ខេត្តស្ទឹងត្រែង÷ ក្រៅពីការបណ្តុះបណ្តាលស្តីពី “ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត” លើ ការងារទូទៅគ្រប់ជំនាញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសជូនដល់មន្ត្រីបោះឆ្នោត ដោយផ្តោតលើការងារជំនាញពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត។
ចំពោះការបណ្តុះបណ្តាលពិសេសនេះ កាលពីឆ្នាំ ២០២៤ គ.ជ.ប បានរៀបចំចំនួន២វគ្គ រួចមកហើយ គឺនៅខេត្តតាកែវ និងខេត្តកំពត ជូនដល់មន្ត្រីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការ បោះឆ្នោត (លធ.ខប) ចំនួន ១០ រាជធានី ខេត្ត ហើយសម្រាប់ឆ្នាំ២០២៥ នេះ គ.ជ.ប បានរៀបចំចំនួន ២វគ្គទៀត ដោយវគ្គទី១ ធ្វើ ឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៥ សម្រាប់លេខាធិការដ្ឋានខេត្តរៀបចំការបោះ ឆ្នោត (ល.ខ.ប) ចំនួន ៨ខេត្ត និងវគ្គទី២ រៀបចំឡើង នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នេះ សម្រាប់ ល.ខ.ប ចំនួន ៧ខេត្ត។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប អញ្ជើញជាអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលប្រមូលផ្តុំតាមតំបន់ស្តីពី “ការពង្រឹងសមត្ថភាពមន្ត្រីបោះឆ្នោតអំពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៥” នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានមាន ប្រសាសន៍ថា គ.ជ.ប ពិនិត្យឃើញថា វគ្គបណ្តុះ បណ្តាលប្រមូលផ្តុំនេះពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងការពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីបោះឆ្នោត ថ្នាក់ក្រោមពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ ការទទួល និងដោះស្រាយពាក្យបណ្តឹង សំដៅលើកកម្ពស់ គុណភាព ប្រសិទ្ធភាពក្នុងការដោះស្រាយពាក្យបណ្ដឹងបានទាន់ពេលវេលា និងត្រឹមត្រូវតាមច្បាប់ កាត់បន្ថយជម្លោះ និងបង្កើនការជឿទុកចិត្ត ទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោត។
ក្នុងឱកាសនោះដែរ លោកអគ្គលេខាធិការ គ.ជ.ប ក៏ មានប្រសាសន៍ណែនាំ អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលពិសេស
អំពីការយល់ដឹង និងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់មន្ត្រី លធ.ខប និងក្រុមប្រឹក្សាឃុំ សង្កាត់ ពាក់ព័ន្ធនឹងនីតិវិធីនៃការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹង ដើម្បីលើកយោបល់ជូន គ.ជ.ប ពិនិត្យលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាលប្រមូលផ្តុំនេះនៅឆ្នាំ២០២៦ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់បម្រើឱ្យការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧ ខាងមុខ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
វគ្គបណ្តុះបណ្តាលប្រមូលផ្តុំតាមតំបន់ដែលធ្វើឡើងនៅខេត្តស្ទឹងត្រែង នេះ គឺមានរយៈពេល មួយថ្ងៃ ដោយមានសិក្ខាកាមសរុបប្រមាណ ១០០ នាក់ ដែលមានសមាសភាពជាប្រធាន ល.ខ.ប ប្រធានផ្នែកសេវាកម្មច្បាប់ និងបច្ចេកទេស ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម គ្រូបង្ហាត់ផ្នែកទ្រឹស្តីនៃ ល.ខ.ប កំពង់ចាម ក្រចេះ មណ្ឌលគិរី ព្រះវិហារ រតនគិរី ស្ទឹងត្រែង ត្បូងឃ្មុំ និងក្រុមប្រឹក្សាសង្កាត់ទាំងអស់នៃក្រុងស្ទឹងត្រែង ៕