នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ប្ដេជ្ញាយកចិត្តទុកដាក់បន្តជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិមួយ ដែលប្រជាពលរដ្ឋជឿទុកចិត្ត

ចែករំលែក៖

ខេត្ត​កណ្ដាល៖ លោកនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្តេជ្ញាយកចិត្តទុកដាក់ បន្តដឹកនាំ គាំទ្រ និងជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិមួយ ដែលប្រជាពលរដ្ឋជឿទុកចិត្ត មានលទ្ធភាព សមត្ថភាព បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់។

ការប្ដេជ្ញាចិត្តរបស់ លោកអភិសន្តិបណ្ឌិត ស សុខា នាឱកាសអញ្ជើញចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥។

ខួបលើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិក នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានដើរព្យុហយាត្រាបង្ហាញផែននីមួយៗរបស់កម្លាំងនគរបាលជាតិផងដែរ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការធ្វើកំណែទម្រង់ក្នុងកងកម្លាំងនគរបាលជាតិ ក៏ត្រូវបានអនុវត្តប្រកបដោយភាពស្វាហាប់ ស៊ីជម្រៅដោយផ្តោតលើ ការកែសម្រួលរចនាសម្ព័ន្ធ ការវិភាគមុខងារ ការពង្រឹងសមត្ថភាពកងកម្លាំង ការអនុវត្តយ៉ាងម៉ឺងម៉ាត់អភិក្រមទាំង៥ «ឆ្លុះកញ្ចក់ ងូត ទឹក ដុះក្អែល ព្យាបាល និងវះកាត់» ក្នុងន័យសំដៅកសាងកងកម្លាំងនគរបាលជាតិមួយ ដែល ស្អាត ស្អំ រឹងមាំ ប្រកបដោយវិជ្ជាជីវៈ គួរជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍​ អភិសន្តិបណ្ឌិត​ ស​ សុខា​ បន្ដថា ជាពិសេសបានកែសម្រួលរបៀប របបការងារប៉ុស្តិ៍នគរបាលរដ្ឋបាល តាមទម្រង់នគរបាលសហគមន៍ ដែលជាការតម្រង់ទិសអោយ មន្ត្រីនគរបាល បំពាក់ទស្សនៈមហាជនបន្ថែម ចុះជាប់កៀកកិតជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បី ស្វែងរកដំណោះស្រាយរួមគ្នា ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់សហគមន៍។ ដែល តាមរយៈនេះ បានធ្វើឱ្យកងកម្លាំងនគរបាលជាតិ កាន់តែមានតួនាទីយ៉ាងសំខាន់ ស័ក្តិសមជាសេនា ធិការដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងខឿនសន្តិសុខជាតិមាតុភូមិ និងលើកកម្ពស់ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដែលជាបុព្វបទស្នូលយ៉ាងសំខាន់មិនអាចខ្វះបានបម្រើឱ្យ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍​ អភិសន្តិបណ្ឌិត​ បានថ្លែង​ថា «ក្នុងនាមក្រសួងមហាផ្ទៃ ជាក្រសួងអាណាព្យាបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំប្តេជ្ញាយកចិត្ត ទុកដាក់បន្តដឹកនាំ គាំទ្រ និងជំរុញការកែទម្រង់គ្រប់ផ្នែក ដើម្បីកសាងកងកម្លាំងនគរបាលជាតិ មួយដែលប្រជាពលរដ្ឋ ជឿទុកចិត្ត មានលទ្ធភាព សមត្ថភាពបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់និងមានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ»។

...

លោកឧបនាយករដ្ឋមន្ត្រី​ ស​ សុខា​ បន្ដថា «ក្នុងនាមនគរបាលជាតិកម្ពុជា យើងខ្ញុំសូមប្តេជ្ញាចិត្តចូលរួមថែរក្សា និងការពារឱ្យបាននូវសុខ សន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកម្ពុជា បន្តមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ»៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print