ខេត្តបន្ទាយមានជ័យ៖ យ៉ាងតិចទីតាំងស្តុកទំនិញសង្ស័យគេចពន្ធចំនួន៣ទីតាំងត្រូវបានសមត្ថកិច្ចគយខេត្តបន្ទាយមានជ័យចុះឆែកឆេរ បន្ទាប់ពីមានការសម្របសម្រួលដោយតំណាងអយ្យការសាលាដំបូងខេត្ត ពាក់ព័ន្ធទៅនឹងករណីដឹកជញ្ជូន និងស្តុកទុកនូវទំនិញគេចពន្ធជាច្រើនប្រភេទ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ចំកណ្តាលក្រុងសេរីសោភ័ណ ដែលជាទីតាំងឃ្លាំងស្តុកទំនិញគេចពន្ធរបស់លោក ស៊ីវ សុជាតិ ហៅតោ អធិការនគរបាលក្រុងសេរីសោភ័ណ ។
សមត្ថកិច្ចចុះប្រតិបត្តិការមិនទាន់បញ្ជាក់ប្រាប់លម្អិតពីចំនួនចំពោះមុខទំនិញដែលត្រូវឆែកឆេរ ថាមានចំនួនប៉ុន្មាន ហើយបង់ពន្ធត្រឹមត្រូវកម្រិតណា គ្មានឯកសារគ្រប់គ្រាន់កម្រិតណានៅឡើយ នៅរសៀលថ្ងៃដដែលនេះ ប៉ុន្តែការឆែកឆេរនេះ ក៏មានការមិនពេញចិត្តព្រមទាំងស្រែកឡូឡាបែបចំអកផងដែរពីសាច់ញាតិរបស់លោកអធិការម្ចាស់ទំនិញគេចព្ធ ស៊ីវ សុជាតិ ដោយលើកឡើងថា បើទោះជាទំនិញទាំងនេះបង់ពន្ធមិនគ្រប់ ក៏មិនអាចបើកឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែត និងច្រកផ្សេងៗ ឬក៏ហោះរំលងមុខមាត់ក្រសែភ្នែកសមត្ថកិច្ចទាំងនោះបានទេ ។ ចំណុចនេះពួកគាត់ចង់បញ្ជាក់ថា បើខ្មោចស្រុកមិនឲ្យដៃ ក៏ខ្មោចខាងក្រៅមិនហ៊ាននាំចូលដែរ អាចពាក់ព័ន្ធនឹងអំពើពុករលួយ បញ្ហានេះបើគយចាប់ ក៏ត្រូវតែរកមុខមន្ត្រីគយមួយណា ដែលជាប់ពាក់ព័ន្ធ ការអនុញ្ញាតដើម្បីលាភសក្ការនោះ ។
គួររំលឹកថា លោក ស៊ីវ សុជាតិ អធិការនគរបាលក្រុងសេរីសោភ័ណត្រូវបានគេចាត់ទុកថា គឺជាឈ្មួញដែលរកស៊ី ដឹកទំនិញគេចពន្ធជាលក្ខណៈទ្រង់ទ្រាយធំ និងមានទីតាំងស្តុកទំនិញគេចពន្ធជាច្រើនកន្លែងនៅក្នុងក្រុងសេរីសោភ័ណ ក៏ដូចជាក្រុងប៉ោយប៉ែត គាត់ស្មើដៃគ្នាជាមួយនឹងភរិយា ដឹកទំនិញគេចពន្ធយូរឆ្នាំមកហើយ គ្មានអ្នកបង្ក្រាប បើបង្ក្រាប គ្រាន់តែឃាត់រថយន្តប្រភេទនីសាន់តូចតាច ដើម្បីគោះទឹកបង្អើលត្រីតែប៉ុណ្ណោះ ។ ប៉ុន្តែនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ លោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការសង្ស័យថា មេគយមកថ្មី មិនបានដឹងពីទំហំនៃបទល្មើសគេចពន្ធនេះក្នុងកម្រិតណា ឬក៏សង្ស័យថា កូនចៅខ្លះជាប់ពាក់ព័ន្ធ ទើបបង្ក្រាប ៕
ដោយ៖ វណ្ណា