ភ្នំពេញ ៖ សង្គមស៊ីវិលសាទរ ការភ្ជាប់ឡើងវិញនូវជើងហោះហើរត្រង់ រវាងក្រុង Wuxi នៃប្រទេសចិន និងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា។ ជើងហោះហើរត្រង់ រវាងទីក្រុង Wuxi នៃប្រទេសចិន និងខេត្ត ព្រះសីហនុរបស់កម្ពុជា ត្រូវបានបន្តបើកឡើងវិញ កាលពីចុងសប្តាហ៍ ដោយក្រុមហ៊ុនអាកាសចរណ៍មួយ មានឈ្មោះថា «Ruili» ។
ក្នុងនាមសង្គមស៊ីវិល លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រាប់ នៅថ្ងៃទី១៩ ខែឧសភាថា ក្នុងនាមជាទីក្រុងវាយនភណ្ឌ និង តម្បាញសូត្រ ព្រមទាំងជារតនសម្បត្តិនៃព្រះពុទ្ធបដិមាសំរិទ្ធដ៏អស្ចារ្យ ទីក្រុង Wuxi ខេត្តជាំងស៊ូ ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មរបស់ខេត្តព្រះសីហនុ ដែលបានចាក់បញ្ចូលនូវបទពិសោធន៍នៃភាពជោគជ័យសេដ្ឋកិច្ចតាមរយៈតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិនចូលមកកម្ពុជា ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ ដោយឡែក កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ ការភ្ជាប់ឡើងវិញនូវជើងហោះហើរត្រង់រវាងក្រុង Wuxi នៃប្រទេសចិន និងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ក្នុងនាមសង្គមស៊ីវិលមួយ នៅកម្ពុជា លោកបណ្ឌិតយល់ថា ការបន្តឡើងវិញនូវជើងហោះហើរត្រង់នេះ ជាកត្តាសំខាន់មួយ ក្នុងការបង្កើនកិច្ចលើកស្ទួយសេដ្ឋកិច្ច បង្កើនគន្លងទំនាក់ទំនងអាជីវកម្ម និងបង្កើននិរន្តរភាព នៃការអភិវឌ្ឍ តំបន់ព្រះសីហនុ។
លោកបណ្ឌិត ចាប់អារម្មណ៍ លើ៤ចំណុច ៖
«១. លើកកម្ពស់វិស័យទេសចរណ៍: ការតភ្ជាប់ជាមួយក្រុង Wuxi នឹងជួយទាក់ទាញភ្ញៀវទេសចរចិនមកលេងកម្ពុជាបន្ថែម ជាពិសេសតំបន់ឆ្នេរនៅព្រះសីហនុ ដែលជាទីតាំងទាក់ទាញសម្រាប់កម្សាន្ត និងពេលវេលានៃការឈប់សម្រាកនានា, ២. ជំរុញការវិនិយោគ ជើងហោះហើរទំនាក់ទំនងត្រង់នេះ នឹងជួយធ្វើឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើររវាងអ្នកវិនិយោគ និងអ្នកធ្វើអាជីវកម្មពីចិនមកកម្ពុជា និងវិញលើសទៀត បង្កើនការទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ទៅកាន់ខេត្តព្រះសីហនុដែលជាតំបន់សេដ្ឋកិច្ចពហុបំណងធំបំផុតរបស់កម្ពុជា, ៣. ជួយអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ការតភ្ជាប់អាកាសបន្ថែមនេះជួយអោយមានចរន្តទំនិញ និងមនុស្សច្រើនឡើង ដែលអាចជួយលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការកើនឡើងនៃការជួលសណ្ឋាគារ សេវាកម្មដឹកជញ្ជូន ការលក់ទំនិញ និងសេវាកម្មផ្សេងៗ, ៤. ជួយកំណត់គោលដៅសេដ្ឋកិច្ច–ទេសចរណ៍ជើងហោះហើរត្រង់នឹងជួយព្រះសីហនុក្លាយជាគោលដៅសំខាន់មួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ទេសចរ និងវិនិយោគិន ជាពិសេសជនជាតិចិន ព្រមទាំងបង្កើនភាពស្វាហាប់នៃចង្វាក់ផលិតកម្មរបស់កម្ពុជាក្នុងចរន្តសេដ្ឋកិច្ចសកល៕