ខេត្តពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យើងត្រូវអរគុណសន្តិភាព ដឹងគុណសន្តិភាព តាមរយៈនយោបាយឈ្នះ=ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ព្រោះបើមិនមានសន្តិភាពទេ តំបន់ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនអាចក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បន្តវេនកសាងប្រទេសដូចថ្ងៃនេះទេ។
ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យហ៊ុន សែន ប្រម៉ោយ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីជាង២០ឆ្នាំមុន តំបន់វាលវែងជាកន្លែងរហោស្ថាន តំបន់សង្គ្រាម តំបន់ដែលសម្បូរដោយសំណល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ សម្ដេចបន្តថា សន្តិភាពបានប្រែក្លាយតំបន់អតីតសមរភូមិមួយនេះ ជាតំបន់អភិវឌ្ឍន៍ មានសាលា មានផ្សារ មានភូមិឋាន មានមនុស្សរស់នៅកុះករច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រែក្លាយតំបន់ស្រុកវាលវែងដែលមានសក្ដានុពលស្រាប់ជាតំបន់អតីតសមរភូមិដ៏ក្ដៅគគុក ឱ្យក្លាយមកជាតំបន់អភិវឌ្ឍន៍ គឺពិតណាស់ កើតចេញពីនយោបាយឈ្នះ=ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងកើតចេញពីកត្តាសុខសន្តិភាព ក្រោយគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជំហរដោយម៉ឺងម៉ាត់ថា រាជរដ្ឋាភិបាលគឺនៅតែបន្តរឹតបន្តឹងការអនុវត្តច្បាប់នៅកម្ពុជា ដោយមិនមានការលើកលែងឬការយោគយល់នោះឡើយ។ សម្ដេចធិបតីក៏បានអំពាវនាវដល់សាធារណជនទាំងអស់ សូមឈប់បារម្ភ ឈប់ព្រួយ ឈប់បង្ហាញនូវការមិនទុកចិត្តចំពោះការអនុវត្តច្បាប់នៅកម្ពុជា ដូចជាគ្រោះថ្នាក់ចរាចរណ៍កន្លងមកជាដើម គឺជនបង្កត្រូវបានអនុវត្តតាមនីតិវិធីរបស់ច្បាប់ ដោយផ្ដល់សំណងដល់ជនរងគ្រោះហើយត្រូវទទួលទោសទណ្ឌទៅតាមច្បាប់កំណត់ថែមទៀត គឺមិនមានករណីរួចខ្លួន ឬលើកលែងនោះឡើយ។ សម្ដេចធិបតីរំលេចបន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានមនុស្សស្លាប់ គឺសម្ដេចតាមដានការអនុវត្តនីតិវិធីរបស់សមត្ថកិច្ចជំនាញជាប់ជាប្រចាំ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា យុត្តិធម៌សង្គម ត្រូវមាន សម្រាប់ទាំងអស់គ្នា ៕ ដោយ ៖ សិលា