ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនបាក់កម្លាំងជាច្រើននាក់ហើយនៅពេលសាច់ញាតិបានជួបគ្នាក៏សឹងតែមើលគ្នាមិនស្គាល់ដោយសារតែរូបរាងស្គមស្គាំង។ នី រស់នៅឆ្ងាយពីផ្ទះ ព្រោះគាត់ត្រូវមកធ្វើស្រែចល័តតាមតំបន់នៅឯខេត្តព្រៃវែង។ ក្រៅពីធ្វើស្រែនេះ នីត្រូវអង្គការចាត់តាំងឲ្យជួយការងារនៅក្នុងផ្ទះបាយដែរ ព្រោះអង្គការទើបតែយកចុងភៅម្នាក់ទៅសម្លាប់។ ក្រោយពីបានធ្វើជាអ្នកដាំស្លរមួយរយៈ ពេលប្រធានកងចល័តបានសម្គាល់ឃើញថា នីជាមនុស្សបរិសុទ្ធស្មោះត្រង់នឹងអង្គការក៏បានបញ្ជូននីទៅកាន់ភូមិទួលចារ។ ពេលទៅដល់ភូមិទួលចានេះ នី បានធ្វើជាអ្នកដាំស្លដដែល។ ទោះបីជាភូមិទួលចារនៅក្បែរផ្ទះក៏ដោយក៏ នី មិនអាចមកជួបនឹងក្រុមគ្រួសារបានឡើយ។
ចំណែក នឿន ដែលឈានចូលដល់អាយុ ១៤ ឆ្នាំ និងកុមារផ្សេងទៀត ត្រូវអង្គការចាត់ឲ្យជីកព្រែកនៅតំបន់មួយឆ្ងាយពីម្ដាយ។ នឿន ត្រូវដើរ និងដេកផ្លូវពីរយប់ទើបបានទៅដល់កន្លែងជីកព្រែក។ លុះទៅដល់ទីនោះភ្លាមគ្មាននរណាម្នាក់បានសម្រាកឲ្យស្រួលខ្លួននោះទេ។ ពួកគេត្រូវចាប់ផ្ដើមធ្វើការភ្លាមៗតាំងពីម៉ោង ៤ ជិតភ្លឺ ដល់ថ្ងៃត្រង់ទើបបានសម្រាកហូបបាយម្ដង និងបន្តរហូតដល់ល្ងាចទើបបានសម្រាកហូបបាយម្ដងទៀត ហើយបន្តជីកផង រែកផង រហូតដល់ម៉ោង ៩ ឬ ១០ យប់ ទើបបានមកដេកសម្រាកនៅតាមជំរំជាមួយក្រុមរបស់ពួកគេ។ ពួកគេគ្រប់គ្នាត្រេកអរជាខ្លាំងព្រោះបានមកជួបជាមួយពុកម៉ែនៅឯផ្ទះវិញ។
ថ្ងៃមួយ យាយ នូ រំភើបចិត្តជាខ្លាំង ព្រោះកូនប្រុសច្បងរបស់គាត់បានលួចមកជួបគាត់។ ពេលនោះពូ យូ មានដំណឹងមកប្រាប់យាយនូ ថា មានក្រុមអ្នកតស៊ូនៅក្នុងព្រៃជាយដែនកំពុងតែត្រៀមកម្លាំងសហការជាមួយនឹងក្រុមកងទ័ពវៀតណាម ដើម្បីវាយរំដោះប្រជាជនឲ្យរួចផុតពីគុកឥតជញ្ជាំងនេះ។ មិនយូរប៉ុន្មានអង្គការបានប្រជុំនិយាយដាស់តឿនប្រជាជនថា បើមាននរណាម្នាក់ហ៊ានរត់ចូលតស៊ូប្រឆាំងនោះនឹងត្រូវសម្លាប់ ព្រោះវាជាអំពើក្បត់នឹងអង្គការ។ ការកាប់សម្លាប់ចេះតែកើតមានក្នុងភូមិដោយសារការមិនទុកចិត្តគ្នា។ តាធឹម និងតាវុធ ដែលជាមេភូមិ ត្រូវបានពួកមេតំបន់យកទៅសម្លាប់ ព្រោះត្រូវគេរាយការណ៍ទៅថ្នាក់លើថា តាធឹម និងតាវុធ ជួយសម្រាលការងារឲ្យប្រជាជន។ បន្ទាប់ពីមេភូមិទាំងពីរត្រូវបានអង្គការសម្លាប់មក តាជឹមប្រធានរោងបាយក៏ត្រូវបានអង្គការយកទៅសម្លាប់ដែរ ព្រោះគាត់បានយកបាយទៅឲ្យម្ដាយរបស់គាត់ដែលកំពុងតែដេកឈឺ។
