រថយន្ដកែច្នៃដឹកឈើមួយគ្រឿង ក្រឡាប់ក្បែរស្នាក់ការរដ្ឋបាលព្រៃឈើថ្មគ្រែ នៅស្រុកចិត្របុរី

ចែករំលែក៖

ខេត្តក្រចេះ៖ សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថារថយន្តសាំងយ៉ុងកែច្នៃដឹកឈើ១គ្រឿង ក្រឡាប់នៅក្បែរស្នាក់ការមន្ត្រីរដ្ឋបាលព្រៃឈើថ្មគ្រែ ស្ថិតនៅចំណុចឥន្ទ្រីក្រហមភូមិដីសម្បទានសង្គមកិច្ច កាកុតឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ នៅយប់ឈានចូលថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៥ បង្កឡើងដោយខ្លួនឯង។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកឈើខាងលើតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើអារចេញពីតំបន់ភូមិសាស្ត្រ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះនាំយកទៅលក់នៅតាមដេប៉ូចំណុចភូមិព្រែកចំឡាក់ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះនិងស្រុកក្រូចឆ្មារខេត្តកំពង់ចាម។

រថយន្តក្រុមឈ្មួញខាងលើនៅពេលធ្វើសកម្មភាពម្តងៗ បើកបរប្រើប្រាស់ល្បឿនលឿន ហើយកើតមានករណីក្រឡាប់រថយន្តជាញឹកញាប់ សមត្ថកិច្ចមិនមានចំណាត់ផ្លូវច្បាប់នោះឡើយ។ នៅយប់កើតហេតុរថយន្តក្រឡាប់នោះ មានផ្ទុកឈើអារ ប្រភេទឈើ សសរ ក្តារ ជាច្រើនសន្លឹក។ នៅពេលក្រឡាប់ភ្លាមៗ ក្រុមឈ្មួញបាននាំគ្នារើឈើផ្ញើផ្ទះអ្នកភូមិ ហើយយករថយន្តដឹកឈើក្រឡាប់នោះ យកទៅទុកនៅក្បែរផ្ទះពលរដ្ឋផ្សេងទៀត។

ក្រោយកើតហេតុ គេបានរាយការណ៍មន្ត្រីជំនាញរដ្ឋបាលព្រៃឈើដែលនៅក្បែរនោះ ទើបសមត្ថកិច្ចជំនាញសម្រេចរឹបអូសនាំយករថយន្តសាំងយ៉ុង និងវត្ថុតាំងបទល្មើសព្រៃឈើទាំងនោះ ទៅរក្សាទុក ដើម្បីកសាងសំណុំរឿងបន្តនីតិវិធីច្បាប់ ស្ដីពីព្រៃឈើ រងចាំធ្វើការវាស់វែងពេលក្រោយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print