អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ១១ ខែឧសភា ក្រសួងការបរទេសចិនបានរៀបចំសន្និសីទសារព័ត៌មានដើម្បីបញ្ជាក់សភាពការណ៍ អំពីការដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៤នៃវេទិកាចិន-អាមេរិកឡាទីន។ លោក Miao Deyu ឧបការីរដ្ឋមន្ត្រីការបរទេសចិនបានធ្វើបទបង្ហាញអំពីស្ថានភាពពាក់ព័ន្ធ ព្រមនិងឆ្លើយសំណួរ។
គេហទំព័រ «CCFR China state-controlled media » លោក Miao Deyu បានថ្លែងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកនេះនឹងធ្វើឡើងក្រោមប្រធានបទ “រួមគ្នាពិភាក្សា អំពីការអភិវឌ្ឍ និងការស្តារឡើងវិញ និងរួមគ្នាកសាងសហគមន៍រួមវាសនាចិន-អាមេរិកឡាទីន”។ លោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមក្នុងពិធីបើកកិច្ចប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ ដើម្បីរំលឹកឡើងវិញអំពីការអភិវឌ្ឍ នៃទំនាក់ទំនងចិន-អាមេរិកឡាទីន ធ្វើការអធិប្បាយអំពីអត្ថន័យដ៏សម្បូរបែប សមិទ្ធផលនៃការអនុវត្តជាក់ស្តែង និងចក្ខុវិស័យដ៏ទូលំទូលាយនៃគោលគំនិតសំខាន់ស្តីពីការកសាងសហគមន៍រួមវាសនាចិន-អាមេរិកឡាទីន ព្រមទាំងលើកឡើងគំនិតផ្តួចផ្តើមថ្មីនិងវិធានការថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិកឡាទីន សំដៅចង្អុលបង្ហាញពីទិសដៅថ្មីនិងបំពេញបន្ថែមកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍ ទំនាក់ទំនងចិន-អាមេរិកឡាទីនប្រកបដោយស្ថិរភាពនិងយូរអង្វែង ។ កិច្ចប្រជុំនេះនឹងអនុម័តឯកសារសមិទ្ធផលមួយចំនួន ដែលទាក់ទងនឹងវិធានការលម្អិតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យច្នៃប្រឌិតខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការវិនិយោគផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ញាសិប្បនិមិ្មត ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្មនិងស្បៀង ឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ថាមពលនិងរ៉ែ និងការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ”ជាដើម ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិន និងអាមេរិកឡាទីនក្នុងការស្វែងរកសន្តិភាព ការអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបត្តិការ៕
ដោយ ៖ សិលា