ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសចិន គាំទ្រភាពស្របច្បាប់ជានិច្ចរបស់កម្ពុជា ហើយចិនក៏និងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។ ចិនក៏និងជួយផ្សព្វផ្សាយពីកម្ពុជា ដើម្បីនាំអ្នកទេសចរណ៍ចិន មកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ។
ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) បានបញ្ជាក់បែបនេះ ខណៈ ឯកឧត្តមអញ្ជើញចូលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីប្រវត្តិនៃការកកើតរបស់រាជធានីភ្នំពេញ និងស្ថាន ភាពបច្ចុប្បន្នដែលរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយអ្វីដែលសំខាន់នោះ គឺកម្ពុជាមានសន្តិភាពពេញលេញ។ ក្រោមការចង្អុលណែនាំពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើជើង (Walk Street) ហើយផ្លូវនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិជាមួយនឹងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាង ល្អប្រសើរ ផងដែរ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ ប្រទេសកម្ពុជា ទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីមិត្តចិន ដោយរាជធានីភ្នំពេញបានស្ថាបនាផ្លូវខ្សែក្រវ៉ាត់ទី៣របស់រាជធានីភ្នំពេញ ដែលជាជំនួយរបស់មហាមិត្តចិន។ យើងដាក់ហស្សនាមផ្លូវនេះជាមហាវិថីស៊ី ជីនពីង។ ផ្លូវខ្សែក្រវ៉ាត់ទីក្រុងទី៣នេះ កាត់បន្ថយបាននូវការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែរថយន្តមួយចំនួនត្រូវបានវៀងទៅលើកំណត់ផ្លូវមួយខ្សែនេះ។ចំណែកថ្នាក់ជាតិវិញ មិត្តចិនក៏បានជួយយ៉ាងច្រើនផងដែរ ជាក់ស្តែងដូចជាគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោជាដើម។កម្ពុជាបានប្រកាន់ភ្ជាប់នៅគោលនយោបាយចិនតែមួយ ជាទំនាក់ទំនងដែកថែប តាមរយៈទំនាក់ទំនងដ៏ល្អនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើនរបស់ចិន ដើម្បីជួយគ្នាទៅវិញទៅមក ដកស្រង់បទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទីក្រុងឲ្យមានការអភិវឌ្ឍរីកចម្រើន។ ចំពោះការងារសន្តិសុខសុវត្ថិភាព នៅរាជធានីភ្នំពេញយើងរក្សាបាននូវសន្តិសុខវត្ថិភាពយ៉ាងល្អ មិនថា កិច្ចការពារសន្តិសុខជូនពលរដ្ឋចិនក៏ដូចជាស្ថានទូតចិននោះទេ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ចិនគឺជាមិត្តល្អមានទំនាក់ទំនងល្អ នៅពេលដែលកម្ពុជាមានបញ្ហាអ្វីមួយចិនតែងតែជួយកម្ពុជាជានិច្ច ជាក់ស្ដែងនៅក្នុងអំឡុង covid-19 ចិនបានជួយបាក់សាំងមកកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។
ឯកឧត្ដម ឃួង ស្រេងបានបន្តថា៖ ឆ្នាំនេះជាឆ្នាំទេសចរណ៍ ឯកឧត្ដមសូមឱ្យចិនជួយផ្សព្វផ្សាយពីកម្ពុជាឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទេសចរណ៍នៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋចិន ដែលបានមករកស៊ីនិងបំពេញការងារ នៅភ្នំពេញ ពិសេសនោះ គឺរក្សាបាននៅសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ សំរាប់ទីតាំងស្ថានទូតចិនប្រចាំនៅកម្ពុជា ពិសេសថែមទៀតនោះ សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរភ្នំពេញបានរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អបំផុត នៅពេលដែលប្រធានាធិបតីចិន ឯកឧត្ដម ស៊ី ជីនពីង មកបំពេញទស្សនៈកិច្ចនៅកម្ពុជា។ សកម្មភាពនៃការយកចិត្តទុកដាក់ពីសំណាក់កងកម្លាំងនិងអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលប្រធានាធិបតីចិន គឺពិតជាបានបង្ហាញឲ្យឃើញ ពីទំនាក់ទំនងរវាងកម្ពុជានិងចិន គឺជាទំនាក់ទំនងពិសេស។ តាមរយៈទំនាក់ទំនងដ៏ល្អនេះ ឯកឧត្ដមចង់បង្កើតឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតទៅលើវិស័យកសិកម្ម ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ជនជាតិចិនឱ្យមកទេសចរណ៍នៅកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត។
ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) បានបញ្ជាក់ថា៖ ប្រទេសចិនគាំទ្រភាពស្របច្បាប់របស់កម្ពុជាជានិច្ច។ ចិននិងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។ ខ្ញុំសូមអរគុណចំពោះកម្ពុជា ដែលបានប្រកាន់ភ្ជាប់នៅគោលនយោបាយចិនតែមួយ.ហើយឆ្នាំនេះគឺជាឆ្នាំទី៦៧នៃការទំនាក់ទំនងការទូតចិន និងកម្ពុជា ៕
ដោយ ៖ សំរិត
