ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំនិងអប់រំក្រោយជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈនិងថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម
ហ្វេសប៊ុក។
ការឃាត់ខ្លួនក្មេងទំនេីងខាងលេីនេះបានធ្វេីឡេីងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិស្នោកើត សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្មេងទំនើងខាងលេីដែលឃាត់ខ្លួនឈ្មោះ សុខ ពេជ្រ ហៅពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅភូមិស្នោកេីត សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក ១-ម៉ូតូ១គ្រឿងម៉ាកស៊ុយសូ៊គីនិច ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 1S-1794 ស៊េរីឆ្នាំ២០១៩ (ម៉ូតូជិះធ្វើសកម្មភាពបង្ហោះ)។
តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីអំឡុងខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣០នាទី មានគណនីហេ្វសប៊ុកមួយបានបង្ហោះវីដេអូលេីបណ្ដាញសង្គមហ្វេសប៊ុកពីការបង្ហោះម៉ូតូលេីផ្លូវសាធារណៈ លុះដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោធ្វេីការល្បាតជួបប្រទះក៏សួរនាំ។ បន្ទាប់ពីបានសួរនាំរួច សមត្ថកិច្ចបានធ្វេីកិច្ចសន្យាអប់រំ និងដកហូតម៉ូតូរក្សាទុកនៅប៉ុស្តិ៍រយៈពេល៣ខែទេីបប្រគល់ម៉ូតូឲ្យវិញ៕ដោយ៖សុខាសែនជ័យ