ខេត្តព្រៃវែង ៖ ប្រហែលនេះគឺលើកទី១ហើយនៅស្រុកខ្មែរ ។ ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយដល់កម្លាំងសន្តិសុខខេត្ត ដែលមានខ្ញុំជាអ្នកដឹកនាំមួយរូប និងមិនអាចទទួលយកបានជាដាច់ខាត! ក្មេងៗសត្វមមាចមួយក្រុមនេះដេញគប់គ្នា និងវាយគ្នារហូតដល់ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ពិតជាមិនគួរឱ្យជឿទាល់តែសោះ ។ តើខ្ញុំគួរធ្វើបែបណាចំពោះពួកគាត់ឱ្យសមនឹងទង្វើតិរច្ឆាននេះ?? នេះជាការលើកឡើងពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងផេករបស់លោកផ្ទាល់។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបន្តថា ៖ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកចៅក្រមនៃខេត្តព្រៃវែងនឹងកំណត់ទោសទណ្ឌក្រុមនេះដោយសមរម្យបំផុត ពីព្រោះខ្ញុំយល់ឃើញថា ពួកនេះបើអប់រំត្រឡប់ទៅផ្ទះឱ្យកែខ្លួនក៏មិនចំណេញដល់សង្គមជាតិដែរ ។ ជាថ្មីទៀត សូមផ្តាំយ៉ាងទទូច និងម៉ឺងមាត់ថា ក្មេងៗពាលដែលចូលចិត្តប្រព្រឹត្តអំពើពាលាអាវ៉ាសែទាំងឡាយក្នុងឃុំសង្កាត់ទាំង ១១៦ នៃខេត្តព្រៃវែង ឱ្យតែខ្ញុំបានដឹងថា ពួកអស់លោកលោកស្រីឯងបានប្រព្រឹត្តបទល្មើសហើយ ទោះគេចដល់ទីណាក៏តាមយកដែរ ហើយគ្មានឡើយវិធានការអប់រំនោះ ៕
ដោយ ៖ សិលា