ចំណែកក្រុមអ្នកតស៊ូបានធ្វើការវាយប្រហារនៅតាមតំបន់ខ្លះៗ។ស្នូរកាំភ្លើងចាប់ផ្ដើមលាន់ឮគ្រប់ទីកន្លែង។ ប្រជាជនដូចជាត្រេកអរចំពោះការវាយប្រហារនេះណាស់ព្រោះមានអ្នកតស៊ូចូលមកជួយប្រជាជនហើយ។ ជាអកុសលយាយ នូ និង នឿន ត្រូវប្រធានភូមិថ្មីដែលទើបតែចូលមកធ្វើការជំនួសតាធឹម និង តាវុធ នោះបានបញ្ជាឲ្យគាត់ និងអ្នកភូមិមួយចំនួនទៀតផ្លាស់ទៅរស់នៅ និងធ្វើការនៅភូមិភាគពាយ័ព្យដែលគេហៅថាដីខ្លាញ់។ អង្គការជម្លៀសអ្នកទាំងអស់នោះដើម្បីធ្វើជាអ្នកនាំផ្លូវទៅវាយប្រយុទ្ធជាមួយនឹងកងទ័ពវៀតណាម។ ខ្មែរក្រហមគិតថាប្រសិនបើមានប្រជាជនច្រើននៅជាមួយពួកគេ កងទ័ពវៀតណាមមិនហ៊ានវាយនោះទេ ព្រោះខ្លាចត្រូវប្រជាជនស្លាប់បន្ថែមទៀត។
លុះព្រឹកឡើងអ្នកភូមិដែលត្រូវជម្លៀសត្រូវក្រោកចាកចេញទៅពីព្រលឹមស្រាងៗ។ យាយ នូ និង នឿន មានគំនិតមួយថា បើពួកគាត់ដើរយឺតអាចពន្យារពេលឲ្យកងទ័ពវៀតណាមមកជួយពួកគាត់បាន។ គាត់មិនហ៊ានធ្វើដំណើរទៅលឿននោះទេ។ចំណែកប្រជាជនផ្សេងទៀតបានធ្វើដំណើរទៅមុខយ៉ាងសកម្មដោយសារពួកគេគិតថា កន្លែងថ្មីអាចនឹងប្រសើរជាងមុន។ ប្រជាជនជាច្រើនបានស្លាប់នៅពេលជម្លៀស ដោយសារគ្មានអាហារ និងធ្លាក់ខ្លួនឈឺគ្មានថ្នាំផឹកព្យាបាល។ យាយនូ និង នឿន បានដើរទៅដល់គោកព្រាលហើយមិនអាចធ្វើដំណើរទៅមុខបានទៀតទេ ព្រោះមានការវាយប្រហារនៅខាងមុខ។ ពួកខ្មែរក្រហមបានជម្លៀសប្រជាជនឲ្យត្រឡប់ក្រោយវិញ។
ប្រជាជនត្រេកអរណាស់ពេលបានត្រឡប់មកភូមិវិញ។ ប៉ុន្តែខ្មែរក្រហមកាន់តែរឹតបន្តឹងបន្ថែមខ្លាំងជាងមុនទៅទៀត។ មួយខែក្រោយមក ខ្មែរក្រហមបានជម្លៀសប្រជាជនម្ដងទៀត។ម្ដងនេះខ្មែរក្រហមជម្លៀសចេញទៅដោយមិនត្រឡប់មកវិញនោះទេ។ ផ្ទះប្រជាជននីមួយៗមានរទេះសេះ និងខាងមុខមានស្បៀងមួយចំនួនដែរ។ ប្រជាជនជាច្រើនធ្វើដំណើរបានដល់ពាក់កណ្ដាលផ្លូវ ហើយសំណាងល្អពួកគេបានជួបនឹងកងទ័ពវៀតណាមដែលកំពុងតែវាយចូលមក រួចរំដោះប្រជាជនទាំងអស់នោះពីខ្មែរក្រហមបាន។ ក្នុងនោះមានយាយ នូ និងកូនៗដែរ ដែលបានរួចជីវិតពីការជម្លៀសនោះ។ ក្រុមគ្រួសាររបស់យាយ នូ បានជួបជុំគ្នាវិញនៅស្រុកកំណើតរបស់គាត់។
នៅក្នុងភូមិមានការបែងចែករបស់របរ និងដីធ្លីដើម្បីធ្វើស្រែចម្ការចិញ្ចឹមជីវិតតាមក្រុមនិងក្រោយមកតាមគ្រួសារឡើងវិញ។តាំងពីពេលនោះមកក្រុមគ្រួសាររបស់យាយ នូ បានរស់នៅជួបជុំគ្នាយ៉ាងកក់ក្តៅ ទោះបីជានៅមានការខ្វះខាតរបស់របរ និងអាហារខ្លះក៏ដោយ។ (ចប់ដោយបរិបូរណ៍)
