ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៩០គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ១៧២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤២៩គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ១៨៧គ្រឿង និងម៉ូតូ ២៣៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៩០គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ៩៧គ្រឿង និងម៉ូតូ ១៩០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៦ថ្ងៃ ពីថ្ងៃទី១-១៦ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៦,៥៦៣គ្រឿង, រថយន្តធំ ៣៥គ្រឿង, រថយន្តតូច ២,៨៦៧គ្រឿង, ម៉ូតូ ៣,៦៦១គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៩៨៤គ្រឿង, រថយន្តធំ ២៤គ្រឿង, រថយន្តតូច ២,០៩០គ្រឿង និងម៉ូតូ ២,៨៧០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា