ផ្ទុះការតវ៉ាពីប្រជាពលរដ្ឋឈានដល់ការដុតកង់ឡានបញ្ហាជម្លោះដីធ្លីជាមួយក្រុមហ៊ុនសុខា អូតែលនៅជ្រោយចង្វារ

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋជាច្រើនគ្រួសារ ជាមួយក្រុមហ៊ុនសុខាអូតែលបាន ចាប់ផ្តើមផ្ទុះការតវ៉ាពីប្រជាពលរដ្ឋរងគ្រោះ ពួកគាត់បានបង្ខំចិត្តដុតកង់ឡានឲ្យឆេះហុយ ទ្រលោម ជាការសុំដ៏ទទូចឲ្យសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ដល់ពួកគាត់ កាលពី រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ខាងជើងជាប់អូតែលសុខា ក្នុងសួនជ្រោយចង្វារ ផ្លូវទន្លេសាប ក្រុម៩ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រតិកម្មនេះកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋជាច្រើនគ្រួសារនោះ មានទំនាស់ដីធី្លលើដីឡូត៍ដ៏រាំរ៉ែចំនួន២កន្លែង ហើយពួកគាត់បានទទួលសេចក្តីជូនដំណឹងពីសាលារាជធានីភ្នំពេញថានៅ រសៀលថ្ងៃនេះមានតំណាងអយ្យការ សហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចចម្រុះ នឹង ចុះអនុវត្តដីការក្សាការពារលេខ១៤៩ «ត» ដ.រ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ដោយយោង តាមលិខិតលេខ២២៩ ល.ស.ច ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ដើម្បីអនុវត្តលើដីរបស់ពួកគាត់ជាប្រជាពលរដ្ឋរងគ្រោះ ដែលបានកាន់កាប់ជាយូរមកហើយ ។ ក្នុងនោះការអនុវត្តដីកា រក្សាការពារ ដោយតម្រូវឲ្យភាគីក្រុមហ៊ុនសុខាអូតែលធ្វើរបងព័ទ្ធជុំវិញ ប៉ុន្តែខាងក្រុមហ៊ុន កំពុងប្រឈមទៅនឹងជម្លោះដីធី្លជាមួយពួកគាត់នៅស្ថាប័នតុលាការ ពុំទាន់មានដំណោះ ស្រាយសមស្របនៅឡើយនោះ ។ ប្រជាពលរដ្ឋជាច្រើននាក់ ដែលស្រែករកយុត្តិធម៌ជាមួយនឹងការសម្រក់ទឹកភ្នែកបានអះអាង ថា របស់ពួកគាត់កំពុងមានទំនាស់ជាមួយក្រុមហ៊ុនសុខាអូតែល មានដីទំហំ១,៦៤០ម៉ែត្រការ៉េ ដែលមានឯកសារ និងព្រំប្រទល់ច្បាស់លាស់ កាន់កាប់ដីធី្លតាំងពីឆ្នាំ១៩៧៩ រហូតមកដល់ បច្ចុប្បន្ន ។

ប្រជាពលរដ្ឋបន្តថា ពេលដីមានហាងឆេង យ៉ាងតិចក្នុង១ម៉ែត្រការ៉េតម្លៃពី២៥០០ដុល្លារទៅ ៣០០០ដុល្លារបែរជាលេចមុខក្រុមហ៊ុនសុខា អូតែល មានវត្តមានមកធ្វើរបងព័ទ្ធយកដីពួកគាត់ ដូច្នេះភាពអយុត្តិធម៌ទាំងនេះ ពួកគាត់មានសង្ឃឹមតែទៅលើសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជួយរកយុត្តិធម៌និងដំណោះស្រាយឲ្យបានសមស្របសម្រាប់ពួកគាត់ជាជនរងគ្រោះនោះផង ។

ពួកគាត់បន្តថា ដំណោះស្រាយរវាងក្រុមហ៊ុនសុខាអូតែលគឺបានទូទាត់ឲ្យត្រឹមតែ១ម៉ែត្រការ៉េ ១០០ដុល្លារប៉ុណ្ណោះ ។ ដូច្នេះការកំណត់ក្នុងតម្លៃនេះ ហាក់ដូចជាអយុត្តិធម៌ មិនត្រូវប្រើប្រាស់ អំណាចមកគាបសង្កត់រំលោភយកដីដែលពួកគាត់កាន់កាប់ស្របច្បាប់នោះឡើយ ។
ករណីផ្ទុះការតវ៉ានេះ ក៏មានសមត្ថកិច្ចនិងអាជ្ញាធរបានចុះទៅកាន់ទៅនោះ ដើម្បីរៀបចំ សណ្តាប់ធ្នាប់ និងបញ្ចៀសការឆេះរាលដាលណាមួយដោយសារការដុតកង់ឡាន ហើយក៏ សំណូមពរឲ្យប្រជាពលរដ្ឋបន្តរកដំណោះស្រាយតាមនីតិវិធីផ្លូវតុលាការ ។

ដោយឡែកករណីនេះ គេពុំបានឃើញភាគីខាងក្រុមហ៊ុមសុខាអូតែលចេញមុខមកដោះ ស្រាយ សម្របសម្រួលនោះឡើយ ហើយក៏មិនអាចសុំការពន្យល់បកស្រាយណាមួយពីក្រុម ហ៊ុនសុខាអូតែលជាមួយអ្នកសារព័ត៌មានបានឡើយ កាលពីរសៀលថ្ងៃទី២៥ខែសីហា ឆ្នាំ២០១៦នេះ ៕

pp (1) pp (2) pp (3) pp (4) pp (5) pp (6) pp (7) pp (8) pp (9)

ដោយ៖ សុខខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print