្គមអំពីសាសនា ដែលខ្លួនបានលើកឡើងកន្លងទៅ ជាប្រយោជន៍អូសទាញលួងលោមឱ្យប្រជាពលរដ្ឋយល់ច្រឡំ ទោះជាគាត់តាំងខ្លួនថារៀបចំសាងសង់ប្រាសាទ ជាប្រពៃណីជំនឿព្រហ្មមញ្ញសាសនា នោះក៏ដោយ ។ នេះការបញ្ជាក់ឱ្យដឹងពីលោក លោក ហួន គា ប្រធានមន្ទីរ ធម្មការ និង សាសនា ខេត្តព្រះវិហារ ។
សូមបញ្ជាក់ថា ៖ បុគ្គល លោក«អង្គមហាឦស្វរៈសិវមោក្ខពេជ្រសង្វារវង្សហៅលោកតាសក់សភ្នំត្បែង» បានយកសាសនាមកបាំងមុខដើម្បីធ្វើការបោកប្រាស់ប្រជាពលរដ្ឋ ពីព្រោះថាសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ប៉ុន្តែជំនឿសាសនាមិនត្រូវបានហាមឃាត់នោះទេ។ ហើយក៏មិនត្រូវយកសាសនាទាំងអស់ គ្រប់ជំនឿ ឬនិកាយផ្សេងៗ បាំងមុខដើម្បីបោកប្រាស់ប្រជាពលរដ្ឋនោះដែរ ថ្វីត្បិតតែប្រទេសកម្ពុជា ចាត់ទុកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋក៏ពិតមែន ប៉ុន្តែពេលមានកម្មវិធីត្រូវប្រារព្ធធ្វើឡើង មានទាំងព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា ដូចជាពិធីបន់ស្រន់ ទទួលទេវតាយាងចុះ ពាក់ព័ន្ធនិងព្រហ្មញ្ញ មិនមែនតែព្រះពុទ្ធតែមួយទេ។ បើករណីការកសាងអង្គរវត្តទាំងមូល គឺឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនា ព្រះវិស្ណុ តាំងពីសម័យព្រះអង្គព្រះបាទជ័យសោវរ្ម័នទី 2 ដើម្បីឧទ្ទិសទៅដល់ព្រះអង្គព្រះវិស្ណុ មានន័យថាបរមព្រះវិស្ណុលោក រហូតមកដល់ព្រះបាទជ័យវរ្ម័នទី 7 គោរពទាំងព្រះពុទ្ធសាសនា គោរពទាំងព្រហ្មញ្ញសាសនា ជាពិសេស គោរពសំណាកនៅប្រាសាទអង្គរវត្ត ដែលត្រូវបានភ្ញៀវជាតិ អន្តរជាតិ តែងគោរពនោះ គឺតួអង្គតារាជ្យ គឺជាតួអង្គព្រះវិស្ណោះ ឬព្រះអង្គព្រះនរាយណ៍។ ផ្ទុយទៅវិញបុគ្គលនេះមិនត្រូវយកសាសនាមកបាំងមុខ មកបោកប្រាស់ប្រជាពលរដ្ឋនោះទេ។ ប៉ុន្តែរដ្ឋមិនបានហាមឃាត់មិនឲ្យគោរពសាសនានោះដែរ គឺប្រជាពលរដ្ឋមានសិទ្ធគោរពសាសនាទាំងអស់ ទោះជាព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា សាសនាគ្រឹះ ឥស្លាម ។ល។ គឺគ្រប់សាសនាបើកឲ្យគោរពដោយសេរី