ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា រៀននៅក្រោមដើមឈើប្រហែលជាសិស្សមានសមត្ថភាពល្អជាងរៀននៅសាលាដែលមានអគារថ្មខ្ពស់ ប្រសិនបើសាលាមានអគារថ្ម គ្រូខ្វះសមត្ថភាពហើយរៀនក្រោមដើមឈើគ្រូមានសបត្ថភាព។ សម្ដេចគាំទ្រ និងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំចំពោះការពង្រឹងសមត្ថភាព គុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា បើគ្រូមិនច្បាស់លាស់ គ្មានសមត្ថភាព នោះសិស្សនឹងជួបបញ្ហាធ្ងន់ធ្ងរទៅថ្ងៃអនាគត។
-សម្ដេចធិបតី ថ្លែងថា សម្ដេចបានណែនាំឱ្យរៀបចំរួចហើយដើម្បីឱ្យធ្វើការជ្រើសរើសគ្រូដែលមានសមត្ថភាព ឬគុណវុឌ្ឍិលើជំនាញច្បាស់លាស់អាចមានលទ្ធភាពទៅបង្រៀនដល់សិស្សលើជំនាញណាមួយច្បាស់លាស់ ក្នុងនាមជាមន្រ្ដីកុងត្រាតែមិនមែនជាមន្រ្ដីគ្រូក្របខណ្ឌរដ្ឋទេ។
-សម្ដេចធិបតី ថ្លែងថា ដើម្បីឱ្យគុណភាពអប់រំខ្លាំង ទាល់តែយើងមានលទ្ធភាពទាក់ទាញគ្រូមកបង្រៀននៅសាលារៀនរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានគិតគូរតាំងពីដើមអាណត្តិ ក្នុងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីក្របខណ្ឌ ដើម្បីកុំឲ្យក្របខណ្ឌប៉ោង ដោយស្របតាមនិយាម ស្តង់ដារច្បាស់លាស់ និងលក្ខខណ្ឌស្ថានភាពជាក់ស្ដែង។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនរហូតដល់អាណត្តិទី៧នេះ គឺបានផ្ដល់អាទិភាពសំខាន់លើការធ្វើកំណែទម្រង់វិស័យអបរំជាពិសេសការធ្វើកំណែទម្រង់ និងពង្រឹងគុណវុឌ្ឍិគ្រូបង្រៀននេះឯង។ ជាលទ្ធផលជាក់ស្ដែអការសម្ពោធសមិទ្ធភលនានាក្នុងវិស័យអប់រំ និងសម្ពោធសមិទ្ធផលថ្ងៃនេះ ក៏ជានិម្មិតរូបមួយក្នុងការពង្រឹងវិស័យអប់រំផងដែរ។
-សម្ដេចធិបតី ថ្លែងបង្ហាញការគាំទ្រ និងសប្បាយចិត្តចំពោះការជំរុញការអានរបស់ក្រសួងអបររំ ខណៈសម្ដេចបានសង្កេតឃើញថាកំណើនការអានសៀវភៅរបស់កុមារសិស្សានុសិស្សមានការកើនឡើងច្រើន។
-សម្ដេចធិបតី ថ្លែងបង្ហាញការកោតសរសើរ ដែលសាលារៀនរៀបចំឱ្យមានការប្រកួត ប្រជែងតស៊ូមតិរបស់សិស្ស នៅតាមសាលារៀនដែលធ្វើឱ្យសិស្សមានសមត្ថភាពក្នុងការស្រាវជ្រាវ និងការអានមានការកើនឡើង។
-សម្ដេចធិបតី ថ្លែងអរគុណដល់ក្រសួងអប់រំ ដែលបានរៀបចំដាក់និក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេចនៅវិទ្យាស្ថានជាតិអប់រំ សម្រាប់ការសិក្សាស្រាវជ្រាវរបស់និស្សិត និងសាធារណៈជន។ សម្ដេចជំរុញឱ្យយកនិក្ខេបបទថ្នាក់អនុបណ្ឌិតរបស់សម្ដេចបន្ថែមទៀត សម្រាប់ដាក់នៅបណ្ណាល័យនេះ។
-សម្ដេចធិបតី ថ្លែងប្រាប់ឱ្យនិស្សិតខ្មែរ ដែលសរសេរនិក្ខេបបទដោយជោគជ័យ យកនិក្ខេបបទខ្លួនមកដាក់បណ្ណាល័យ ដើម្បីឱ្យអ្នកជំនាន់ក្រោយ ស្រាវជ្រាវ អានបន្តទៀត។
-សម្ដេចធិបតី ថ្លែងណែនាំដល់សិស្សកុំពឹងផ្អែកទៅលើឧបករណ៍ ឬ AI ខ្លាំងពេកលើការសិក្សារៀនសូត្រ និងស្រាវជ្រាវ ដែលនាំឱ្យសិស្សបាត់បង់មូលដ្ឋានគ្រឹះក្នុងការសិក្សារៀនសូត្រ ខ្វះខាតការអាន និងសរសេរ ឈានទៅខ្សោយសមត្ថភាពនាពេលខាងមុខ។ ប៉ុន្ដែត្រូវបែរមកខិតខំសិក្សាស្រាវជ្រាវ អាន និងសរសេរ សង្ខេបដោយខ្លួនឯង ទើបអាចឱ្យយើងមានចំណេះពិតប្រាកដ។
-សម្ដេចធិបតី ចង់បញ្ជាក់ថា ការពឹងផ្អែកលើ AI ពេក អាចនឹងធ្វើឱ្យមនុស្សលែងចេះអាន លែងចេះសរសេរ សង្ខេប ដែលជាបញ្ហាទៅថ្ងៃអនាគត។
