អនុមោទនាបុណ្យ វិសាខបូជា ថ្ងៃអាទិត្យ ១៥កើត​ ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ÷ ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី (គឺថ្ងៃ ១៥ កើត) ខែ ពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។

ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែ​ទី ៦ ដោយរាប់ពី​ខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម ។

សួរថា -ហេតុអ្វីបានជាត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជា?
ការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជានេះ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មា សម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹក​ដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។

ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ៖

១- ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា (Birth of Siddharth Gautam the Buddha)

នៅពេលដែលព្រះនាងសិរិមហាមាយាទេវី ដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិលពស្តុ​ដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាងទើបលាព្រះសា្វមីធ្វើដំណើរទៅកាន់មាតុនគរ គឺទេវទហៈ ដើម្បី​សម្រាលព្រះរាជឱរសតាមទំនៀមនិយមរបស់ព្រាហ្មណ៍ក្នុងសម័យនោះ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន (រម្មិណ្តេ) រវាងនគរកបិលពស្តុ និងទេវទហនគរ ទើបឈាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស  ។

នៅខណៈនោះ ព្រះ​នាង​ក៏សម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯង ដែលត្រូវនឹងពេលព្រឹកថ្ងៃ សុក្រ តិថី ១៥ កើត ខែពិសាខ ឆ្នាំ ច មុន ពុទ្ធសករាជ ៨០ ឆ្នាំ លុះស្តាប់ឮដំណឹងថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះ កំពូលរាស្រ្តសុទ្ធោទនៈក៏ត្រាស់បញ្ជា​ឲ្យក្បួនដង្ហែ​វិល​ត្រឡប់​ចូលព្រះនគរវិញ កាលបើប្រសូត បានចំនួន ៥ ថ្ងៃគត់ ព្រះរាជឱរសអង្គនេះក៏ត្រូវបានសន្មតឱ្យព្រះនាមថា សិទ្ធត្ថៈ ប្រែថា អ្នកសម្រេចប្រយោជន៍ដល់សត្វលោកទាំងពួង។

២- ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ (Enlightened, Siddharth Gautam  Becomes Buddha)

ក្រោយពីព្រះអង្គចេញសាងព្រះបួសបានចំនួន ០៦ ព្រះវស្សា ស្ថិតក្នុងព្រះជន្ម ៣៥ ព្រះវស្សា ព្រះសមណសិទ្ធត្ថអង្គនោះ បានប្រព្រឹត្តនូវតបធម៌ ហើយប្រព្រឹត្តនូវទុក្ករកិរិយាមក ព្រះ អង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ស្ថិតក្នុងថ្ងៃពុធ ពេញបូណ៌មី (១៥កើត) ខែវិសាខ ឆ្នាំ រកា នៅក្នុងស្រុកឧរុវេលាប្រទេសសេនានិគម ក្បែរនឹងស្ទឹងនេរញ្ជរា វេលាព្រឹក ព្រាងទៀបភ្លឺ ក្នុងគម្រប់ព្រះជន្ម ៣៥ ឆ្នាំ នៅឯពុទ្ធគយា។

៣- ជាថ្ងៃព្រះយាងចូលព្រះបរមបរិនិព្វាន (Maha Parinibban of The Buddha)

ក្រោយអំពីព្រះអង្គត្រាស់ដឹង និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ព្រះវស្សា រហូតដល់ព្រះជន្មបាន ៨០ ព្រះវស្សា ហើយព្រះអង្គក៏ចូល​បរិនិព្វាននៅទ្រង់រំលត់ព្រះខន្ធចូលកាន់ព្រះបរមនិព្វានដោយអនុបាទិសេសនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី (១៥ កើត) ខែវិសាខ ឆ្នាំ ម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មគម្រប់ ៨០ ឆ្នាំគត់ នឹងមុនពុទ្ធសករាជ ១ ថ្ងៃគត់ ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យាន ចន្លោះដើមរាំងទាំងគូ ក្បែរនគរកុសិនារា។

សារៈសំខាន់នៃថ្ងៃវិសាខបូជា

១. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា
២. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩​ ថាពិអីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការ  សហប្រជាជាតិទូទាំងពិភពលោក ហើយក៏ជាបុណ្យអន្តរជាតិផងដែរ។

ក្នុងសម័យប្រជុំ​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​ផ្នែក​ពុទ្ធសាសនា ស្ដីអំពី “ទិវា-យូអិន-វិសាខា” ឬ “បុណ្យ​វិសាខបូជានៃ​អង្គការ​សហប្រជាជាតិ” នេះ បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០០៤ នៅ​ក្នុង​ប្រទេស​ថៃ។  តាំង​ពី​ពេល​នោះ​មក សន្និសីទ​អន្តរជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ភាគច្រើនតែ​ធ្វើ​នៅមុន​ថ្ងៃ ១៥​ កើត ខែ​ពិសាខ ដែល​ជា​ថ្ងៃបុណ្យ​វិសាខបូជា។  ប្រទេស​ថៃ បាន​ទទួល​រៀបចំ​កិច្ច​ប្រជុំ​នេះជា​ច្រើន​លើក​មក​ហើយ។  រី​ឯ​ប្រទេស​វៀតណាម ក៏បាន​ស្ម័គ្រ​ទទួល​នាទី​រៀបចំនូវ​សន្និសីទ​ស្ដីអំពី “ទិវា-យូអិន-វិសាខា” នេះចំនួនពីរ​ដង ​រួច​មក​ហើយ​ដែរ គឺ​កាល​ពី​អំឡុងឆ្នាំ ​២០១៣ និង​ឆ្នាំ ​២០០៨។

៣. ថ្ងៃវិសាខបូជានេះ គឺចាត់ជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រេ៳នមនុស្សជាតិឲ្យស្វែងរកសន្តិសុខ និង​សន្តិភាពទាំងខាងក្នុង និងខាងក្រៅ។

៤. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក។

...

៥. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ ព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print