គ្រាន់តែគោរពអោយបានត្រឹមត្រូវ កុំយកសាសនាធ្វើជាជំនួញ បាំងមុខដើម្បីដើរបោកប្រាស់គេជាប្រយោជន៍របស់ខ្លួននោះ។ អំពើទាំងអស់នេះធ្វើឲ្យប៉ះពាល់ដល់កត្តិស័ព្ទ កិត្តិនាម ជាពិសេសប្រទេសកម្ពុជាយើងមានការដោតជ្រៅ ពីបុរាណកាលមក គឺព្រហ្មញ្ញ ព្រះពុទ្ធសាសនា គឺមានចំណងទាក់ទងគ្នាគ្រប់កម្មវិធី ទាំងអស់ មិនដែលមានការប្រាសចាកទេ កម្មវិធីណាក៏មាន ព្រហ្មញ្ញាសាសនា ព្រះពុទ្ធសាសនា សូម្បីកម្មវិធីរៀបអាពាហ៍ពិពាហ៍ ក៏មានកម្មវិធីរៀបចំក្រុងពាលី សាសនាព្រលឹងសែនដូនតា មានព្រហ្មញ្ញក្រុងពាលី មានព្រះពុទ្ធសាសនា និមន្តមកទេសនា សូត្រមន្ត លើករាសី ។ ដូច្នេះសុទ្ធតែមានតម្លៃទាំងអស់ចំពោះសាសនា ។ ប៉ុន្តែបុគ្គលទេដែលយកសាសនា បិទបាំងបោកប្រាស់គេ។ ពីព្រោះថាគ្រប់សាសនា ឱ្យប្រព្រឹត្តតែអំពើល្អ មិនមានសាសនាណាមួយឲ្យមនុស្សប្រព្រឹត្តអំពើអាក្រក់នោះឡើយ។ តាមពិត លោក«អងគមហាឦស្វរៈសិវមោក្ខពេជ្រសង្វារវង្សហៅលោកតាសក់សភ្នំត្បែង» ធ្វើឡើងជាអំពើឆបោក ពីព្រោះថានៅប្រទេសកម្ពុជា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិគោរពសាសនា រឿងៗខ្លួនដោយសុខដុមរមនា ។ និយាយរួមប្រទេសកម្ពុជា មានអរិយធម៌ វប្បធម៌ ដ៏រុងរឿងតាំងពីបុរាណកាល មកដល់បច្ចុប្បន្ន ការគោរពមាន៣ គឺមានសាសនាព្រលឹង សាសនាព្រហ្មញ្ញ សាសនាព្រះពុទ្ធ ដូច្នេះសុខដុមរមនាកម្មសាសនា ប្រទេសកម្ពុជាមិនចោលទេ រាល់ពិធីបុណ្យ ភូមិ បុណ្យដាលាន ពិធីមង្គលការ ពិធីកសាងអគារស្អីក៏ដោយ តែងតែមានការសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដី ភូមិករព្រះធរណី ក្រុងពាលី រំលឹកគុណដល់ ព្រះអង្គព្រះវិស្ណុ ឬពិធីព្រហ្មញ្ញ ហើយក៏មានពិធីសូត្រមន្តលើករាសី តាមព្រះពុទ្ធសាសនា គឺគ្រប់កម្មវិធីទាំងអស់មិនបានចោលទំនៀមទម្លាប់ទាំងអស់នេះទេ។ ចំណុចនេះហើយដែលយើងត្រូវតែមានវិធានការទប់ស្កាត់ ពិសេសចំពោះបុគ្គលឈ្មោះ ដែលយកសាសនាមកបិទបាំងដើរបោកប្រាស់ ផ្សព្វផ្សាយតាមបណ្ដាញសង្គម ធ្វើឱ្យខូចកិត្តិយស កិត្តិនាមលើសាសនា ។ បញ្ហាខាងក្រសួងមិនត្រឹមតែហាមឃាត់ ៣ ចំណុចនោះ គប្បីមានវិធានការលើបទល្មើស ខណៈយកសាសនា បាំងមុខ ដើម្បីគិតរឿងផលប្រយោជន៍ ទាំងខ្លួន មានទាំងប្រពន្ធនឹងកូនថែមទៀត ។
