មានរឿងនិទានមួយដំណាលថា មានសេដ្ឋីស្តុកស្ដម្ភម្នាក់ រស់នៅលើគំនរមាសប្រាក់កែវកងទ្រព្យសម្បត្តិហូរហៀរ មានខ្ញុំកំដរឆ្វេងស្តាំមិនខ្វះ។
សេដ្ឋីស្តុកស្ដម្ភនេះ មានភរិយាស្រស់ស្អាត និងមានកូនប្រុសស្រីពីរនាក់រស់នៅក្នុងបន្ទុក ។ ប៉ុន្តែរយៈពេលជាងពីរឆ្នាំមកនេះគ្រួសាររបស់គាត់ហាក់គ្មានសេចក្តីសុខ និងសុភមង្គលទាល់តែសោះដោយសារតែភរិយា និងកូនៗ ចេះតែបំផ្លាញទ្រព្យសម្បត្តិ និងកសាងកេរ្តិ៍ឈ្មោះមិនល្អនៅក្នុងសង្គម។
ស្ទើរតែរាល់ថ្ងៃ ព្រោះតែហិនហោចទ្រព្យសម្បត្តិដែលប្រពន្ធ និងកូនចាយខ្ជះខ្ចាយ ធ្វើឱ្យគ្រួសារលោកសេដ្ឋីមានភាពរកាំរកូសឈ្លោះប្រកែកគ្នាមិនសូវដាច់ សូម្បីកូនៗក៏លែងស្តាប់ដំបូន្មានឪពុក គឺតែងដើរស៊ីចាយសេពគប់មិត្តភក្កិមិនល្អបំផ្លាញទ្រព្យឪពុកស្ទើរគ្មានសល់។
ព្រលប់ៗថ្ងៃមួយ លោកសេដ្ឋីតប់ប្រមល់ក្នុងចិត្តខ្លាំងណាស់ ក្រោយពីឈ្លោះទាស់ទែងជាមួយភរិយារួច ក៏ដើរចេញពីបន្ទប់មករានហាលខាងមុខផ្ទះ រួចសម្លឹងទៅខាងក្រោម ឃើញនៅមុខផ្ទះមាន រទេះអេតចាយមួយប្រក់ដំបូលកៅស៊ូ មានចងរបស់របរអេតចាយរខេករខាកពេញជញ្ជាំង។ ក្នុងនោះលោកសេដ្ឋីឃើញនៅលើរទេះបុរសអ្នករើសអេតចាយ កំពុងសិតសក់ឲ្យប្រពន្ធ និងកូនដែលកំពុងជក់ចិត្តសម្លឹងមើលទូរទស្សន៍សខ្មៅ សើចយ៉ាងក្អាកក្អាយហាក់ដូចជាគ្មានកង្វល់អ្វីឡើយ។ ពេលឃើញដូច្នេះ លោកសេដ្ឋីយកដៃច្បូតចង្ការសញ្ចឹងគិតដោយលាន់មាត់ថា ” អើណ៎! គេអ្នកក្រសោះ ហេតុអ្វីមានសុភមង្គលល្អម៉្លេះ? ខុសពីគ្រួសាខ្ញុំដែលមានទ្រព្យសម្បត្តិហូរហៀរទៅហើយ តែស្ថិតនៅភាពអពមង្គលឥតល្ហែ។ គិតទៅវាសនាមនុស្សកើតមកមិនដូចគ្នាឡើយ អ្នករើសអេតចាយក្រ មិនសូវមានអីហូបឆ្ងាញ់ និងមិនមានពេលវេលាដើរលេងហ៊ឺហាសប្បាយដូចអ្នកមានមែនពិត តែគ្រួសារគាត់មានសុខដុមរម្យនាល្អណាស់។ បានន័យថា គាត់មានក្រពះតែមួយ តែគាត់ហូបមួយចម្អែត រស់ដូចតែ
អ្នកមានដែរ។ គាត់មិនភ័យព្រួយរឿងជំពាក់បំណុលគេ បើកភ្នែកឡើងហូបតែបាយកកនឹងទឹកត្រីក៏រស់ ខុសពីអ្នកមានខ្លះបើកភ្នែកឡើងហូបគុយទាវ អាហារឆ្ងាញ់ៗតែទុក្ខព្រួយជំពាក់បំណុលគេវ័ណ្ឌក។
កំពុងសញ្ជឹងគិតបែបនេះ ស្រាប់តែបុរសរើសអេតចាយស្រែកខ្លាំងៗថា កើតមកអ្នកមានក៏ប៉ុណ្ណឹង អ្នកក្រក៏ប៉ុណ្ណឹង មាន.ក្រកុំគិត ស្លាប់ទៅមិនយកអ្វីទៅជាមួយរួចទេ។ បន្ទាប់មកបុរសនេះក៏អូសរទេះដឹកប្រពន្ធកូនដើររើសអេត ចាយបន្តទៀតបាត់ទៅ៕ ដោយ÷ ហុក បួន
គំនិតពិចារណា ÷ សុភមង្គលមិនស្ថិតលើ មាន ឬ ក្រ