ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រសួងសាធារណ និងដឹកជញ្ជូន បានចេញផ្សាយពីសកម្មភាពការងារ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តបានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ តាមបណ្ដាខេត្ត។
ក្រសួងបានឲ្យដឹងថា «នៅថ្ងៃទី១៤ – ១៥ ឧសភា ២០២៥ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កណ្តាល កំពត កែប កំពង់ស្ពឺ ព្រះសីហនុ កោះកុង តាកែវ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង បានចុះជួសជុលថែទាំលើផ្លូវជាតិសំខាន់ៗ នៅតាមបណ្ដាខេត្តរបស់ខ្លួន»។
ក្រសួងថា សកម្មភាពជួសជុលថែទាំជាប្រចាំនេះ ធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ ៕
ដោយ ៖ សិលា