យើងធ្វើដំណើររហូតដល់យប់ រួចឈប់សម្រាក។ ម៉ែរបស់ខ្ញុំបានដេកហើយសុបិនថា មានព្រះអង្គខ្មៅមួយអង្គហោះមក ហើយញញឹមដាក់គាត់ថែមទាំងផ្ដល់ក្តីសង្ឃឹមដល់គាត់។ លុះស្អែកឡើងម៉ោងប្រហែល ១១ ថ្ងៃត្រង់ ស្រាប់តែមេឃងងឹតឈឹង ហើយមានភ្លៀងធ្លាក់យ៉ាងខ្លាំងមិនបានឈប់សម្រាកឡើយ ព្រោះត្រូវ ផាន បញ្ជាឲ្យបន្តដំណើរទៅមុខទាំងរងាញាក់ញ័រដៃជើង និងទឹកមុខស្លេកខ្លាំង។ ពេលធ្វើដំណើររហូតដល់ពាក់កណ្ដាលផ្លូវ ម៉ែរបស់ខ្ញុំធ្វើពុតជាឈឺចុកពោះ។ ពេលនោះខ្ញុំ និងបងប្អូនផ្សេងទៀតយំខ្លាំងៗដើម្បីឲ្យពួកកងតូចអាណិតអាសូរកុំឲ្យគ្រួសាររបស់ខ្ញុំបន្តដំណើរទៅមុខទៀត។ ផាន បាននិយាយថា ទោះជាឈឺខ្លាំងយ៉ាងណាក៏យើងត្រូវតែធ្វើដំណើរទៅមុខទៀត មិនត្រូវឈប់ឡើយ។ ម៉ែរបស់ខ្ញុំយំអង្វរ ផាន និងរ៉េនថា ខ្ញុំមិនអាចបន្តដំណើរទៅមុខបានទៀតទេព្រោះខ្ញុំចុកពោះខ្លាំងណាស់។ចំណែកខ្ញុំ និងបងប្អូនផ្សេងទៀតយំអង្វរព្រមៗគ្នា។ រ៉ែន ទប់ចិត្តអាណិតយើងមិនចង់ឲ្យធ្វើដំណើរទៅមុខទៀតទេ។ រ៉ែនបាននិយាយទៅកាន់ផានថា ឥឡូវគ្រួសារសមមិត្ត ណន មើលទៅលំបាកណាស់។ គ្រួសារសមមិត្ត ណនទើបតែធ្វើខុសម្ដងទេ គួរលើកលែងទោសឱ្យគ្រួសារសមមិត្តណនទៅសមមិត្តផាន។ សមមិត្ត ផាន តបវិញថា មិនអាចលើកលែងទោសឲ្យបានទេ បើលើកលែងទោសឲ្យនោះ សមមិត្តផ្សេងនឹងយកសម្រាប់តាមមិនខានឡើយ។ សមមិត្ត រ៉ែន នៅតែព្យាយាមសម្រួលទៅសមមិត្តផានថា សមមិត្តផ្សេងដែលធ្លាប់ធ្វើលើកមុនៗយកទៅសម្បុកមាន់ខ្ញុំមិនដែលសុំទេ ប៉ុន្តែលើកនេះខ្ញុំសុំ។ គ្រួសារសមមិត្ត ណន និងគ្រួសារសមមិត្តផ្សេងទៀតនឹងមិនប្រព្រឹត្តបែបនេះទៀតឡើយ។
ការព្យាយាមអង្វររបស់សមមិត្ត រ៉ែន បានធ្វើឲ្យកងតូច ផាន បានសម្រេចចិត្តយល់ព្រមឲ្យគ្រួសាររបស់ខ្ញុំត្រឡប់ទៅរស់នៅក្នុងភូមិស្មោងវិញ។ គ្រួសាររបស់ខ្ញុំអរគុណដល់កងតូច រ៉ែន ដែលបានជួយគ្រួសារខ្ញុំ ហើយយើងធ្វើដំណើរត្រឡប់មកភូមិស្មោងវិញទាំងចិត្តរីករាយ។
ការធ្វើដំណើរត្រឡប់មកភូមិស្មោងវិញត្រូវចំណាយអស់រយៈពេលមួយថ្ងៃកន្លះទើបមកដល់។ គ្រួសាររបស់ខ្ញុំធ្វើដំណើរដោយភាពសប្បាយរីករាយឡើងវិញ។ ការធ្វើដំណើរត្រឡប់មកវិញ យើងមិនសូវនឿយហត់នោះទេ។ ពេលមេឃក្តៅខ្លាំងយើងក៏ឈប់សម្រាកហូបបាយទឹកតាមផ្លូវធម្មតាដែរ។នៅពេលយប់ម៉ែរបស់ខ្ញុំយល់សប្តិទៀតថា ព្រះអង្គខ្មៅហោះមកហើយញញឹមដាក់គាត់។ ថ្ងៃចុងក្រោយនៃការធ្វើដំណើរត្រឡប់មកភូមិស្មោងវិញ យើងមិនហ៊ានឈប់សម្រាកអ្វីទេ។ យើងត្រូវប្រញាប់មកដល់ភូមិវិញដើម្បីធ្វើការងារបន្តដែលអង្គការបានកំណត់ឲ្យ។
