ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង៤០នាទី ផ្នែកពិនិត្យវិភាគកន្លែងកើត ហេតុនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចូល រួមជាមួយ ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តបានចុះពិនិត្យសាកសពស្ត្រីជនជាតិខ្មែរម្នាក់នៅខុនដូរស្តាបេ ជាន់ទី១៣បន្ទប់លេខ១៣១៦ស្ថិតនៅ ក្រុមទី១៤ភូមិ១សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
សពជនរងគ្រោះឈ្មោះ ចាន់ សារ៉ាន់ ភេទស្រី អាយុ២៦ ឆ្នាំ។ សពស្ថិតលើគ្រែពូក,ពាក់អាវយឺតវាលក្លៀកពណ៌ ត្នោត ស្លៀកខោជើងវែងការ៉ូពណ៌សលាយខ្មៅ។ តាមការពិនិត្យស្លាកស្នាម សពមានសភាពរឹង មាត់-ភ្នែកបិទ ក្រចកដៃជើងស្វាយ ស្រូលឈាមតាមដំណេកនៃសព ជំនាញបានពិនិត្យសព្វសារពាង្គកាយពុំមានស្លាកស្នាមអ្វីលើសពីនេះឡេីយ។
យោងតាមការសួរបំភ្លឺមិត្តភក្តិជនរងគ្រោះបានឱ្យដឹងថានៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ស្រ្តីរងគ្រោះបានឆាតតាម telegram ហៅមិត្តភក្តិរបស់គាត់ឲ្យមកបន្ទប់ខុនដូរដែលគាត់បានជួល(ខុនដូរស្តាបេ)បន្ទប់លេខ១៣១៦ ជាន់ទី១៣ ស្ថិតនៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដើម្បីផឹកស្រាជុំគ្នា ហើយមិត្តភក្តិរបស់គាត់ក៏បានសម្រាកនៅបន្ទប់ជួលស្រ្តីរងគ្រោះមួយយប់ លុះដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ មិត្តភក្តិស្រ្តីរងគ្រោះក៏បានត្រឡប់ទៅផ្ទះវិញ ។
លុះនៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៥ វេលាម៉ោង២២ មិត្តភក្តិស្រ្តីរងគ្រោះឃើញស្រ្តីរងគ្រោះផុសរូបក្នុង FACEBOOK ដោយមានថតជាប់ដបថ្នាំ។ ភ្លាមនោះគាត់ក៏បានទូរស័ព្ទទៅស្រ្តីរងគ្រោះតែមិនមានអ្នកទទួល រហូតមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣០នាទី មិត្តភក្តិស្រ្តីរងគ្រោះក៏បានឡើងគោះទ្វារបន្ទប់ស្រ្តីរងគ្រោះក៏ប្រទះឃើញស្រ្តីរងគ្រោះដេកស្លាប់នៅលើគ្រែ គាត់ក៏បានរាយការណ៍ប្រាប់សមត្ថិកិច្ចអំពីរឿងហេតុនេះ ។
យោងតាមការពិនិត្យទីកន្លែងកើតហេតុ និងសាកសពរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត យើងអាចសន្និដ្ឋានបានថា ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី៖ លេបថ្នាំសម្លាប់ខ្លួន (អត្តឃាត) ។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនឈ្មោះ វ៉ាន ស៊ីទាង ភេទស្រី ជនជាតិខ្មែរ អាយុ៤៩ ឆ្នាំ ត្រូវជាម្តាយមីងរបស់សព ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកពារាំង ខេត្តព្រៃវែង៕