ភ្នំពេញ៖ អនុលោមតាមប្រកាសលេខ ៧៣៨ សហវ.ប្រក.អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់ម្ចាស់យានយន្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ ២០២៥ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។
យានយន្តទាំងអស់ដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងម ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ (កាត) និងពុំមានបណ្ណសម្គាល់ការបង់ពន្ធត្រូវបានអនុញ្ញាតឱ្យម្ចាស់យានយន្តបង់ ពន្ធនេះ ដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់ មកនូវឯកសារដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា៖ បណ្ណសម្គាល់យានយន្ត ឬបង្កាន់ដៃទទួល ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្ត្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារ។ ចំពោះយានយន្តថ្មីដែលត្រូវ ចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២ សន្លឹក តាមទម្រង់ VT 001 របស់ អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន៖ បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់ របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញនិងរថយន្តដឹកអ្នក ដំណើរ។ ចំពោះយានយន្តប្រើប្រាស់ថាមពលអគ្គិសនីប្រភេទទេសចរណ៍ចាប់ពីឆ្នាំ២០២៥តទៅត្រូវបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូនតាមកម្លាំងសេះ (HP) ដូចមានក្នុងតារាងអត្រាពន្ធ ត្រង់ចំណុចទី៦ នៃប្រការ៤ នៃប្រកាសលេខ ៧៣៨ សហវ.ប្រក. អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
ម្ចាស់យានយន្តអាចធ្វើការបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារ កាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអិលស៊ី ឬនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅធនាគារវឹង (ខេមបូឌា) ម.ក ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ឬនៅធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក និងធនាគារ ខេប៊ី ប្រាសាក់ ម.ក ឬនៅ តាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់ យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក៕ដោយ៖តារា
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងលម្អិតរបស់ អគ្គនាយកដ្ឋានពន្ធដារ៖