ទីក្រុងបាងកក ៖ រកឃើញសពពលករខ្មែរចំនួន២រូបបន្ថែមទៀតដែលបានស្លាប់ក្នុងទីតាំងអគារបាក់រលំដោយសារគ្រោះរញ្ជួយដីនាទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ដែលសពប្តីមានឈ្មោះថា សាន់ សឿន អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ សុខ គិមសី អាយុ៣១ឆ្នាំ ដែលមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាននិងកំពុងសម្របសម្រួលរៀបចំឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ដើម្បីយកសពមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។ នេះបើយោងតាមប្រភព សុីសុីថែមស៍ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ ពលករខ្មែរចំនួន៤រូបបានស្លាប់ ខណៈពលរដ្ឋចំនួន២រូបផ្សេងទៀត បានរងរបួស ៕
ដោយ ៖ សិលា