ភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់ បានចេញពីផ្ទះទៅដើរលេងជាមួយមិត្តភ័ក្ដិស្រីម្នាក់ដែលបានទៅបបួលនាងដល់បន្ទប់ជួល ហើយក្រោយមក ក៏ស្រាប់តែបាត់ខ្លួនរយៈពេល៣ថ្ងៃមកហើយ មិនឃើញត្រលប់ទៅផ្ទះវិញសោះ ។ ចំណែកឯទូរស័ព្ទក៏ទាក់ទងលែងបានទៀត ជាហេតុធ្វើឲ្យឪពុកម្ដាយមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយក៏បានស្វែងរកគ្រប់ទីកន្លែងដែលកូនធ្លាប់ទៅ ប៉ុន្តែមិនទទួលបានដំណឹងសោះ។
ដោយទុក្ខកង្វល់បែបនេះហើយទើបនៅព្រឹកថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៥ ឪពុកម្ដាយបានសម្រេចចិត្តកាន់រូបថត និងកាតការងាររបស់នាង១សន្លឹក ធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដាក់ពាក្យប្ដឹងដើម្បីសុំឲ្យនគរបាលជួយស្រាវជ្រាវស្វែងរកកូនស្រីរូបនោះឲ្យត្រលប់មកផ្ទះវិញផង ។
កូនស្រីដែលជាកម្មការិនីដែលបានបាត់ខ្លួនខាងលើ ឈ្មោះឈីម សុខណា អាយុ១៧ឆ្នាំ ឪពុកឈ្មោះយឺន ឈីម អាយុ៤៤ឆ្នាំ មុខរបរសន្តិសុខឯកជន និងម្ដាយឈ្មោះ គង់ ចាន់ធី អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ។ គ្រួសារមួយនេះ មានស្រុកកំណើតនៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីគង់ ចាន់ធី ជាម្តាយនិយាយថា គាត់មានកូនស្រី២នាក់និងកូនប្រុសម្នាក់ ចំណែកកូនស្រីដែលបាត់ខ្លួននោះ គឺជាកូនច្បងក្នុងគ្រួសារ ហើយគាត់ពុំបានដឹងថា នាងបាត់ខ្លួនដោយរបៀបណា មានរឿងអ្វីកើតឡើង និងមានសុខទុក្ខយ៉ាងណា ហើយកំពុងស្ថិតនៅទីណានោះទេ ។
នាងបានបាត់ខ្លួនដោយគ្មានដំណឹងសូន្យឈឹងរយៈ ពេល៣ថ្ងៃកន្លងមកហើយ គឺចាប់តាំងតែពីវេលាយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥មកម្ល៉េះ ក្រោយពេលនាងចេញទៅដើលេងជាមួយមិត្តភក្ដិស្រីម្នាក់ដែលបានទៅបបួលដល់បន្ទប់ជួល ។
ម្ដាយរូបនេះបានរៀបរាប់ប្រាប់ទៀតថា កាលពីមុនមិត្តភក្ដិកស្រីម្នាក់នោះ និងកូនស្រីគាត់ធ្លាប់ធ្វើការរោងចក្រជាមួយគ្នា ប៉ន្តែក្រោយមកស្ត្រីម្នាក់នោះបានឈប់ធ្វើការហើយឈប់យូរមកហើយ ដែលពុំដឹងថា សព្វថ្ងៃមិត្តភក្ដិកូនស្រីគាត់នោះ ទៅធ្វើការនៅឯណានិងស្នាក់នៅទីណានោះទេ ។ ស្រាប់តែនៅវេលាម៉ោង៤រសៀលថ្ងៃទី១១ ខែឧសភា លេចមុខស្ត្រីដែលជាមិត្តភក្ដិនោះទៅលេងកូនស្រីគាត់ដល់បន្ទប់ជួល រួចបានបបួលកូនស្រីគាត់ទៅដើរលេង ខណៈនោះគាត់ក៏បានឲ្យកូនស្រីទៅជាមួយ ព្រោះមិននឹកស្មានថាមានរឿងបែបនេះកើតឡើងទេ ។
គាត់បានបញ្ជាក់ប្រាប់ទៀតថា ក្រោយពេលចាកចេញពី ផ្ទះទៅ រហូតដល់វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃដដែលមិនឃើញកូនស្រីត្រលប់មកផ្ទះវិញឡើយ ហើយ គាត់ក៏បានទូរសព្ទរកកូនស្រី ដើម្បីហៅឲ្យត្រលប់មកផ្ទះវិញ ព្រោះយប់ហើយ ។ ប៉ុន្តែពេលទូរសព្ទចូលមិនឮកូនស្រីគាត់ទទួលទូរស័ព្ទនោះទេ បែរជាឮមិត្តភក្ដិស្រីម្នាក់នោះជាអ្នកទទួលជំនួសទៅវិញ ដោយពុំដឹងថា កូនស្រីគាត់នៅជិតនោះដែរ តែអត់និយាយជាមួយគាត់ ឬបែបណាទេ ហើយស្ត្រីជាមិត្តភក្ដិនោះបាននិយាយជាមួយគាត់ថា «សុខណា(កូនស្រីពួកគាត់)ដេកលក់ហើយ ខ្ញុំសុំឲ្យសុខណាសម្រាកនៅបន្ទប់ខ្ញុំរបស់១យប់សិនទៅ » ។
អ្នកស្រីគង់ ចាន់ធី បាននិយាយបន្ថែមទៀតថា ពេលនោះ គាត់បានប្រាប់ទៅមិត្តភក្ដិកូនស្រីនោះវិញថា«ឲ្យដេកនៅកន្លែងហ្នឹងក៏ដេកចុះ ប៉ុន្តែព្រឹកឡើងសូមឲ្យនាងត្រលប់មកផ្ទះទៅធ្វើការផង» បន្ទាប់មកគាត់ក៏ក៏បិទទូរស័ព្ទហើយដេករហូតដល់ភ្លឺ ។ លុះព្រឹកឡើងក៏នៅតែមិនបានឃើញកូនស្រីត្រលប់មកផ្ទះវិញឡើយ ហើយគាត់ក៏ទូរសព្ទរកម្ម្ដងទៀត តែទូរសព្ទលែងចូលរហូតតែម្ដង ។
ក្រោយមក គាត់និងប្ដីក៏បានតាមស្វែងរកកូនស្រីគ្រប់ច្រកល្ហក និងទីកន្លែងដែលកូនធ្លាប់ទៅ ប៉ុន្តែរកពុំឃើញឡើយ ។ គាត់មានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រីខ្លាំងណាស់ ព្រោះទើបដឹងថា មិត្តភក្ដិកូនស្រីគាត់នោះមានសមាសភាពមិនសូវល្អទេ ទើបនៅវេលាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ពួកគាត់បានទៅដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយធ្វើការស្រាវជ្រាវរកកូនស្រីឲ្យត្រលប់មកផ្ទះវិញផង ៕