ខេត្តស្ទឹងត្រែង៖ កីឡាខេត្តស្ទឹងត្រែង បានរៀបចំការប្រកួតកីឡាវាយសី ពានរង្វាន់អភិបាលខេត្តឆ្នាំ ២០២៥ ដែលមានការចូលរួមចំនួន៤០ក្រុម(កម្រិតAចំនួន៨ក្រុម កម្រិតBចំនួន១៦ ក្រុម កម្រិតCចំនួន១៦ក្រុម) និងពានរង្វាន់ភូមិភាគឦសាន្តលើកទី៣ ឆ្នាំ២០២៥ចំនួន៥ខេត្ត មានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ចែកចេញជា៣កម្រិត(កម្រិតAចំនួន៨ក្រុម កម្រិតB ចំនួន៣២ក្រុម កម្រិតC ចំនួន៣២ក្រុម) ឆ្លងតាមការប្រកួតអស់រយៈពេល២ថ្ងៃ(ថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥) និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៥ នៅទីលានក្លឹបវាយសី ស្ទឹងត្រែង។
នាឱកាសនោះក្នុងពិធីផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី១៧ ខែឧសភា កន្លងទៅនេះ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងការប្រគល់ពានរង្វាន់ និងមេដាយ ជូនដល់កីឡាករ កីឡាការិនី ពានរង្វាន់អភិបាលខេត្ត និងពានរង្វាន់ភូមិភាគឦសាន្ត ក្រោមការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។
លទ្ធផលទទួលបានក្នុងការប្រកួតនាល្ងាចថ្ងៃដដែលនោះ ចំពោះពានរង្វាន់អភិបាលខេត្ត កម្រិតA ចំណាត់ថ្នាក់លើកលេខមួយបានទៅលើកីឡាករ គីន សង្ហាឧត្តម និងកីឡាករ ឈួ ឡុង ចំណាត់ថ្នាក់លេខ២ បានលើ កីឡាករ គង់ ឆៃយ៉ា និងកីឡាករ សេដ្ឋ ចាន់សីហា ចំណាត់ថ្នាក់លេខ៣ បានទៅលើ កីឡាករ តូ ចាន់នី និង កីឡាករ ឡូ រីដា។
កម្រិតB ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ លឹម ប៊ុន ហេង និងកីឡាករ វិចិត្រ ច័ន្ទរីទ្ធី ចំណាត់ថ្នាក់លេខ២ បានទៅលើ កីឡាករ ខៀវ ចាន់ដារ៉ារឹទ្ធ និងកីឡាករ ខៀវ កុម្ភៈ ចំណាត់ថ្នាក់លេខ៣ បានទៅលើ កីឡាករវ័យ ចំណាស់ ខេង ទិត្យសីហា និងកីឡាករ ម៉ៅ ម៉ុងតុល។ កម្រិតC ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ លីម វណ្ណាឡូង និងកីឡាករ ផល្លា រស្មីទិត្យា ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ អ៊ុក សុជាតិ និងកីឡារ បូ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ឃូ សេងហុក និងកីឡាករ ឡេង វណ្ណៈ ដោយឡែកពានរង្វាន់ ភូមិភាគឦសាន្ត កម្រិតAចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករមកពីខេត្ត មណ្ឌលគិរី ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករមកពីខេត្តក្រចេះ និងចំណាត់ថ្នាក់លេខ៣ បានទៅលើ កីឡាករមកពីខេត្តស្ទឹងត្រែង។ កម្រិតB ចំណាត់ថ្នាក់លេខ១បានទៅខេត្តស្ទឹងត្រែង លេខ២បានទៅ ខេត្តមណ្ឌលគិរី និងលេខ៣ បានទៅ ខេត្តស្ទឹងត្រែង ។ កម្រិតCចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករមកពីខេត្ត រតនគិរី ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករមកពីខេត្តស្ទឹងត្រែង និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករមកពីខេត្តរតនគិរី។
លោកអភិបាលខេត្តបានមានប្រសាសន៍ថា កីឡា ទាំងអស់គឺនាំមកនូវ សុខភាព មិត្តភាព ការលេងកីឡាគឺបង្ហាញពីស្មារតី ក្រុម នាំឱ្យលក្ខណៈបច្ចេកទេសទាំងអស់គ្រប់ជ្រុងជ្រោយនាំមកនូវជ័យជំនៈ ។ លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់អំពីសមត្ថភាព ជាប្រតិភូកីឡាករ កីឡាការិនីទាំងអស់មកពី បណ្តាខេត្តភូមិភាគឦសាន្ត ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដណ្តើមបាននូវជ័យជំនៈសំរាប់ក្លឹបរបស់ខ្លួន និងនាំពានជូនខេត្តរបស់ខ្លួន ដែលជាមោទនភាពក្នុងនាមជាអ្នកស្រលាញ់វិស័យកីឡា គឺស្រឡាញ់កីឡា វាយសី៕
ដោយ៖តារា