លោកវេជ្ជបណ្ឌិត សែម រតនា អ្នកផលិតមាតិការតាមបណ្តាញសង្គមមួយរូប​ ត្រូវ​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះអញ្ជើញចូលខ្លួនដើម្បីបំភ្លឺជុំវិញការផលិតមាតិការមួយ ដែលប៉ះពាល់ និងថ្នាំងថ្នាក់ដល់អាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៅល្ងាចថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ អនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងលោកប្រធាននាយកដ្ឋាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីព្រឹកថ្ងៃទី១២ ខែឧសភាម្សិលមិញនេះ​ បានកោះអញ្ជើញ លោកវេជ្ជបណ្ឌិត សែម រតនា  ដែលជាអ្នកផលិតមាតិការតាមបណ្តាញទំនាក់ទំនងសង្គមមួយរូប ដើម្បីបំភ្លឺជំវិញការផលិតមាតិការមួយ ដែលប៉ះពាល់ និងថ្នាំងថ្នាក់ដល់អាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង។

លោកវេជ្ជបណ្ឌិត សែម រតនា បានទទួលស្គាល់ថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ រូបលោក ពិតជាបានផលិតមាតិការ និងបង្ហោះវីដេអូ ដែលនិយាយប៉ះពាល់ដល់អាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង ពិតប្រាកដមែន។ បន្ទាប់ពីបានទទួលស្គាល់នូវកំហុសឆ្គងដោយអចេតនានេះរួចមក  លោកបានលើកដៃសំពះសុំទោស ដល់តំណាងអាជីវករ ហើយសន្យាថាពេលត្រឡប់ទៅវិញនឹងធ្វើវីដេអូបកស្រាយកែតម្រូវ និងធ្វើការសុំទោសគណៈគ្រប់គ្រង ក៏ដូចជាអាជីវករផ្សារបឹងកេងកងទាំងមូលផងដែរ។ 

លោក ឯក និមល ប្រធានផ្សារ តំណាងឲ្យអាជីវករផ្សារបឹងកេងកងទាំងមូល បានថ្លែងអំណរគុណ ចំពោះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលបានធ្វើការដោះស្រាយជូនបងប្អូនអាជីវករបានឆាប់រហ័ស និងទាន់ពេលវេលា។ ក្រោយការសម្របសម្រួល ភាគីតំណាងអាជីវករផ្សារបឹងកេងកង បានឯកភាព និងទទួលយកការសុំអភ័យទោសពីលោកវេជ្ជបណ្ឌិត សែម រតនា និងបញ្ចប់វិវាទដោយក្តីសោមន្សរីករាយ និងភាតរភាពទាំងសងខាង៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print