ភ្នំពេញ ៖ «ភាគីចិនបានថ្លែងកោតសរសើរ ទុរេនរបស់ខ្មែរ ឆ្ងាញ់ ហើយគួរតែនាំចូលទីផ្សាររបស់ខ្លួន ឲ្យបានច្រើន» នេះគឺជាការលើកឡើង របស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពេលដែលលោក បានទៅភ្លក់ផ្ទាល់ ដល់ចម្ការ ស្ថិតក្នុងខេត្តកំពត ថ្មីៗនេះ។ កសិករខ្មែរ រំពឹងខ្ពស់ពីនាំចេញទុរេន ទៅប្រទេសចិន ក្រោយពីបានដឹង អំពីដំណឹងនេះ។
លោក ណុប សារិទ្ធ កសិកដាំទុរេន នៅខេត្តកំពត បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា «បានខាង ទូតចិនមកទស្សនា និងភ្លក់ចឹង ក្នុងនាមកសិករ សប្បាយរីករាយ បើនាំចេញទុរេនទៅប្រទេសគាត់ ធ្វើឲ្យកសិករ មានកម្លាំងចិត្ត ដាំដុះ បង្កបង្កើនផលបន្ថែម សេដ្ឋកិច្ចក្នុងតំបន់ ក្រៅតំបន់ នៅក្នុងប្រទេសកម្ពុជា កាន់តែល្អ ដោយសារតែប្រជាជននឹងមានជីវភាព កាន់តែធូរធា»។
រីឯ លោក ជូន បូណា ក្នុងនាមពលរដ្ឋម្នាក់ ជឿជាក់ថា កសិករខ្មែរនឹងមានជីវភាពកាន់តែធូរធា ក្រោយពេលចិនបញ្ជាទិញកសិផលខ្មែរ ជាបន្តបន្ទាប់ រហូតមកដល់ផ្លែទុរេន នាពេលនេះ។
«យើងមើលឃើញថា ទីផ្សារចិន ជាទីផ្សារធំមួយ លើពិភពលោក បើទុរេន អាចនាំចេញទៅចិនបាន ពិតណាស់ ផ្តល់ផលចំណេញច្រើនខ្លាំងណាស់ ដល់អ្នកដាំទុរេន និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋខ្មែរ ជាច្រើន»
គួរបញ្ជាក់ថា នៅក្នុងដំណាក់កាលនេះ ផ្លែទុរេនកម្ពុជា ត្រៀមនាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីទទួលបានអនុញ្ញាត ពីខាងស្ថាប័នគយរបស់ប្រទេសចិន៕
ប្រភព ៖ «CCFR China state-controlled media »