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោក«អងគមហាឦស្វរៈសិវមោក្ខពេជ្រសង្វារវង្សហៅលោកតាសក់សភ្នំត្បែង» បានបង្ហោះលាងខ្លួនថា ៖ រូបកាយរង្គើអស់គ្រប់ទិសា ហើមធ្លាយកាយាបែកធ្លាយជាទឹក ជនលេចភពផែនធម្មជាតិសព្វសត្វ មិនយូរមិនឆាប់ខាងមុខនេះហើយ។
ផ្ទៃទឹកសែនធំ ឃ្លេងឃ្លោងក្នុងកាយ
ក្អែផុលពីផ្ទៃស្រោចស្របលោកា
ទំនាយ(វូវូ)ជិតដល់ហើយណា គ្រប់អង្គអាត្មាប្រុងប្រៀបស្មារតី។
ចូរលោកទាំងឡាយ នាំគ្នាភ្ញាក់ឡើង
រៀបចំខ្លួនប្រាណ រកធម៌ជាស្ពាន
រំលត់កំហឹង ទោសៈជាប់ប្រាណ
វាល៣អន្លុង៤ឈានចូលដល់ហើយ។
ឱ!ភ្នំបាខែង ជម្រកម្លប់ពោធិ
សល់តែព្រះធម៌ អំបូរពូជនាគ នគរគោកធ្លក សិអារ្យបានត្រាស់ រៀបចំជាតិសាសន៌ ដែលនៅសេសសល់។
គួរឱ្យចង់អស់សំណើចណាស់ យើងលាចាសិក្ខាបទ ទៅវះកាត់ឫសដូងបាតនៅថៃ គេថាយើងទៅកែមុខ ធ្វើនេះ ធ្វើនោះ ។កាលនៅក្នុងសិក្ខាបទ សក់របស់យើងវែងហើយសរ គេចោទថាយើងលាបថ្នាំឱ្យសរ
ហើយថាទុកសក់វែងដូចបិសាច។
ប៉ុន្តែពេលដែលយើងលាចាកសិក្ខាបទ យើងកាត់សក់ខ្លីលាបថ្នាំខ្មៅ គេចោទថាយើងនៅជាប់ជំពាក់
រស ក្លិន សំលេង មិនដឹងថាអ្នកទើសចង់ឱ្យយើងធ្វើបែបណាតាមពួកគាត់ទៅហ្ន? ឥឡូវយើងបង្ហោះរូបចាស់ៗកាលពីជាងដប់ឆ្នាំមុន និងរូបថ្មីៗឱ្យប្រៀបធៀបហើយមើលឱ្យស្គាល់យើងទៅចុះ។ កន្លងមកយើងមិនបង្ហាញមុខមាត់ពិត គឺដោយសារតែយើងបារម្មណ៌អំពីសុវត្ថិភាពផ្ទាល់ខ្លួន តែមកដល់ពេលនេះ ខ្ជិលលាក់ទៀត អ្នកចង់ស្គាល់មើលឱ្យច្បាស់ទៅ។
សូមបញ្ជាក់ថា ៖ តារាចំរៀង អ្នកស្រី មាស សុខសោភា បានលង់ក្នុងបោកប្រាស់ពី លោក«អងគមហាឦស្វរៈសិវមោក្ខពេជ្រសង្វារវង្សហៅលោកតាសក់សភ្នំត្បែង» យកសាសនា មកបាំងមុខ អស់ប្រាក់ជាង ៣០មុឺនដុល្លារ ក្នុងចេញនោះចេញពីកុង ធនាគាររបស់ប្តី ២៣០០០០ ដុល្លារ ។ នេះបើយោងតាមការបញ្ជាក់ពីលោក Rada Ith ជាស្វាមី តារាចំរៀង អ្នកស្រី មាស សុខសោភា ៕
ដោយ ៖ សិលា