ភ្នំពេញ៖ រថយន្តតូយ៉ូតាព្រុសមួយគ្រឿងខណៈអ្នកបេីកបរចង់ឈប់ចូលទិញថ្នាំពេទ្យក្នុងឱសថស្ថានមួយកន្លែងក៏ច្រឡំជាន់ហ្គារថាជាហ្រ្វ័ង ធ្វើអោយរថយន្តស្ទុះជ្រុលទៅបុកទ្វារកញ្ចក់រងការខូចខាតអស់ចំនួន៣ផ្ទាំង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅចំនុចទីតាំងលក់ថ្នាំពេទ្យមួយកន្លែងក្រោយវត្តលង្កា យីហោឱសថស្ថានយេីង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១កែងផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់បានបេីករថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY- 3912 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨២ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុអ្នកបើករថយន្តមានគោលបំណងចង់ចូលទៅទិញថ្នាំក្នុងឱសថស្ថានខាងលើក៏ជាន់ហ្វ្រ័ងឈប់ ប៉ុន្តែច្រឡំជាន់ហ្គារធ្វើអោយរថយន្តស្ទុះជ្រុលទៅបុកទ្វារកញ្ចក់ឱសថស្ថានបណ្ដាលឲ្យរងការខូចខាតអស់ចំនួន៣ផ្ទាំង ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខតិចតួច តែសំណាងល្អក្នុងករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ។
ក្នុងហេតុការណ៍នេះផងដែរ បន្តិចក្រោយមកក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ ហើយបានអោយភាគីទាំងសងខាងសម្របសម្រួលគ្នាមួយជំហានសិន។
ក្រោយកេីតហេតុភាគីទាំងសងខាងក៏បានសម្របសម្រួលគ្នាដោយខាងរថយន្តសុខចិត្តហៅជាងមកជួសជុលអោយល្អឡើងវិញដើម្បីបញ្ចប់រឿង ៕
ដោយ៖ សុខាសែនជ័យ
