ខេត្តកំពង់ឆ្នាំង៖ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២៥នេះ ព្រាហ្មណ៍ព្រះរាជគ្រូបានឱ្យដឹងថា បន្ទាប់ពីធ្វើពិធីផ្សងប្រផ្នូលរួចមក គោឧសភរាជ បានបរិភោគ ស្រូវ៩៥ភាគរយពោត៩៥ភាគរយ សណ្តែក៨០ភាគរយ ក្នុងចំណោមអាហារទាំងប្រាំពីរមុខ រួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ដែលដាក់ឱ្យផ្សងប្រផ្នូលនោះ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នៅទីព្រះស្រែ ក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងមានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា,សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឥស្សរជនជាន់ខ្ពស់ក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូត នៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ផងដែរ។
ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងត្រូវបានព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យធ្វើជាស្ដេចមាឃ កាន់នង្គ័លទី២ តំណាងរបស់ព្រះអង្គ និង លោកស្រី ផាត សុផាន្នីជាព្រះមេហួ ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជបវេណីដ៏សំខាន់ ចាត់ទុកជាវប្បមង្គលមួយ ដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក ដែលជាការប្រកាសប្រាប់ប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការថា ជាការចាប់ផ្តើមរដូវវស្សា។
ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំងរាជធានីភ្នំពេញ តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជានុញ្ញាត ឱ្យធ្វើនៅតាមបណ្តាខេត្តវិញម្ដង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួមក្នុងព្រះរាជបវេណីដ៏សំខាន់មួយនេះ។ ទន្ទឹមនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាការប្រកាសដល់អស់បណ្តាប្រជានុរាស្ដ្រឱ្យបានជ្រាបថា រដូវធ្វើស្រែចម្ការបានមកដល់ហើយ។ ព្រះរាជពិធីនេះត្រូវបានចាត់ចូលជាព្រះរាជពិធីទ្វាទសមាសប្រចាំព្រះនគរ ជាមង្គលចម្រើន ការសាប ព្រោះបណ្ដុះ ដាំ ក្នុងរដូវភ្លៀងរបស់ប្រជាជន។
ក្នុងព្រះរាជពិធីបុណ្យទ្វាទសមាសច្រត់ព្រះនង្គ័លក្នុងខេត្តកំពង់ឆ្នាំងនេះដែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយ និងស្រូវពូជ ដល់តំណាងប្រជាកសិករ ចំនួន១០០រូប និងយាងទត ស្តង់ពិព័រណ៍ដែលដាក់តាំងបង្ហាញអំពីសមិទ្ធផលវិស័យកសិកម្មនៅទីនោះផងដែរ៕
ប្រភព ៖ «CCFR China state-controlled media »