ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ការកសាងផែនការរៀបចំដែនដីខេត្តស្ទឹងត្រែង ចក្ខុវិស័យឆ្នាំ២០២៤០ ប្រសិនបើខេត្តរៀបចំបានទាន់ពេលវេលានោះ ខេត្តស្ទឹងត្រែងនិងក្លាយជាខេត្តទី២ ដែលបានស្នើដាក់បញ្ជូលទៅកាន់គណៈកម្មាជាតិដែលនិងត្រូវប្រជុំអនុម័តផែនការនៅពេលខាងមុខ ដូច្នេះហើយទើបរដ្ឋបាលខេត្តខិតខំប្រឹងប្រែងជាមួយមន្ត្រីបច្ចេកទេស មន្ត្រីជំនាញរៀបចំផែនការទាំងនេះ និងសង្ខេបដាក់ជូនក្រុមប្រឹក្សាពិនិត្យនិងអនុម័ត។
ការថ្លែងបែបនេះរបស់អភិបាលខេត្ត បានធ្វើឡើងនាឱកាសក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៥ អាណត្តិទី៤ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តទៅលើ សេចក្តីព្រាងផែនការរៀបចំដែនដីខេត្តស្ទឹងត្រែង ចក្ខុវិស័យឆ្នាំ២០៤០។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមវត្តមានរបស់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត, លោក លោកស្រី ជានាយក នាយករងរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អភិបាលក្រុងស្រុកនិង ទីចាត់ការ អង្គភាព ចំណុះ សាលាខេត្តផងដែរ។
នាឱកាសនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានអាននូវសេចក្តីថ្លែងហេតុស្តីពីផែនការរៀបចំដែនដីខេត្តស្ទឹងត្រែង ចក្ខុវិស័យឆ្នាំ២០២៤០ ដែលមានខ្លឹមសារបង្ហាញពីសារៈសំខាន់នៃការកសាងផែនការរៀបចំដែនដីខេត្តស្ទឹងត្រែង ចក្ខុវិស័យឆ្នាំ២០២៤០ និងនីតិវិធីនានានៃការរៀបចំផែនការនេះ ដែលមានការចូលរួមពីសំណាក់មន្ត្រីជំនាញនៃក្រសួងរៀបចំដែនដីនគររូបនីយកម្មផងដែរ។
ក្រោយពេលបានស្តាប់នូវសេចក្តីថ្លែងហេតុ របស់លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងរួចមក លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែងបានលើកឡើងថាផែនការរៀបចំដែនដីខេត្តស្ទឹងត្រែង ចក្ខុវិស័យឆ្នាំ២០៤០ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់រដ្ឋបាលខេត្តស្ទឹងត្រែងដើម្បីគ្រប់គ្រង និងងាយស្រួលដល់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាសង្គម ដែលសំដៅលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង ទន្ទឹមនិងនេះផែនការរៀបចំដែនដីខេត្តស្ទឹងត្រែង ចក្ខុវិស័យឆ្នាំ២០៤០នេះក៏នឹងធានាបាននូវការការពារ អភិរក្សធនធានធម្មជាតិ និងបរិស្ថានផងដែរ។
ក្នងឱកាសនេះ លោក ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ក៏បានស្ងើចសរសើចំពោះការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់លោក សរ សុពុត្រា អភិបាលខេត្តដែលភាពច្នៃប្រឌិត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍខេត្តស្ទឹងត្រែងឲ្យកាន់តែមានភាពរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ៕ដោយ៖តារា