* ការស្លៀកពាក់ប្រចាំថ្ងៃ÷
មេក្រុមជាអ្នកចែកសម្លៀកបំពាក់ដល់ក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនផ្សេងៗទៀត។ ក្នុងម្នាក់ៗយើងទទួលបានសម្លៀកបំពាក់ចំនួនពីរសម្រាប់ដែលមានសាច់ក្រណាត់បើកកពណ៌ខ្មៅ ពណ៌អាចម៍សេះ និងមានឡេវចំនួន ៥ ។ អាវសម្រាប់មនុស្សប្រុសភាគច្រើនគឺដៃខ្លី ប៉ុន្តែសម្រាប់មនុស្សស្រីវិញភាគច្រើនគឺដៃវែង។ អាវដែលខ្ញុំទទួលបានពេលខ្លះមានទំហំធំជាងខ្លួនរបស់ខ្ញុំ។ ខ្ញុំបានដេរអាវនោះដោយដៃដើម្បីបញ្ចូលឲ្យវាមានទំហំអាចពាក់ទៅល្មម។ នៅពេលដេក ខ្ញុំពាក់អាវដៃខ្លី និងពេលធ្វើការងារវិញខ្ញុំពាក់អាវដៃវែងដើម្បីការពារកំដៅថ្ងៃពេលថ្ងៃត្រង់។ ចំណែកខោវិញទៅតាមទំហំចង្កេះរបស់កុមារ ។ ខោក៏ធ្វើពីក្រណាត់ពណ៌ខ្មៅ និងពណ៌អាចម៍សេះដែរ។ ខោមានចង្កេះកៅស៊ូមានប្រវែងត្រឹមស្មងជើង ខោសម្រាប់ស្រីៗ។ ចំណែកឯខោសម្រាប់ប្រុសៗ និងកុមារប្រុសវិញមានប្រវែងត្រឹមជង្គង់។ ម៉ែរបស់ខ្ញុំបានសួរទៅសមមិត្តវ៉ែន និងថានថាសម្លៀកបំពាក់ទាំងអស់នេះតើសមមិត្តបានមកពីណា? ពួកគេបានឆ្លើយតបមកម៉ែរបស់ខ្ញុំវិញថាកុំចង់ដឹងអី ខិតខំតែធ្វើការងារតាមបញ្ជារបស់អង្គការទៅបានហើយ។ឮដូច្នោះហើយម៉ែរបស់ខ្ញុំបានដើរចេញទៅកន្លែងរែងអង្ករធម្មតា។ គាត់មិនហ៊ានសួរនាំទៅពួកគេទៀតទេ។
ខ្ញុំតែងតែបោកខោអាវរបស់ខ្ញុំ និងខោអាវប្អូនៗជារៀងរាល់ថ្ងៃបន្ទាប់ពីត្រឡប់មកពីធ្វើការវិញ។នៅពេលនោះគ្មានសាប៊ូសម្រាប់បោកខោអាវទេ។ ខ្ញុំបោកជាមួយនឹងទឹកទទេដែលដឹកយកមកពីអណ្ដូងនៅក្បែរផ្ទះ។ ពេលបោកខោអាវហើយ ខ្ញុំយកទៅហាលនៅខាងក្រោមផ្ទះ។ ក្រៅពីសម្លៀកបំពាក់ ខ្ញុំក៏ទទួលបានក្រមាដែរ។ ក្រមាអាចប្រើប្រាស់បានច្រើនយ៉ាងណាស់ មិនថាបង់ក ជូតញើស ផ្លាស់ងូតទឹក និងធ្វើជាភួយដណ្ដប់ដេកពេលយប់។ក្រមានោះត្បាញឡើងដោយអំបោះឆ្នៃចេញជាពណ៌ក្រឡេក្រឡាក្រហម លាយស ដែលមានបណ្ដោយមួយម៉ែត្រ និងទទឹងកន្លះម៉ែត្រ។ ក្រមារបស់ខ្ញុំបានប្រើជារៀងរាល់ថ្ងៃ ប្រើទាល់តែរហែក និងពុកផុយអស់។ ម៉ែរបស់ខ្ញុំឃើញដូច្នោះ បាននាំខ្ញុំឲ្យទៅសុំក្រមាពីមេក្រុម ហើយមេក្រុមបានឲ្យក្រមាខ្ញុំមួយ ថែមទាំងបានណែនាំខ្ញុំឲ្យប្រើប្រាស់ដោយប្រយ័ត្នដើម្បីកុំឲ្យឆាប់ខូច។ ខ្ញុំមានមួកធ្វើពីស្លឹកត្នោតសម្រាប់ពាក់ការពារកម្តៅថ្ងៃនៅពេលទៅធ្វើការដែរ។ចាស់ៗដែលរស់នៅក្នុងភូមិ គឺជាអ្នកធ្វើមួកនេះ។
* បាត់បង់សិទ្ធិសេរីភាព÷
ក្នុងឆ្នាំ ១៩៧៧ ខ្មែរក្រហមចាប់ផ្ដើមបំបែកសមាជិកគ្រួសារនីមួយៗ ឲ្យទៅរស់នៅកន្លែងផ្សេងៗពីគ្នា។ ឪពុក និងបងស្រីរបស់ខ្ញុំត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅ និងធ្វើការងារនៅកន្លែងផ្សេងទៀត។ ខ្ញុំនឹកឪពុក និងបងស្រីរបស់ខ្ញុំណាស់ មិនដឹងថាពេលណាបានជួបគាត់ទៀតទេ។រហូតដល់ឆ្នាំ ១៩៧៨ ខ្មែរក្រហមកាន់តែរឹតបន្តឹងខ្លាំងឡើងៗ។ មនុស្សម្នាមិនហ៊ាននិយាយជាមួយគ្នាទេ នៅពេលជួបគ្នាម្ដងៗ។ នៅពេលដែលខ្ញុំជួបនឹងកុមារផ្សេងទៀត ក៏ខ្ញុំមិនហ៊ាននិយាយស្ដីជាមួយពួកគេឡើយ ប៉ុន្តែប្រសិនបើយើងចង់និយាយគ្នាក៏និយាយដោយលួចលាក់ដែរ។ នៅពេលយប់មានកងឈ្លបមកនៅក្រោមផ្ទះរបស់ប្រជាជនចាំស៊ើបការណ៍ខ្លាចក្រែងគ្រួសារណាមានគំនិតក្បត់ ពួកគេនឹងរាយការណ៍ឲ្យទៅថ្នាក់លើភ្លាម។ រាល់ពេលយប់ខ្ញុំមិនហ៊ាននិយាយអ្វីច្រើនទេក្រៅពីខំសម្ងំដេករហូតដល់ព្រឹក។
*ជម្លៀសលើកទី 2÷
នៅពេលព្រឹកឡើង កងតូចឈ្មោះ ផាន បានមកដល់ផ្ទះគ្រួសាររបស់ខ្ញុំស្នាក់នៅ រួចនិយាយប្រាប់យើងថា ដល់ពេលដែលគ្រួសារសមមិត្តត្រូវទៅនៅជុំគ្នាវិញហើយ។ នៅពេលនោះខ្ញុំកំពុងតែយកចំបើងទុក ហើយ ផាន បានប្រាប់ខ្ញុំថា មិនធ្វើការនៅទីនេះទៀតទេ ហើយត្រូវផ្លាស់ប្ដូរទៅធ្វើការនៅកន្លែងផ្សេងតំបន់សម្បុកមាន់វិញ។ ខ្ញុំឆ្ងល់ក៏សួរទៅផាន វិញថា តើតំបន់សម្បុកមាន់នៅឯណាវិញ? ផានក៏ស្រែកដាក់មកខ្ញុំថា សមមិត្តឯងកុំនិយាយច្រើន ស្ដាប់តាមបញ្ជារបស់អង្គការទៅបានហើយ។ ឮដូច្នោះហើយ ខ្ញុំមិនហ៊ាននិយាយអ្វីទៀតទេ គឺបានត្រឹមតែស្ងៀម។
