ភ្នំពេញ ៖ អ្នកវិភាគសង្គម បានថ្លែងចាត់ទុកការជួយផ្សព្វផ្សាយកសិផលខ្មែរ ពីសំណាក់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ផ្តល់សារៈសំខាន់សំខាន់ៗ ៣ចំណុច។
ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅថ្ងៃទី១៣ ខែឧសភា លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាបានឃើញ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា តែងតែបានចុះទៅដល់កន្លែងរស់នៅ របស់ប្រជាជនខ្មែរ ហើយមិនភ្លេចកោតសរសើរពីផលិតផល ក្នុងវិស័យកសិកម្មរបស់យើង។ ក្នុងនោះ កាលពីចុងសប្តាហ៍មុន លោក ក៏បានអញ្ជើញទៅភ្លក់ទុរេនខេត្តកំពតដោយផ្ទាល់ទៀត ហើយឯកអគ្គរដ្ឋទូតចិន បាននិយាយថា ទុរេនខេត្តកំពតឆ្ងាញ់ជាងគេ លើពិភពលោក។
អ្នកវិភាគសង្គម រូបនេះ បានបន្តថា ទស្សនកិច្ច របស់លោក Wang Wenbin ជាការរួមចំណែកការលើកទឹកចិត្តខ្លាំងក្លាណាស់ ដល់ផលិតផលកសិកម្ម ក្នុងនោះ ក៏មានការតម្កើងគុណភាពទុរេនកំពតជាផលិតផល «ឆ្ងាញ់ជាងគេលើពិភពលោក» គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ឆ្លុះបញ្ចាំង អំពីទិដ្ឋភាព បីចំណុច សំខាន់ៗ។
សម្រាប់ចំណុចទី១ លោកបណ្ឌិតថា ទូតចិនជាសាក្សីទទួលស្គាល់ផលិតផលកសិកម្មរបស់យើង។ ចំណុចនេះអាចនិយាយថា ជាការផ្តល់ប្រសិទ្ធភាពផ្នែកពាណិជ្ជកម្ម ដោយជំរុញឱ្យប្រជាជនចិនចាប់អារម្មណ៍ និងទទួលស្គាល់លើទុរេនកម្ពុជា។ នេះជាការបង្កើតបាននូវនយោបាយទន់ (soft power) បង្កើនភាពជឿជាក់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំង២ ៖ ការបង្ហោះរូបភាព និងសារតាម Facebook បែបស្មោះស្ម័គ្រ បង្កើនភាពជិតស្និទ្ធក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌។
«ទី២ គឺ ជួយបង្កើនអត្រានាំចេញផលិតផលកសិកម្មរបស់យើង។ ការផ្សព្វផ្សាយនេះ នឹងធ្វើឱ្យទីផ្សារចិន បង្កើនការនាំចូលទុរេនខ្មែរ និង អាចជួយលើកកម្ពស់ការនាំចេញទៅកាន់ទីផ្សារផ្សេងទៀត ផងដែរ គឺ ស្របពេលនឹងអ្វីដែលអាជ្ញាធរគយ របស់ប្រទេសចិន បានចេញនូវសេចក្តីសម្រេចមួយ កាលពីថ្ងៃទី ២៨ មេសា អនុញ្ញាតឱ្យប្រទេសកម្ពុជា នាំចូល «ផ្លែទុរេនស្រស់» ចូលទៅកាន់ទីផ្សារ របស់ប្រទេសចិន»
រីឯ ចំណុចទី៣ សំដៅលើការជំរុញវិនិយោគ ដោយលោកបណ្ឌិតថា ជាការលើកទឹកចិត្ត ពីទូតចិន គឺ អាចជម្រុញឱ្យមានការវិនិយោគបន្ថែម ក្នុងវិស័យ ដំណាំទុរេន ដូចជា ការពង្រីកចម្ការ និង បច្ចេកវិជ្ជាវេចខ្ចប់ ជាដើម។
«ជារួម សកម្មភាពដ៏ថ្លៃថ្លារបស់ឯកអគ្គរដ្ឋទូតចិន មិនត្រឹមតែជាការជួយផ្សព្វផ្សាយទេ ប៉ុន្តែជា ការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរ ដែលកម្ពុជាអាចស្នើឱ្យមានការគាំទ្របន្ថែមពីមហាមិត្តចិន ដើម្បីធានាបាននូវអត្ថប្រយោជន៍ពីកិច្ចសហការនេះ»។
ជាការកត់សម្គាល់ លោក Wang Wenbin ជាញឹកញាប់ គេសង្កេតឃើញ ផ្សព្វផ្សាយកសិផលខ្មែរ។ ជាក់ស្តែង បន្ទាប់ពីបានបង្ហាញនិងចុះដល់ទីតាំងផ្ទាល់ នៅចម្ការទុរេន ក្នុងខេត្តកំពត លោក ក៏បានបង្ហាញ វីដេអូ ថ្មីមួយទៀត នៅព្រឹកថ្ងៃអង្គារនេះ កោតសរសើរពី រសជាតិស្វាយកែវចិន របស់ខ្មែរ ដោយបញ្ជាក់ខ្លឹមសារថា «ស្វាគមន៍មកភ្លក្សស្វាយកែវចិន ដ៏ឈ្ងុយឆ្ងាញ់ និងទស្សនាទេសភាពកម្ពុជា ដ៏ស្រស់ស្អាត!»។ ក្រៅពីនេះ ពេលខ្លះ គេឃើញលោក Wang Wenbin ធ្វើដំណើរ ទៅផ្សារទំនើប បង្ហាញពីផលិតផលកសិកម្មខ្មែរ ផងដែរ ដូចជា គ្រាប់ស្វាយចន្ទី ជាដើម៕