ភ្នំពេញ ៖ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ អញ្ជើញជាអធិបតីដឹកនាំក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការរៀបចំដំណើរការអនុវត្តសាកល្បងទោសការងារសហគមន៍ រវាងស្ថាប័នតុលាការ និងក្រសួងស្ថាប័នពាក់ព័ន្ធ។
សូមបញ្ជាក់ថា នាទីស្តីការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ បានអញ្ជើញជាអធិបតីដឹកនាំក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ស្តីពីការរៀបចំដំណើរការអនុវត្តសាកល្បងទោសការងារសហគមន៍ រវាងស្ថាប័នតុលាការ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀត សម្រាប់ជាមូលដ្ឋានដល់ក្រុមការងារក្នុងការពិចារណារៀបចំឯកសារ ឬយុទ្ធសាស្ត្រនានាសម្រាប់ការដាក់ឱ្យដំណើរការទោសសហគមន៍នាពេលខាងមុខនេះ ។
សូមជម្រាបជូនថា សម្រាប់កិច្ចប្រជុំលើកទី៣នេះ គឺក្នុងគោលបំណងដើម្បីផ្តល់វេទិការពិភាក្សារវាងតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការអនុវត្តទោសការងារសហគមន៍សាកល្បងនាពេលខាងមុខ និងជាវេទិការផ្លាស់ប្តូរព័ត៌មានរវាងតួអង្គប្រតិបត្តិផ្ទាល់នៅលើកិច្ចការនេះ ទាក់ទងនឹងចំនុចខ្លាំង និងចំនុចខ្សាយនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមកនៅសហគមន៍ សំដៅស្វែងរកនូវដំណោះស្រាយ និងយន្តការសមសម្របមួយនាពេលខាងមុខ មុននឹងឈានដល់ការចាប់ផ្តើមអនុវត្តទោសការងារសហគមន៍នេះ ដោយធានាបាននូវសង្គតិភាពស្របតាមច្បាប់ជាធរមាន និងប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តន៍ជំហានសាកល្បងនាពេលខាងមុខ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំតំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងធម្មការ និងសាសនា ព្រមទាំង លោក លោកស្រី ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង រាជធានីខេត្ត និងលោក លោកស្រីជាសមាសភាពនៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ជាច្រើនរូប ផងដែរ៕
ដោយ ៖ សិលា