* ជម្លៀសលើកទី៣÷
បន្ទាប់ពីរួចផុតពីការជម្លៀសគ្រួសាររបស់ខ្ញុំនៅក្នុងភូមិស្មោងរហូតមិនដែលមានបញ្ហាអ្វីនោះទេ។ យើងរស់នៅក្នុងភូមិស្មោងរហូតដល់ខែមករាឆ្នាំ ១៩៧៩ ទើបគ្រួសាររបស់ខ្ញុំ និងប្រជាជនផ្សេងទៀតត្រូវបានជម្លៀសចេញពីភូមិរយៈពេល ២ ថ្ងៃ។ សមមិត្ត ផាន បានប្រាប់ដល់ប្រជាជនទាំងអស់ថា ដល់ពេលដែលត្រូវជម្លៀសទៅរស់នៅឯខាងលិចទន្លេមេគង្គហើយ។ គ្មានអ្នកណាហ៊ាននិយាយតវ៉ាអ្វីទេ ព្រោះខ្លាចអង្គការធ្វើបាប។ គ្រួសារនីមួយៗមិនបានរៀបចំសម្លៀកបំពាក់នោះទេ គ្រាន់តែមានទឹក និងអាហារបន្តិចបន្តួចយកទៅតាមខ្លួនតែប៉ុណ្ណោះ។ គ្រួសាររបស់ខ្ញុំបានជិះរទេះចេញទៅទាំងព្រឹកដោយមិនបានយកអ្វីទៅតាមខ្លួនច្រើនឡើយ។
យើងធ្វើដំណើរទៅដល់សួង។ នៅតាមវាលស្រែមានសភាពស្ងប់ស្ងាត់ មានស្រែខ្លះច្រូតស្រូវអស់ និងស្រែខ្លះទៀតមិនទាន់បានច្រូតនៅឡើយទេ ព្រោះប្រជាជននៅតំបន់នោះត្រូវបានពួកខ្មែរក្រហមជម្លៀសទៅរស់នៅខាងលិចទន្លេមេគង្គដែរ។ យើងចេះតែធ្វើដំណើរទៅមុខទៀតរហូត ហើយដល់ពេលយប់ទើបយើងបោះតង់ឈប់សម្រាកនៅលើភ្លឺស្រែ។ បងយ៉ុង និង បងយ៉ាយទៅរកចាប់ត្រីមកធ្វើជាម្ហូបអាហារចំណែកម៉ែរបស់ខ្ញុំមើលថែប្អូននាថនិង ម៉ៅ។ ខ្ញុំនិងបងស្រីមុ៉ម នាំគ្នាទៅឧសមកបង្កាត់ភ្លើងដាំបាយ និងសម្រាប់ដុតត្រី។ ក្រោយពេលដែលដាំបាយ និងដុតត្រីឆ្អិន យើងនាំគ្នាហូបបាយតែបន្តិចម្នាក់តែប៉ុណ្ណោះ។ យើងមិនអាចហូបឆ្អែតបានទេ ព្រោះយើងទុកអង្ករខ្លះសម្រាប់ថ្ងៃស្អែកទៀត។
ថ្ងៃទី ៦ ខែ មករា ឆ្នាំ ១៩៧៩ យើងចាប់ផ្ដើមធ្វើដំណើរទៅមុខទៀត។ លុះដល់ជប់យើងឃើញមានចម្ការកៅស៊ូជាច្រើនហិចតា។នៅក្នុងចំការកៅស៊ូនោះមានខ្ទមនិង ផ្ទះ ប៉ុន្តែមិនឃើញមានមនុស្សរស់នៅទេ។ ក្រោយមកយើងធ្វើដំណើរទៅជិតដល់ទន្លេមេគង្គក៏ឃើញមានគ្រួសារជាច្រើនទៀតដែលទៅដល់ទីនោះដែរ។ ខ្ញុំបានរកមើលឪពុក និងបងស្រីណាក់ប៉ុន្តែខ្ញុំមិនឃើញពួកគាត់ទាល់តែសោះ។ ខ្មែរក្រហមបានបង្ខំគ្រួសាររបស់ខ្ញុំ និងគ្រួសារផ្សេងទៀតឲ្យឆ្លងទន្លេមេគង្គដើម្បីយកទៅសម្លាប់នៅខាងលិចទន្លេមេគង្គ។ ភ្លាមៗនោះស្រាប់តែមានស្នូរគ្រាប់កាំភ្លើង និងសំឡេងយន្តហោះវាយប្រហារទៅលើក្រុមខ្មែរក្រហម។ គ្រួសាររបស់ខ្ញុំបាននាំគ្នារត់ឡើងមកទិសខាងកើតវិញ។ យើងរត់គេចពីការតាមសម្លាប់របស់ខ្មែរក្រហម