-សម្ដេចធិបតី ថ្លែងថា ចង់ឃើញស្នាដៃស្រាវជ្រាវរបស់និស្សិត និងបញ្ញវន្តខ្មែរមានកាន់តែច្រើននៅតាមបណ្ដាល័យ និងតាមសាកលវិទ្យាល័យនីមួយៗ ដែលជារបកគំហើញរបស់កូនខ្មែរ។
-សម្ដេចធិបតី ថ្លែងលើកទឹកចិត្តដល់និស្សិតខ្មែរ ដែលបានស្រាវជ្រាវឯកសារ ផ្សេងៗរួចហើយ ពីជំនាន់មួយទៅជំនាន់មួយ យកតម្កល់ទុក នៅក្នុងបណ្ណាល័យ និងតាមសាកលវិទ្យាល័យផ្សេងៗ ដើម្បីទុកជាកេរដំណែលសម្រាប់និស្សិត និងអ្នកស្រាវជ្រាវជំនាន់ក្រោយបន្តបន្ទាប់ទៀត។
នាឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញអនុសាសន៍ដ៏ខ្ពង់ខ្ពស់នៅក្នុងសម័យប្រជុំដំបូងគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា អនុសាសន៍របស់សម្ដេចធិបតីដោយដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះ ៤ គឺ៖ ១. ការពង្រឹងអភិបាលកិច្ចសាលារៀន ២. ការពិនិត្យ កែសម្រួល និងរៀបចំឡើងវិញនូវកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោង សិក្សាដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក្នុងការពង្រឹង និងពង្រីកចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ៣. ការបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្ស តាមរយៈការអនុវត្តកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ៤.
ការជំរុញ និងលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការចូល រួមការងារអប់រំសិស្សក្រោមពាក្យស្លោក ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា ជាទិសដៅនាពេលអនាគត ក្រសួងនឹង៖ ១. ប្រែក្លាយមជ្ឈមណ្ឌលគរុកោសល្យភូមិភាគចំនួន៤ឱ្យទៅជាវិទ្យាស្ថានគរុកោសល្យ ដោយច្របាច់បញ្ចូលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគរុកោសល្យ និង វិក្រឹតការខេត្ត រួមមាន៖ កណ្តាល កំពង់ចាម ព្រៃវែង និងតាកែវ តាមគំរូបាត់ដំបង និង រាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិការដ្ឋ និងដៃគូអភិវឌ្ឍ ២. ពិនិត្យឡើងវិញតួនាទីសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ៣.អនុវត្តការបណ្តុះបណ្តាលមិនផ្តល់ក្របខណ្ឌ៖ សម្រាប់ជំនួសគ្រូជាប់កិច្ចសន្យា ឈានឆ្ពោះទៅអនុវត្តអាជ្ញាប័ណ្ណគ្រូបង្រៀន (គ្រូបង្រៀនកិច្ចសន្យាពិសេស) សម្រាប់សាលារៀននៅជនបទ និងជួបការលំបាកដោយប្រើប្រាស់គុណវុឌ្ឍដូចគ្នា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា ជាទិសដៅបន្តក្រសួងនឹងបន្តផ្តល់ឋានៈសាស្ត្រាចារ្យដល់គ្រូឧទ្ទេស, បណ្តុះបណ្តាលជំនាញប្រឹក្សាគរុកោសល្យ សម្រាប់ការចុះគាំទ្រគ្រូបង្រៀន, លើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន៖ តាមរយៈការអនុវត្តកម្មវិធីលើកកម្ពស់គុណវុឌ្ឍ បង្រៀន និងនាយកសាលាចំនួន ១៣០០០នាក់ ចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧, អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមទៀតថា ជាទិសដៅនាពេលអនាគត ក្រសួងអប់រំ បន្ត ៨ផ្តល់ការអប់រំឌីជីថល ដោយដាក់បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះ បណ្តាលគ្រូ និងការបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រចាំ, ការបង្កើត APPs អំណាន ថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង, និងសាលាឌីជីថល, ផ្តល់មគ្គទេសក៍ និងការប្រឹក្សាអាជីព ដោយរៀបចំមុខងារគ្រូផ្នែកមគ្គទេសក៍ និងការ ប្រឹក្សាអាជីព