ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ក្រោមអធិបតីភាពលោក ជិន ម៉ាលីន ប្រធានស្តីទីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគូភាគី សំដៅលើកកម្ពស់ គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណគុណ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និតជាមួយរដ្ឋបាលខេត្ត ដើម្បីជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ និងដើម្បីរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។
លោកបណ្ឌិត ជិន ម៉ាលីន បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ និងរដ្ឋបាលខេត្តស្ទឹងត្រែង នាពេលនេះ គឺជាការបើកទំព័រថ្មីបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងវិស័យយុត្តិធម៌ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមការសម្រុះសម្រួល ផ្សះផ្សា ក្រៅប្រព័ន្ធតុលាការ។
លោកបណ្ឌិតរដ្ឋមន្ត្រីស្តីទី ក្រសួងយុត្តិធម៌ បន្តមានប្រសាសន៍ថា៖
តាមរយៈអនុស្សរណៈនេះ នឹងបង្កើនប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងព្រោះថាសំណុំរឿង ដែលបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់, រដ្ឋបាលខេត្ត អាចយកសំណុំរឿងនោះមកឱ្យអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទទួលស្គាល់ និងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ក្នុងក្របខ័ណ្ឌនៃ អ.ដ.ក។
លើសពីនេះទៀត រដ្ឋបាលខេត្តក៏អាចបញ្ជូនសំណុំរឿងដែលទទួលបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្ត មកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយធ្វើការពិនិត្យ និងដោះស្រាយ។ ជាពិសេស កំណត់ហេតុកិច្ចព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខណ្ឌ អ.ដ.ក នឹងមានអនុភាពស្មើនឹងសាលក្រមតុលាការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការព្រមព្រៀងបញ្ចប់វិវាទគូភាគីក្រៅប្រព័ន្ធតុលាការ៕