អ្នកភូមិដែលរស់នៅភូមិស្មោងបានមកប្រាប់ខ្ញុំថា សមមិត្តកុំទៅតាមអង្គការអី។ អង្គការយកទៅកសាងរៀនសូត្រហើយមានមនុស្សជាច្រើនដែលអង្គការបានយកទៅតំបន់សម្បុកមាន់មិនដែលឃើញត្រឡប់មកវិញនោះទេ។ រំពេចនោះ ផាន បានឆ្លើយតបទៅនឹងអ្នកភូមិដែលប្រាប់ខ្ញុំនោះថា សមមិត្តទាំងអស់គ្នាកុំមកចេះដឹងរឿងគ្រួសារសមមិត្តផ្សេងអី ប្រយ័ត្នត្រូវបានបញ្ជូនទៅតំបន់សម្បុកមាន់ដែរទៅ។ អ្នកភូមិបានឮដូច្នេះហើយ មិនហ៊ាននិយាយអ្វីទៀតទេ។ ពួកគាត់បានដើរចេញទាំងភ័យខ្លាច ហើយទៅធ្វើការរៀងៗខ្លួនបាត់អស់ទៅ។
បន្តិចក្រោយមកម៉ែរបស់ខ្ញុំបាននិយាយសូមអង្វរ ផាន ថា ប្ដីនិងកូនស្រីរបស់ខ្ញុំគាត់មិនដែលមកលេងខ្ញុំទេ ហើយពួកគេទើបតែមកលេងខ្ញុំម្ដងនេះ ដោយសារតែគាត់នឹកបងប្អូន និងប្រពន្ធពេកទើបគាត់មកលេង។ ខ្ញុំបានប្រាប់គាត់ថាមិនឲ្យមកលេងទៀតដែរព្រោះមិនត្រូវនឹងគោលការណ៍របស់អង្គការ។ ផាន បានឆ្លើយតបវិញថា មិនបានទេ ត្រូវតែបញ្ជូនឲ្យរស់នៅកន្លែងផ្សេងដើម្បីកុំឲ្យគ្រួសារផ្សេងយកគំរូតាម។
ម៉ែ និងបងស្រីម៉ុមរបស់ខ្ញុំបានរៀបចំសម្លៀកបំពាក់ និងច្រកទឹកសម្រាប់ផឹកនៅតាមផ្លូវ។ ចំណែកឯបងប្រុសយ៉ុង និងយ៉ាយ ទៅដឹកក្របីមកទឹមរទេះសម្រាប់ធ្វើដំណើរទៅកាន់តំបន់សម្បុកមាន់។ ការធ្វើដំណើរតាមផ្លូវមិនខុសប្លែកពីការជម្លៀសលើកដំបូងនោះទេ។គ្រាន់តែគោលដៅដែលយើងត្រូវទៅកន្លែងខុសគ្នាពីការជម្លៀសលើកដំបូង។ នៅតាមផ្លូវទៅសម្បុកមាន់ យើងហត់ខ្លាំងណាស់បែកញើសជោកអាវ
យើងបានសុំផាន ឈប់សម្រាកផឹកទឹកនៅក្រោមដើមឈើសិន ដើម្បីសម្រាកយកកម្លាំងបន្តដំណើរទៅមុខទៀត។ ផាន អនុញ្ញាតឱ្យសម្រាកបាន តែមិនអាចឈប់សម្រាកបានយូរពេកទេ ព្រោះប្រញាប់ទៅដល់គោលដៅ។ នៅពេលសម្រាក ម៉ែបានខ្សឹបប្រាប់ខ្ញុំ និង បងប្រុសបងស្រីរបស់ខ្ញុំថា ពេលយើងធ្វើដំណើរទៅដល់ពាក់កណ្ដាលផ្លូវម៉ែនឹងយកលេសថា ចុកពោះហើយកូនៗទាំងអស់គ្នាត្រូវនាំគ្នាយំឲ្យពួកវាអាណិត។ ម៉ែរបស់ខ្ញុំបានបន់ស្រន់ដល់ព្រះពុទ្ធរូបព្រះអង្គខ្មៅនៅវត្តបូរណញ្ញាណ ” ឱព្រះអង្គអើយ សូមព្រះអង្គមេត្តាជួយកូនចៅផង ពេលនេះកូនចៅមានទុក្ខលំបាកធ្ងន់ណាស់។ (នៅមានត)