ដើម្បីជួយសិស្សក្នុងការអភិវឌ្ឍបុគ្គលិកលក្ខណៈ ការរៀនសូត្រ និងការ អភិវឌ្ឍអាជីព, បន្តបណ្តុះបណ្តាលគ្រូអប់រំពិសេសលើជំនាញ គ ថ្លង់ ពិការភ្នែក និងខ្សោយសតិ បញ្ញា, អភិវឌ្ឍមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង ដើម្បីផ្តល់ការបណ្តុះ បណ្តាលគ្រូអប់រំពហុភាសាសម្រាប់ជនជាតិដើមភាគតិច (ព្នង កាវ៉ែត គ្រឹង ទំពួន ក្រៅ និងចារ៉ាយ)។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា វិទ្យាស្ថានជាតិអប់រំ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលមានអាយុកាល ១១១ ឆ្នាំ និងបានដើរតួនាទីជាប្រវត្តិសាស្ត្រក្នុងការបណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា។ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំ គឺជាអង្គភាពមួយក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀន កម្រិតមធ្យមសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀនអ្នកដឹកនាំសាលារៀន អធិការអប់រំ និងមន្ត្រីអប់រំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា នៅក្នុងអាណត្តិទី៦នៃរាជរដ្ឋាភិបាលកម្ពុជា (២០១៨-២០២៣) ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់អាទិភាពលើកំណែទម្រង់គ្រូបង្រៀន និងកំណែទម្រង់គ្រឹះស្ថានបណ្តុះ បណ្តាលគ្រូបង្រៀន។ ក្រសួងបានបង្កើតគណៈកម្មាធិការកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ ដើម្បី ធ្វើកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្នែករឹង) និងកម្មវិធីសិក្សា។ មកទល់បច្ចុប្បន្ន វិទ្យាស្ថានជាតិអប់រំបានប្រែប្រួលមុខមាត់យ៉ាងខ្លាំង។ នាពេលអនាគត វិទ្យាស្ថានក៏មានសក្តានុពលក្នុងការក្លាយខ្លួនទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា វិទ្យាស្ថានជាតិអប់រំមានចក្ខុវិស័យជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការអប់រំគ្រូបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈ និងការស្រាវជ្រាវ។ កំណែទម្រង់ផ្តោតលើរចនាសម្ព័ន្ធផ្នែករឹង និងផ្នែកទន់។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា វិទ្យាស្ថានជាតិអប់រំ មានបណ្ណាល័យបានប្រមូលផ្តុំឯកសារ ស្តីពីការអប់រំរបស់កម្ពុជា ចាប់តាំងពីមុនសម័យអណានិគមបារាំង រហូតដល់ពេល បច្ចុប្បន្ន និងរួមទាំងបណ្ណាល័យទូរនិម្មិត ដែលសិស្ស និស្សិត គ្រូបង្រៀន និងអ្នកស្រាវជ្រាវអាចចូលមើល និងស្រាវជ្រាវបានដោយសេរី។ បណ្ណាល័យមានបំពាក់សៀវភៅពាក់ព័ន្ធនឹងការអប់រំជាង ២ម៉ឺនក្បាល សាលអានដែលមានច្រើនទម្រង់ បន្ទប់ស្វ័យសិក្សា និងធ្វើការជាក្រុម បន្ទប់សូឌីយ៉ូសម្រាប់ស្តាប់ និងមើលវីដេអូ បន្ទប់ កុំព្យូទ័រសម្រាប់ស្រាវជ្រាវឯកសារ បន្ទប់ប្រជុំ ការិយាល័យធ្វើការរបស់បណ្ណារក្ស បន្ទប់រក្សាឯកសារក្រោមដី បន្ទប់ថែទាំទារកសម្រាប់ស្ត្រីមានកូនតូច។ បណ្ណាល័យនេះនឹងក្លាយទៅជាបណ្ណាល័យឯកទេសអប់រំ សតវត្សទី២១ ដំបូងបង្អស់នៅកម្ពុជា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបានផ្ដល់និក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេចសម្រាប់តម្កល់ទុកនៅបណ្ណល័យនៃវិទ្យាស្ថានជាតិអប់រំ សម្រាប់សិស្សានុសិស្ស និស្សិត លោកគ្រូអ្នកគ្រូ ធ្វើការសិក្សាស្រាវជ្រាវផងដែរ៕
ដោយ៖ស តារា