នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែឧសភា

ចែករំលែក៖

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ហើយសម្តេចនឹងចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី « អនាគតរបស់អាស៊ី» ដែលរៀបចំដោយក្រុមហ៊ុន Nikkei Inc. ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុន។

នេះជាកិត្តិយសមួយសម្រាប់ប្រជាជាតិយើង។ មេដឹកនាំរបស់យើង ត្រូវបានអញ្ជើញបង្ហាញទស្សនៈ និងចក្ខុវិស័យ សម្រាប់កិច្ចកសាងតំបន់អាស៊ីរបស់យើង គ្រាពិភពលោកប្រឈមភាពស្មុគស្មាញជាច្រើន ។ 

យោងតាមសេចក្តីប្រកាសព័ត៌មាន សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន តបតាមការអញ្ជើញរបស់លោក អ៊ិស៊ីបា ស៊ីហ្កឺរ៉ូ (Ishiba Shigeru) នាយករដ្ឋមន្ត្រីជប៉ុន និងចូលរួមសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី«អនាគតរបស់អាស៊ី» ដែលរៀបចំដោយក្រុមហ៊ុន Nikkei Inc. ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

វេទិកានេះរៀបចំឡើងរៀងរាល់ឆ្នាំដោយក្រុមហ៊ុន NIKKEI របស់ជប៉ុន។ មេដឹកនាំប្រទេស មេដឹកនាំស្ថាប័នពិភពលោក អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញផ្នែកសេដ្ឋកិច្ចជាដើម តែងបានអញ្ជើញជាវាគ្មិនក្នុងវេទិកាដ៏មានសារៈសំខាន់។

សម្រាប់វេទិកាអ្វីក៏ដោយ វាគ្មិន ត្រូវបានគេវាយតម្លៃល្អិតល្អន់ណាស់ ទើបគេអញ្ជើញ។

កម្ពុជា ជាប្រទេសកំពុងមានសន្ទុះផ្នែកសេដ្ឋកិច្ចល្អមួយក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី។ សម្តេចមហាបវរធិបតី ជាមេដឹកនាំថ្មីថ្មោងនៅអាស៊ី ដូច្នេះគេចង់ដឹងពីទស្សនៈ និងចក្ខុវិស័យរបស់សម្តេចលើកិច្ចការដឹកនាំកម្ពុជា ក៏ដូចជាទស្សនៈ និងចក្ខុវិស័យ ជាវិភាគទានសម្រាប់អាស៊ីផងដែរ។

សម្តេចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រី ក៏ធ្លាប់បានអញ្ជើញជាវាគ្មិនក្នុងវេទិកានេះផងដែរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print