និងរត់គេចពីគ្រាប់កាំភ្លើងនិងគ្រាប់បែកដែលកំពុងវាយទៅលើខ្មែរក្រហម។ ខ្ញុំរត់យ៉ាងលឿនកាត់ព្រៃកៅស៊ូ និងវាលស្រែ។ នៅពេលដែលខ្ញុំកំពុងតែរត់ ស្រាប់តែខ្ញុំត្រូវឆ្លងកាត់ត្រពាំងមួយដែលគ្មានស្ពានឆ្លងទេ ព្រោះខ្មែរក្រហមបានកម្ទេចស្ពាននោះចោលហើយ។ ខ្ញុំពិបាកឆ្លងត្រពាំងនោះណាស់ ព្រោះខ្ញុំមិនចេះហែលទឹក។
រំពេចនោះមានក្តារនៅសល់ពីសំណល់ស្ពានអណ្ដែតលើទឹកហើយខ្ញុំបានខំទៅតោងក្តារនោះសម្រាប់ហែលឆ្លងទឹកត្រពាំង។ជីវិតរបស់ខ្ញុំស្ទើរតែស្លាប់ដោយសារតែរត់គេចពីគ្រាប់កាំភ្លើង និងគ្រាប់បែកប៉ុន្តែខ្ញុំនៅតែខិតខំជម្នះពីសេចក្តីស្លាប់នោះ។
រហូតពេលយប់ សមាជិកគ្រួសាររបស់ខ្ញុំមិនទាន់បានជួបជុំគ្នាអស់នៅឡើយ។ ខ្ញុំជួបជុំជាមួយម៉ែ និងបងប្អូន ប៉ុន្តែឪពុក និងបងស្រីរបស់ខ្ញុំមិនទាន់បានជួបជុំគ្នានៅឡើយ។ ខ្ញុំគិតថា លែងបានជួបពួកគាត់ទៀតហើយ ព្រោះយើងមិនបានដឹងដំណឹងពីគាត់ទាល់តែសោះ។ យប់នោះបងប្រុសរបស់ខ្ញុំទៅចាប់ត្រីធ្វើម្ហូប ចំណែកឯម៉ែ និងបងស្រីម៉ុមរៀបចំតង់សម្រាប់ដេក។ រីឯខ្ញុំវិញទៅរកអុសមកបង្កាត់ភ្លើង។ លុះព្រឹកឡើងថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ គ្រួសាររបស់ខ្ញុំបានបន្តដំណើរទៅភាគខាងកើតរហូតដល់ភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តកំពង់ចាមវិញ។
* ជួបជុំគ្រួសារឡើងវិញ÷
នៅពេលល្ងាចដល់ស្រុកកំណើតភ្លាម កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជាមិនទាន់ឲ្យយើងទៅរស់នៅក្នុងភូមិវិញទេ។ យើងតម្រូវឲ្យស្នាក់នៅក្នុងជំរំនៅវត្តបូរណញ្ញាណមួយរយៈពេលសិន។ នៅក្នុងវត្តគ្មានព្រះសង្ឃនោះទេ។ ខ្ញុំចេះតែព្យាយាមខំសម្លឹងមើលក្រែងបានឃើញឪពុក និងបងស្រីរបស់ខ្ញុំ។ ពេលនោះស្រាប់តែខ្ញុំបានឃើញឪពុករបស់ខ្ញុំ ហើយស្រែកប្រាប់ម៉ែរបស់ខ្ញុំថា នោះពុកនិងបងស្រីណាក់ម៉ែ។ ចំណែកឪពុក និងបងស្រីរបស់ខ្ញុំវិញ នៅពេលឃើញយើងហើយក៏ស្ទុះរត់មកជួបគ្នាទាំងទឹកភ្នែក។ នៅពេលនោះប្រជាជនដែលរស់នៅក្នុងវត្តទទួលបានការឧបត្ថម្ភពីអគ្គស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ដែលចុះមកចែករួមមាន តង់ អង្ករ និងម្ហូបអាហារ ។ ក្នុងមួយគ្រួសារទទួលបានតង់មួយ។ គ្រួសាររបស់ខ្ញុំរស់នៅក្នុងជំរំក្នុងវត្តអស់រយៈពេលជិតមួយខែទើបបានត្រឡប់ទៅរស់នៅផ្ទះក្នុងភូមិវិញ៕(ចប់ដោយបរិបូណ៌)